ក្រសួងសុខាភិបាល​នឹងចុះប្រមូលសត្វមូសមកពិនិត្យ​មើល​មេរោគ​ហ្ស៊ីកា

នៅពេលថ្មីៗ កម្ពុជា មិនទាន់មានការឆ្លងមេរោគហ្ស៊ីកា (Zika) នៅឡើយទេ ទោះបីជាប្រទេសថៃក្បែរខាង មានឆ្លងមេរោគនេះមួយករណីក៏ដោយ។ ប៉ុន្តែក្រសួងសុខាភិបាល នៅថ្ងៃទី ៤កុម្ភៈស្អែកនេះ នឹងចុះទៅតាមទីតាំងចំនួន ៣កន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើយុទ្ធនាការប្រមូលសត្វមូស យកមកពិនិត្យស្រាវជ្រាវរកមេរោគហ្ស៊ីកា។ មេរោគហ្ស៊ីកា ដែលមានលក្ខណៈដូចទៅនឹងជំងឺគ្រុនឈាមដែរ ប៉ុន្តែបើវាឆ្លងទៅស្ត្រីដែលមានផ្ទៃពោះ វានឹងបំផ្លាញប្រព័ន្ធប្រសាទរបស់ទារក ដោយអាចធ្វើឲ្យទារកកើតមក មានក្បាលតូចខុសពីធម្មតា។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្របាណកសាស្ត្រនៃក្រសួងសុខាភិបាល នៅថ្ងៃទី ៤កុម្ភៈ នឹងធ្វើយុទ្ធនាការចុះប្រមូលសត្វមូសខ្លា ដើម្បីធ្វើការអង្កេត និងស្រាវជ្រាវពីសមសភាពរបស់ភ្នាក់ងារចម្លងជំងឺគ្រុនឈាមនេះ ថាតើមានមេរោគហ្ស៊ីកា ឬទេ។ ក្រោយពីបានប្រមូលសត្វមូសខ្លាទាំងនោះរួចហើយ មជ្ឈមណ្ឌលជាតិ នឹងផ្សព្វផ្សាយរបាយការណ៍ពីស្ថានភាពមូសខ្លា ទាំងនោះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តបាណកសាស្ត្រ ដែលបានប្រាប់វិទ្យុបារាំង នៅថ្ងៃពុធនេះ។

តាមលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល មជ្ឈមណ្ឌលជាតិ នឹងចុះទៅទីតាំងចំនួន៣ ក្នុងរាជធានីភ្នំពេញ គឺនៅសង្កាត់ទួលសង្កែម្តុំវត្តទួលសង្កែ សង្កាត់ព្រែកប្រា និងសង្កាត់ភ្នំពេញថ្មី ម្តុំពោធិ៍ចិនតុង។ លោកវេជ្ជបណ្ឌិត បានបន្តថា ការចាប់មូសនោះ នឹងមានការប្រើប្រាស់ម៉ាស៊ីនបឺតខ្យល់ បឺតមូសតាមផ្ទះពលរដ្ឋ ដើម្បីស្វែងរកមេរោគហ្ស៊ីកា នៅក្នុងមូសខ្លាទាំងនោះ។ លើសពីនេះ ក៏នឹងមានការចុះដងដង្កូវទឹកតាមពាង ឬអាងទឹក នៃផ្ទះពលរដ្ឋ ផងដែរ។
តាមការបន្ថែមរបស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សត្វមូសខ្លា ដែលមានផ្ទុកមេរោគហ្ស៊ីកា ភាគច្រើន មិនរស់នៅក្នុងទឹកភក់ជ្រាំ ស្អុយ ដូចមូសមួយចំនួននោះទេ។ មូសខ្លាប្រភេទនេះ គឺរស់នៅក្នុងទឹកអាង ឬពាង ឬទីកន្លែង ដែលស្អាត។ ប៉ុន្តែជំងឺហ្ស៊ីកា គឺមានសណ្ឋានដូចទៅនឹងជំងឺគ្រុនឈាមដែរ គ្រាន់តែជំងឺនេះ ប៉ះពាល់ខ្លាំងទៅលើស្ត្រីមានផ្ទៃពោះ ព្រោះថាមេរោគនេះ នឹងចូលទៅបំផ្លាញប្រព័ន្ធប្រសាទរបស់ទារក ហើយធ្វើឲ្យទារកដែលកើតមក មានក្បាលតូច ខុសពីប្រក្រតី។
ការពិតទៅ កម្ពុជា ធ្លាប់បានរកឃើញមានជំងឺ ហ្ស៊ីកា មួយករណី កាលពីឆ្នាំ ២០១០ ប៉ុន្តែអ្នកជំងឺបានជាសះស្បើយ ហើយក្រោយមកមេរោគនេះ មិនដែលមានទៀតទេ។ យ៉ាងណាក៏ដោយ ស្របពេលដែលអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសអាសន្ន ព្រួយបារម្ភពីការរីករាលដាលនៃមេរោគនេះ នៅទ្វីបអាមេរិក និងនៅទូទាំងពិភពលោកផងនោះ ក្រសួងសុខាភិបាល បានប្រកាសថាកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីស្ថានភាពឆ្លងនៃជំងឺនេះ។

ក្រសួងសុខាភិបាល នៅតែអំពាវនាវឲ្យពលរដ្ឋ បង្កើនអនាម័យខ្ពស់ ក្នុងការសម្អាតលំនៅស្ថាន បរិស្ថានជុំវិញខ្លួន ដើម្បីការពារទាំងកុំឲ្យមានកើតជំងឺគ្រុនឈាម និងជំងឺហ្ស៊ីកា។ សូមបញ្ជាក់ថា ភាគច្រើននៃអ្នកកើតជំងឺហ្ស៊ីកា នឹងជាសះស្បើយឡើងវិញ ក្នុងអំឡុងពី ២ទៅ ៧ថ្ងៃ។ ជំងឺនេះ មិនប៉ះពាល់ខ្លាំង ដល់មនុស្សធម្មតានោះទេ ព្រោះអត្រាស្លាប់មានកំរិតតិចតួចបំផុត តែវាប៉ះពាល់ខ្លាំង ដល់ស្ត្រីមានផ្ទៃពោះ៕

ក្រសួងសុខាភិបាល​នឹងចុះប្រមូលសត្វមូសមកពិនិត្យ​មើល​មេរោគ​ហ្ស៊ីកាវីរុសហ្ស៊ីកា ដែល​មាន​នៅក្នុងមូសខ្លា

 ប្រភពៈ RFI