ស្រីមុំ​​បាន​ចូលបំភ្លឺ​​​នៅក្រសួង​មហា​ផ្ទៃ​​ក្នុង​សំណុំ​រឿង​​ខ្សែ​អាត់​​សំឡេង​

រាជធានី​ភ្នំពេញ ៖ កញ្ញា ខុ​ម ចាន់​ដា​រា​ទី ហៅ​ស្រី​មុំ អាយុ​២៥​ឆ្នាំ សង្ស័យ​ជា​ស្ត្រី​ដែល​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជា​មួយ​​លោក​កឹ​ម សុខា ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ក្រសួងមហាផ្ទៃ ហៅ​មក​សាកសួរ​នៅ​ថ្ងៃ​ទី​១១ មីនា ២០១៦ តាម​ការ​កោះ​របស់​​ក្រសួងមហាផ្ទៃ ជា​លក្ខណៈ​អសាធារណៈ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ដឹង​ទេ ។

កញ្ញា ខុ​ម ចាន់​ដា​រា​ទី ហៅ​ស្រី​មុំ ត្រូវ​បាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​កោះហៅ​ចំនួន​២​ដង​ហើយ ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​ប្ដឹង​ឱ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ជាមួយ​លោក​កឹ​ម សុខា បរិហារកេរ្តិ៍​លើ​រូប​នាង ។ បើ​ទោះបីជា​ចូល​ទៅ​បំភ្លឺ​នៅ​ក្រសួងមហាផ្ទៃ​ក្តី មិន​មានការ​បញ្ជាក់​ថា កញ្ញា​ស្រី​មុំ​បាន​និយាយ​អ្វីខ្លះ និង​ប៉ូ​លិ​បាន​សួរ​យ៉ាង​ទេ ព្រោះ​ប៉ូលិស​កំពុង​ស៊ើបអង្កេត ។

ចុងបញ្ចប់​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ មីនា នេះ កញ្ញា​ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ដែល​ជា​តួអង្គ​ក្នុង​រឿង​សំឡេង​សន្ទនា​ជាមួយ​លោក​កឹ​ម សុខា បាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ ។ កញ្ញា​ស្រី​មុំ បាន​ចូល​បំភ្លឺ​នេះ ជាមួយនឹង​លោកស្រី ទ្រី ឈួ​ន មេធាវី​របស់​សមាគម​អា​ដ​ហុ​ក និង​មានការ​តាម​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​លី​កាដូ និង​អង្គការ​អា​ដ​ហុ​ក រួម​ទាំង​ការ​សែត​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

ការ​ចូល​ទៅ​កាន់​ក្រសួងមហាផ្ទៃ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​បី​កាលពី​ថ្ងៃ​ទី​៩ មីនា នាង​បាន​ចេញ​មុខ​បដិសេធ​ថា នាង​មិន​មាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ​លោក​កឹ​ម សុខា ដូច​ការ​ចោទប្រកាន់​ឡើយ ហើយ​នាង​អះអាង​ថា សំឡេង​នៅ​ក្នុង​ខ្សែអាត់​នោះ មិនមែន​ជា​សំឡេង​របស់​នាង​នោះ​ទេ ។

នៅ​ថ្ងៃនេះ​ដែរ ក៏​មាន​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា បាន​យក​លិខិត​មួយ​ច្បាប់ យក​ទៅ​ឱ្យ​កញ្ញា​ខុ​ម ចាន់​ដា​រា​ទី ដល់​ក្រសួងមហាផ្ទៃ ដើម្បី​អញ្ជើញ​កញ្ញា​ខុ​ម ចាន់​ដា​រា​ទី ចូលរួម​សិក្ខាសាលា​របស់​ពួក​គេ នៅ​រសៀល​ថ្ងៃ​ទី​១១​មីនា ២០១៦ នេះ ។

និស្សិត​នោះ​មិន​បាន​បង្ហាញ​ថា ជា​និស្សិត​មកពីណា​ច្បាស់​ទេ កន្លង​មក​ក្រុម​យុវជន​មួយ​ក្រុម​នេះ តែងតែ​ទៅ​តាម​វេទិកាសាធារណៈ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជជីក​សួរ​ឱ្យ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង លោក​កឹ​ម សុខា បកស្រាយ​ពី​ខ្សែអាត់​សំឡេង​រឿងរ៉ាវ​ស្នេហា​នោះ តែ​មិន​បាន​សម្រេច ។