អ្នក​ជំនាញ៖នៅ​កម្ពុជា​មនុស្ស​ជាង​១​ម៉ឺន​នាក់​កំពុង​ផ្ទុក​មេរោគ​អេដស៍​ទាំង​មិន​ដឹង​ខ្លួន

គិត​ត្រឹម​ថ្ងៃ​ទី​២៣​កុម្ភៈ អ្នក​ផ្ទុក​មេរោគ​អេដស៍ នៅ​ឃុំ​សំបួរ​មាស  ស្រុក​មុខ​កំពូល  ខេត្ត​កណ្តាល​កើន​ដល់​១៨​នាក់​ហើយ បន្ទាប់ពី​ប្រជា​ពលរដ្ឋ​២៧៩នាក់​ធ្វើ​តេស្ត​ឈាម​កាល​ពី​ថ្ងៃចន្ទ​ដើម​ សប្ដាហ៍​កន្លង​ទៅ។មន្ត្រីនៃ​ក្រសួង​សុខា​ភិបាល ឲ្យ​ដឹង​ថា ពលរដ្ឋ​ទាំង​នោះ​មានផ្ទុក​មេរោគ​អេដស៍​យូរ​ហើយ​ពោល​គឺមិន​ មែន​ជា​ករណី​ទើប​តែ​ផ្ទុះ​ឡើង​ឬ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ មិន​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​អ្នក​ផ្ទុក​មេរោគ​អេដស៍​១៨​នាក់​នេះ ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​១​ម៉ឺន​នាក់​ដែល​កំពុង​ផ្ទុក​មេរោគ​អេដស៍​ទាំងមិន​ដឹង​ខ្លួន​រួច​ទៅហើយ​នៅទូទាំងប្រទេស។

លោក​វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ សើស្បែក និង​ កាមរោគ បាន​ប៉ាន់​ស្មាន​ថា ​មាន​មនុស្ស​៧៤០០០​នាក់​កំពុង​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា។ ក្នុង​នោះ​៥៧០០០​នាក់​ទទួល​បាន​ការ​ព្យាបាល។ដោយ​ឡែក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ជាង​១០០០០​នាក់​ទៀត​មិន​ទាន់​មក​ទទួល​ការ​ព្យាបាល​ហើយ​ក៏​មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ផ្ទុក​មេរោគ​អេដស៍​ដែរ។  លោក​បាន​គូស​បញ្ជាក់​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍មាន​គ្រប់​ទី​កន្លែង​ក្នុង​ចំណោម​មនុស្ស​ជាង​១ម៉ឺន​នាក់​នេះ​។ មិន​មែន​មាន​តែ នៅ​ឃុំ​សំបួរមាស  ស្រុក​មុខ​កំពូល នោះទេ។

ប្រឈម​នឹង​បញ្ហា​នេះ​ក្រសួង​សុខាភិបាល​ក៏​កំពុង​តែ​ស្វែង​រក​អ្នក​ទាំង​នោះ​មក​ទទួល​ថ្នាំព្យាបាល​តាម​រយៈ​ការ​អំពាវ​ឲ្យ​ពលរដ្ឋ​មក​ធ្វើ​តេស្ត​ឈាម​នៅ​តាម​មណ្ឌល​សុភាព​ដែលពួក​គេ​កំពុង​រស់​នៅ ដែល​មាន​មណ្ឌល​សុខភាព​ចំនួន​១០៤០​កន្លែង​នៅ​ទូទាំង​ប្រទេស។ ជា​ពិសេស​ជំរុញ​ទៅ​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​ជា​គោល​ដៅ​ប្រឈម​មុខ​ខ្លាំង​មក​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​រៀង​រាល់​៦​ខែ​ម្ដង។ ចំណែក​ឯ​ពលរដ្ឋ​ទូទៅ​ដែល​សង្ស័យ​ថាខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍​ក៏​គួរ​តែ​ប្រញាប់​មក​ធ្វើ​តេស្ត​ឈាម​ដូច​គ្នា​ដែរ ។

ករណី​ផ្ទុះ​មេរោគ​អេដស៍នៅ​ឃុំ​សំបួ​រមាស  ស្រុក​មុខ​កំពូល  លោក លី ពេញស៊ុន ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មក​ធ្វើ​តេស្ត​ឈាម​ឲ្យ​បាន​គ្រប់​គ្នា​នៅ​មណ្ឌល​សុខភាព​ខេត្ត​ដើម្បី​ទ​​ទួល​បាន​ថ្នាំ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។  សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ក្រុម​គ្រូ​ពេទ្យ​របស់​ក្រសួង​សុខា​ភិបាលបាន​ចុះ​ទៅ​ដោយ​ផ្ទាល់​និង​បាន​ធ្វើ​តេស្ត​ឈាម​ប្រជាពលរដ្ឋ​បាន​ចំនួន​២៧៩​នាក់។ក្នុង​នោះ​បួន​នាក់​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍។

តែ​យ៉ាង​ណា​ក៏​ដោយ លោក លី ពេញស៊ុន បន្ត​អះ​អាង​ថា ករណី​នេះ​មិន​ធ្ងន់​ធ្ងរ​ដូចករណី​ផ្ទុះ​ជំងឺ​នៅ​ភូមិ​រកា ខេត្ត​បាត់​ដំបង​នោះ​ទេ។ នៅ​បាត់​ដំបង​ដើម​ហេតុ​នាំ​ឲ្យ​ពលរដ្ឋជាង​១០០​នាក់​ផ្ទុក​មេរោគ​អេដស៍​ដោយ​សារ​តែ​ប្រើ​ម្ចុល​ធ្វើ​តេស្ត​ឈាម​រួម​គ្នា​ពី​សំណាក់ពេទ្យ​ភូមិ លោក យ៉ែម ជ្រិន។ តាំង​ពី​ករណី​នោះ​ផ្ទុះ​ឡើង​ចាប់​ពី​ចុង​ឆ្នាំ​២០១៤​រហូត​មកដល់​ពេល​នេះ​មនុស្ស​១១​នាក់​ហើយ​បាន​ស្លាប់៕

អ្នក​ជំនាញ៖នៅ​កម្ពុជា​មនុស្ស​ជាង​១​ម៉ឺន​នាក់​កំពុង​ផ្ទុក​មេរោគ​អេដស៍​ទាំង​មិន​ដឹង​ខ្លួនរូបតំណាង

ប្រភពៈ​ RFI