កម្ពុជា​សម្រេច​ហាមឃាត់​ការជក់​បារី​នៅ​កន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ

រដ្ឋបាល​លោក​ហ៊ុន សែន​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​​ បាន​សម្រេច​ដាក់​កំហិត​ ​​មិន​ឲ្យ​មាន​ការ​ជក់​បារី​ ​និង​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជក់​ ​នៅ​កន្លែង​ធ្វើ​ការ​ ឬ​ តាម​កន្លែង​សាធារណៈ​ ​ហើយ​ជន​លើ្មស​នឹង​អាច​ពិន័យ​ពី​២ម៉ឺនទៅ​៥ម៉ឺនរៀល។

ភ្នំពេញ — រដ្ឋបាល​លោក​ហ៊ុន សែន​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ដាក់​កំហិត​ មិន​ឲ្យ​មាន​ការ​ជក់​បារី​ ​និង​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំជក់​ ​នៅ​កន្លែង​ធ្វើ​ការ​ ឬ​ តាម​កន្លែង​សាធារណៈ​ ​ហើយ​ជន​លើ្មស​នឹង​អាច​ពិន័យ​ពី​២ម៉ឺនទៅ​៥ម៉ឺនរៀល។ ​មន្ត្រី​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំកម្ពុជា​ ​សាទរ​ចំពោះ​ ការ​សម្រេច​ថ្មី​នេះ។​ ​

កម្ពុជា​សម្រេច​ហាមឃាត់​ការជក់​បារី​នៅ​កន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ

តាមសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​ ​នៃ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ឲ្យ​ដឹង​ថាលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នាថ្ងៃ​សុក្រ​នេះបាន​សម្រេច​អនុម័ត​ «​អនុក្រឹត្យ​ស្តីពី​វិធាន​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិត​ផល​ថ្នាំ​ជក់​នៅក​ន្លែង​ធ្វើ​ការ​ ឬ​កន្លែង​សាធារណៈ​»។​ ​អនុក្រឹត្យ​ដែល​មាន​៧​ជំពូក​ និង​១៧មាត្រា​នេះ​ ​គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ ស្តីពី​ការត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់​ដែល​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥​កន្លង​មក។​ ​សេចក្តី​ប្រកាស​ដដែល​ ​បាន​ដឹង​ទៀត​ថា​ ​អនុ​ក្រឹត្យ​ដែល​ដាក់​កំហិត​ការជក់​ឬ​បង្ហុយ​ផ្សែង​ផលិតផលថ្នាំ​ជក់​ ​ក៏​កំណត់​ការ​ផាក​ពិន័យ​ពី​២ម៉ឺន​ដល់​៥ម៉ឺរៀល​សំរាប់​អ្នក​ល្មើស​ផង​ដែរ។​

លោក​ផៃ ​ស៊ីផាន​ អ្នក​នាំពាក្យ​នឹង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ប្រាប់​VOA​ថា​៖​ «ច្បាប់​នេះ​គឺជា​សារ​មួយ​ដល់​សាធារណជន​ ដើម្បីឲ្យ​លោក​យល់​ ឲ្យ​លោក​ដឹង​បន្ថែម​ទៀត​ អំពី​ផល​ប៉ះពាល់​ ពី​ផ្សែង​បង្ហុយ​បារី​ ដែល​ធ្វើ​ឲ្យ​លោក​ចាប់អាម្មណ៍​ខ្លាំង​ ឲ្យ​លោក​បានចូល​រួម​ ​ទំាង​អ្នកមិន​ជក់បារី​ រហូតដល់​អ្នក​ជក់បារី​ ដែល​ធ្វើ​ឲ្យ​កំណើន​នៃការគោរព​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​បន្ថែម​ថា​ ​អ្នក​ជក់​បារី​ភាគ​ច្រើន​នៅ​កម្ពុជា​គឺ​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​ជ័យ​ចំណាស់​ ​ហើយ​ការ​ហាម​ប្រាម​មិន​ឲ្យ​ជក់​ផលិត​ផល​ថ្នាំជក់​នៅ​កន្លែង​សាធារណៈ​ដូច​ជា​ភោជនីយ​ដ្ឋាន​កន្លែង​ធ្វើការ​ជា​ដើម​ គឺ​ដើម្បី​លើក​ ​កម្ពស់​សុខមាល​ភាព​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ​និង​កាត់​បន្ថយ​ការ​ស្រូប​ផ្សែង​នៅ​កន្លែង​សាធារណៈ​ ​ដែល​ភាគ​ច្រើន​ប៉ះពាល់​លើ​កុមារ​និង​ស្រ្តី។​ ​ក្នុង​ចំណោម​ប្រទេសអាស៊ាន​ទំាង​១០​ កម្ពុជា​ ​ជា​ប្រទេស​ ​ដែល​មាន​អត្រា​ស្រូប​ផ្សែង​បារី​ ​ខ្ពស់​ជាង​គេ​នៅ​ភោជនីយ​ដ្ឋាន។ ​

