ប្រជាពលរដ្ឋ​ប្រកាន់ កម្លាំង​គយ​ចល័ត​ប្រកែក …!

ខេត្តកំពត​៖ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រកស៊ី​ដឹក​គ្រឿងទេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ខែមីនា ឆ្នាំ​២០១៦ បាន​លើកគ្នា​ប្រមាណ​ជាង​៦០​នាក់​បាន​នាំ​គ្នា​មក​កាន់​ទីស្នាក់ការ​ប្រចាំការ​របស់​កម្លាំង​គយ​ចល័ត​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​មា​នទី​តាំងនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ដើម្បី​ធ្វើការ​តវ៉ា​និង​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក ព្រមទាំង​ប្រធាន​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់​ក្នុង​ការ​ដឹក​ឥ​វ៉ា​ន់​គ្រឿងទេស​តាម​រ៉ឺ​ម៉ក និង​តាម​ម៉ូតូ​បន្តិចបន្តួច​សុំ​កុំ​ឲ្យ​កៀបសង្កត់​យក​ប្រាក់​ពី​ពួក​គាត់​ធ្ងន់ធ្ងរ​ពេក ដូច​ជា​ដឹក​មឹក​ក្រៀម​មួយ​ម៉ូតូឌុប​២០​គីឡូក្រាម ទារ​លុយ​២​ម៉ឺន​រៀល​ជាដើម​។

បន្ទាប់​ពី​មានការ​តវ៉ា​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​យាម​របស់​កម្លាំង​គយ​ចល័ត​សាខា​ខេត្ត គេ​ឃើញ​លោក អ៊ឹម ស៊ី​ណាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំពង់​និង​រដ្ឋ​ករ​ខេត្តកំពត​បាន​ចុះ​ទៅ​ដល់​កន្លែង ។ ប្រជាពលរដ្ឋ​ជា​អាជីវករ​ផ្ទុះ​ការ​តវ៉ា​និង​បាន​អញ្ជើញ​តំណាង​អាជីវករ​ចំនួន​៣​នាក់​មក​ធ្វើការ​ដោះស្រាយ ដោយ​លោក​បាន​មាន​ប្រសា​ស​ន៏​ប្រាប់​ដល់​តំណាង​អាជីវករ​ដែល​ចូល​មក​ដោះស្រាយ​សូមកុំ​ឲ្យ​មានការ​រកស៊ី​គេចពន្ធ ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវករ​ដែល​ប្រកប​របរ​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​សមត្ថកិច្ច​គយ​របស់​លោក​ក៏​មិន​បាន​គាបសង្កត់​អ្នក​រកស៊ី​នោះ​ដែរ បើសិនជា​អ្នក​រកស៊ី​ដឹក​ទំនិញ​ទាំងអស់​ចូល​មក​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់ ។

លោក​ប្រធាន​សាខា​គយ​ក៏​បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​អាជីវករ​ខាងលើ​ដោយ​លោក​បាន​ជម្រាប​ប្រាប់​ដល់​អាជីវក​រថា​លោក និង​យក​ការ​ស្នើរ​សុំ​ទាំងអស់​យក​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខាងលើ និង​សូម​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ។​សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ្នក​រកស៊ី​ដឹក​គ្រឿងទេស ជាមួយ​កម្លាំង​គយ​ចល័ត​នៅ​ចំណុច​ខាងលើ​មិន​បាន​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ៕​