ទិដ្ឋភាព​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ចាម ក្នុង​ថ្ងៃ​ទី​១

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​រម្លឹក​គុណ​ដល់​ព្រះ​គង្គា ដែល​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦​នេះ មាន​ស្តង់​តាំងពិព័រណ៍​ជិត​៦០០​ស្តង់​ត្រូវ​បាន​គេ​ដាក់​លក់​ផលិតផល​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ក្នុង​ឱកាស​បុណ្យ​ទន្លេ​ដែល​បាន​ប្រព្រឹត្ត ទៅ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១,១២ និង​១៣ ខែមីនា ឆ្នាំ​២០១៦ មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី​មក​ទស្សនា និង​កម្សាន្ដ រួម​ទាំង​មាន​ភ្ញៀវ​បរទេស​ចូលរួម​ផង​ដែរ។

រហូត​មក​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល​មាន រៀបចំ​ពិធី​ក្រុង​ពាលី  ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ក្រោម​អធិបតីភាព​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី លោក យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិ​វ​ឌ្ឈ​ន៏​វិស័យ​កសិកម្ម និង​ជនបទ​។ ឯកឧត្តម ថោ​ង  ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​ណ៏  ឯកឧត្តម លន់ លឹ​ម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​អមដំណើរ​ដោយ​សហការី​នានា ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ។

ក្រោយ​ពី​ក្រុង​ពាលី បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​ពិធីបុណ្យ ទន្លេ​ចប់ ប្រតិភូ​បាន​អញ្ជើញ​យក​កន្ទោង​ទៅ​បណ្តែត តាម​ខ្សែទឹក​ហូរ​នៃ​ទន្លេមេគង្គ ។ ហើយ​បាន​បួង សួង​ដល់​ទៅ​ព្រះ​ម៉ែ​គង្គា  សូម​ឲ្យ​ជួយ​តាម​ថែរក្សា​ដល់​កូនចៅ ពលរដ្ឋ​ខ្មែរ​ទាំងអស់ ឱ្យ​មាន​សេចក្តីសុខ សេចក្ដីចម្រើន ជា​រៀង​រហូត។  ក្នុង​ទិដ្ឋភាព​នោះ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច មាន​នគរបាល និង​កង​រាជ អាវុធហត្ថ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីតាំង​សំខាន់​ៗ​ជា​ច្រើន​កន្លែង   ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ។ សម្រាប់​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​បុណ្យ​ទន្លេ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១១ មីនា នេះ​គេ​ឃើញ​មាន កម្មវិធី​កីឡា​រត់ប្រណាំង ហែល​ទឹក  ជិះ​ក្តោង និង​មានការ​ជិះ​ឆ័​ត្រ​យោង​ហោះ​ពីលើ​អាកាស​មើល​ទេសភាព​ក្រុង​កំពង់ចាម ពេល​យប់​មានការ​សម្ដែង​សិល្បៈ​ទស្សនា​ដោយ​សេរី។ 

មនុស្ស​ម្នា​រាប់​ម៉ឺន​នាក់​ឡើង​ណែនណាន់តាន់តាប់ មក​ពី​គ្រប់​ទិស​ទី​បាន​មក​លេង​កម្សាន្ត ចំណែក​រថយន្ត​វិញ​ត្រូវ​បាន​ចត​យ៉ាង​កកកុញ ចាប់ពី​ចំណុច​ច​ផ្សារ​រាត្រី​រហូត​ដល់​ផ្លូវបំបែក​ក្រោយ​សាលា ទក្សិណ​ផង​ដែរ៕