លោក​ ផៃ ស៊ីផាន​ ​បាន​ឲ្យ​ដឹង​ផង​ដែរ​ ​ថា​ ​តាម​របាយការណ៍​ ពី​ក្រសួង​ផែន​ការ​ ​ក្នុង​ឆ្នាំ​២០១៤​ បង្ហាញ​ថា​ ​អ្នក​មិន​ជក់​បារី ៦០%​ ​កំពុង​ស្រូប​ផ្សែង​បារី​ពីគេ។​ ​ទីកន្លែង​ដែល​ប្រជាពល​រដ្ឋ​កម្ពុជា​ស្រូប​ផ្សែង​បារី​ ​ខ្ពស់​ជាង​គេ​ ​គឺ​នៅ​ភោជនីយដ្ឋាន/អាហារ​ដ្ឋាន​ ​ដែល​មាន​អត្រា​ខ្ពស់​ដល់​ទៅ​(៧៦%)​ ​នៅ​ក្នុង​អគារ​ធ្វើការ​របស់​រដ្ឋ​ ​(៤៩%)​ ​និង​នៅ​ពេល​ធ្វើ​ដំណើរ​ ​តាម​មធ្យោបាយ​ធ្វើ​ដំណើ​រ​សាធារ​ណៈ​(៣៤%)​។

លោក​ផៃ ស៊ីផាន​ថ្លែង​ថា​៖«ដូច្នេះ​ផលរំពឹងទុក​របស់​យើង​គឺ​ ​ផ្តើម​ចេញ​ពី​យុវជន​ជំនាន់​ក្រោយ​ ដោយ​អប់រំ​ឲ្យ​យល់ដឹង​អំពី​បញ្ហា​សុខភាព​នៃ​ការជក់បារី​ ​ហើយ​ឲ្យ​យល់​ដឹង​ ​ដែល​យើង​មាន​ច្បាប់​នឹង​ជំរុញ​នៃ​ការ​អនុវត្តន៍​នេះ​ឯង។​ ហើយជា​ឧទាហរណ៍​ ស្រាប់​គឺ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ​លោក​ឈប់​ជក់បារី​ ​ដែល​បង្ហាញនូវ​ការ​សម្រេចចិត្ត​ចូល​រួម ថែ​ទាំ​សុខុមាលភាព​ប្រជា​ពល​រដ្ឋ​របស់​យើង​ ចេញ​ពី​ការ​ស្រូប​ផ្សែង​ ពី​អ្នក​ដែល​ជក់បារី​នោះ​ឯង។ ​ដូច្នេះ​ ​ជា​ជំហរ​របស់​យើង​គឺ​ដើម្បី​បំបាត់​ ចោល​នូវ​អ្វី​ទៅ​ដែល​ជា​ផ្សែង​បារី​នៅ​ទីកន្លែង​សាធារណៈ​»។​

កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​លោក​ ហ៊ុន​សែន​ បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ លោក​បាន​ផ្តាច់​ការជក់បារី​ដោយ​ជោគជ័យ។​ លោក​ហ៊ុន សែន​ ​ចាប់​ផ្តើមជក់​បារី​តាំង​ពី​ទសវត្សរ៍​ ១៩៧០​ ​ពេល​ដែល​លោក​ធ្វើ​ការ​តស៊ូ​នៅ​ក្នុង​ព្រៃ​ជាមួយ​ពួកខ្មែរក្រហម​ ​ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បោះ​បង់​ការ​ជក់​បារី​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត​ ​យ៉ិល ដារ៉ាវុធ​ មន្ត្រី​ទទួល​បន្ទុក​ការងារ​ទិស​លុបបំបាត់​ថ្នាំ​ជក់​ ​គ្រឿង​ស្រវឹង​និង​ការងារ​សុខ​ភាព​ផ្លូវ​ចិត្ត​នៃ​អង្គការ​សុខភាព​ពិភព​លោក​WHO​ប្រចាំ​កម្ពុជាបាន​ស្វាគមន៍ការ​បោះ​ជំហាន​ ​ដ៏​វិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ដែល​សំដៅ​លើការ​លើក​កម្ពស់​សុខុមាលភាព​សាធារណៈ​ ជា​ពិសេស​អ្នក​ដែល​មិន​ជក់​បារី។

