ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​នាំ​​កុមារ​ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរក្បាល​ JE

ភ្នំពេញៈ មន្រ្តី​សុខាភិបាល​អំពាវនាវ​​ឲ្យ​ឪពុក​ម្តាយ​​នាំ​កូន​​ដែល​​មាន​អាយុ​ពី ៩ ​ខែ​ទៅ​ ១៥ ​ឆ្នាំ​ទៅ​ទទួល​​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី (Japanese Encephalitis) ខណៈ​ដែល​ក្រសួង​កំពុង​​ដំណើរ​យុទ្ធនាការ​ផ្តល់​ថ្នាំ​បង្ការ​ទូទាំង​ប្រទេស​​ពី​ថ្ងៃ​ទី​ ១ ​មីនា​ដល់​ថ្ងៃ​ទី​ ៣១ មីនា​។

ប្រធាន​កម្មវិធី​ជាតិ​​ផ្តល់​ថ្នាំ​បង្ការ​នៃ​មជ្ឈមណ្ឌល​​ជាតិ​គាំពារ​មាតា​ និង​ទារក​លោក​ ឱក វិជិត បាន​​​ថ្លែង​ថា​យុទ្ធនាការ​ផ្តល់​ថ្នាំ​​បង្ការ​​នេះ​ធ្វើ​ឡើង​​នៅ​មណ្ឌល​​សុខភាព​ភូមិ-ឃុំ សាលារៀន​ជាដើម​ដើម្បី​ការពារ​​កុមារ​ពី​ជំងឺ​រលាក​ខួរក្បាល JE ​​នេះ​។​

ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​នាំ​​កុមារ​ទៅ​ទទួល​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរក្បាល​ JE

លោក​ថា​៖ «វ៉ាក់សាំង​នេះ​ទើប​​នឹង​បាន​​ពី​​ប្រទេស​ម្ចាស់​​ជំនួយ​ និង​​ថវិកា​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​យុទ្ធនាការ​​នេះ​ឡើង​។ ជំងឺ​នេះ​ប្រសិន​កើតឡើង​​ពិបាក​​នឹង​ជា​ណាស់​អាច​ផ្តល់​ផលពិបាក​ដល់​កុមារ​ទៅ​ជា​ពិការ​ ឬ​ស្លាប់​បាន​ដូចនេះ​​​សូម​មាតាបិតា​អាណា​ព្យាបាល​រួសរាន់​នាំ​កូន​មក​ទទួល​ថ្នាំ​បង្ការ​”។

គោលដៅ​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ពន្លឿន​ការ​កាត់​បន្ថយ​អត្រា​ឈឺ​ និង​ស្លាប់​ដោយ​ជំងឺ​​រលាក​​​ខួរក្បាល​​ JE ឲ្យ​បាន​​ឆាប់​​រហ័ស​ដល់​​ក្រុម​កុមារ​​ដែល​ងាយ​រងគ្រោះ​បំផុត​ខណៈ​ដែល​វា​ជា​វ៉ាក់សាំង​តែ​មួយ​គត់​​ដែល​ទទួល​ស្គាល់​គុណភាព​ដោយ​អង្គការ​សុខភាព​ពិភពលោក។

ដំណាក់កាល​​ផ្តល់​ថ្នាំ​បង្ការ​លើក​ទី​ ១ ចាប់ពី​ថ្ងៃ​ទី​ ១ ​ដល់​ថ្ងៃ​​ទី​​ ១៥ ​​មីនា​នៅ​​ខេត្ត​បន្ទាយមានជ័យ ​សៀមរាប ឧត្តរមានជ័យ កំពង់ធំ​ ក្រចេះ ​រតនគិរី​ ស្ទឹងត្រែង​ មណ្ឌលគិរី​ ព្រះវិហារ​ ប៉ៃលិន ពោធិ៍សាត់ ភ្នំពេញ កំពង់ចាម ព្រៃវែង កណ្តាល និង​បាត់ដំបង។

ដំណាក់កាល​ទី​ ២​ ចាប់ពី​ថ្ងៃ​ទី​ ១៦ ដល់​ថ្ងៃ​ទី​​ ៣១ ​​មីនា​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កែប តាកែវ​ កំពត ព្រះសីហនុ ស្វាយរៀង កោះកុង កំពង់ចាម​ ព្រៃវែង​ និង​​កណ្តាល។

លោកស្រី សេរីរ័ត្ន ដែល​នាំ​កូន​​ទៅ​​​ទទួល​ថ្នាំ​បង្ការ​បាន​ថ្លែង​ថា៖ ​«ដើម្បី​ការពារ​កូន​ពី​ជំងឺ​រលាក​ខួរក្បាល​ ជេអ៊ី ខ្ញុំ​ប្រញាប់​នាំ​កូន​មក​ទទួល​ភ្លាម»។

បើ​តាម​ឯកសារ​ផ្សព្វផ្សាយ​របស់​កម្មវិធី​ជាតិ​​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ខួរក្បាល​ ជេអ៊ី គឺជា​មូលហេតុ​​ឈាន​មុខ​​គេ​ក្នុង​ចំណោម​​ជំងឺ​​រលាក​ខួរក្បាល​ស្រួចស្រាល់​នៅក្នុង​ប្រទេស និង​ក្នុង​តំបន់​អាស៊ី​។

មេរោគ JE ត្រូវ​​បាន​ឆ្លង​​ទៅ​មនុស្ស​​តាមរយៈ​​ការ​ខាំ​របស់​មូស​ Culex ​ដែល​​ឆ្លង​ជំងឺ។​ មូស​ Culex បាន​បង្កើត​កូនចៅ​នៅក្នុង​​ថ្លុក ​និង​វាលស្រែ​ហើយ​ខាំ​​សត្វ​ជ្រូក​ និង​​សត្វ​ស្លាប​បន្ទាប់មក​ចម្លង​ទៅ​​មនុស្ស​ដោយ​ការ​ខាំ​​ក្នុង​អំឡុង​ពេល​​យប់។

ក្រុម​ងាយ​រងគ្រោះ​​គឺជា​ប្រជាជន​នៅ​តាម​ជនបទ​​។ ​រយៈពេល​នៃ​​ការ​ឆ្លង​​ជាធម្មតា​ចាប់ផ្តើម​នៅ​ខែ​មេសា ឬ​ខែ​ឧសភា​រហូត​ដល់​ខែ​កញ្ញា ឬ​ខែ​តុលា​ហើយ​មាន​ការ​​​កើនឡើង​​នៅ​​រដូវ​ភ្លៀង៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