«ការ​ចេញ​អនុក្រឹត្យ​នេះ​គឺ​វា​បាន​ឆ្លើយ​តប​ទៅនឹង​ការចង់​បាន​របស់​ប្រជាពលរដ្ឋ​ ​ហើយ​គេ​សិក្សាថា​កន្លែង​ធ្វើ​ការ ត្រូវ​គេ​បាន​ហាម​ឃាត់​ ​មិន​ឲ្យ​ជក់បារី​ ​ជា​ពិសេស​កន្លែង​បិទជិត​ ​កន្លែង​ភោជ​នីយដ្ឋាន​ កន្លែង​មាន​ដំបូល​ ​អីហ្នឹង។​ ​ជា​ការ​ជំរុញ​ទឹកចិត្ត​មួយ​ឲ្យ​អ្នក​ជក់បារី​ហ្នឹង​កាត់​បន្ថយ​ការ​ជក់​បារី​របស់​ខ្លួន​ យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ជក់បារី​ ​ហើយ​ពេល​ដែល​គាត់​ពិបាក​ជក់​អីចឹង​គាត់​កាត់​បន្ថយ។​ ​នៅ​ប្រទេស​គេ​ជិត​ខាង​ដូច​ជា​សឹង្ហបុរី​អី​ហ្នឹង​គេ​ធ្វើ​ឲ្យ​អត្រា​ជក់បារី​ថយ​ចុះ​។​ ហើយ​វា​សំខាន់​គឺវា​មាន​សុខុមាលភាពទាំង​អស់គ្នា​ ​ មាន​ន័យថា​អ្នកអត់​ចេះ​ជក់​ក៏​មិន​បាន​ស្រូប​ផ្សែងបារី​ ពី​គេ​ហើយ​អ្នក​ដែល​ចេះ​ជក់​ក៏អាច​ទៅ​ជក់​កន្លែង​ណា​ដែល​ឆ្ងាយ​ពី​គេ»។​

លោក​ វេជ្ជបណ្ឌិត​ ​យ៉ិល ដារ៉ាវុធឲ្យ​ដឹង​ថា​តាម​របាយ​ការណ៍អង្កេត​របស់​អង្គកា​សុខភាព​ពិភព​លោក​ WHO​ នា​ឆ្នាំ​២០១២​ ​ប្រជាពល​រដ្ឋ​ខ្មែរ​ ​ចំនួន​មួយ​ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំ​ឬ​ ​៣០​នាក់​ក្នុង​មួយ​ថ្ងៃ​ស្លាប់​ដោយ​សារ​ការ​ជក់បារី។​

​យ៉ាង​ណា​ក៏​ដោយ​លោក​ ​ផៃ ស៊ីផាន ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ថា​ការ​ផាកពិន័យ​នៅ​កម្ពុជា​គឺ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​ធៀប​ទៅ​ប្រទេសអាស៊ាន​ ​ដូច​ប្រទេស​វៀតណាម​ ថៃ​ ​មីយ៉ាន់ម៉ា​ សឹង្ហបុរី​ ​និង​ម៉ាឡេស៊ី​ជាដើម។​ ​ហើយ​ការ​ជំរុញ​ឲ្យ​មាន​ការ​ឈប់​ជក់បារី​នៅ​កម្ពុជា​គឺ​ទៀមទា​ឲ្យ​មាន ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​រួមទាំង​អ្នកជក់​បារី​ខ្លួន​ឯង​ផង​ដែរ។​

អ្នកនាំ​ពាក្យ​រូប​នេះ​បាន​ឲ្យ​ដឹង​ផង​ដែរ​ ​ថា​កិច្ចប្រជុំប្រចាំ​សប្តាហ៍​របស់​ រដ្ឋបាល​លោកហ៊ុនសែន​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ក៏​បាន​សម្រេចលើ​ ​សេចក្តី​ព្រាង​នយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ២០១៦​ ដល់​២០៣០ សំរាប់​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​សុខុមាលភាព​ប្រជាពល​រដ្ឋ​ខ្មែរ​ និង​បង្កើន​ធនធាន​មនុស្ស​កម្ពុជា​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត៕

ប្រភពៈ VOA