គូស្នេហ៍​វ័យ ៥០ ប្លាយ​ នៅ​តែ​បន្ដ​រួម​មេត្រី​អាច​ជំនួយ​បញ្ញា និង​ការ​ចងចាំ

ក្រុងឡុងដ៍: ក្រុម​អ្នក​វិទ្យា​សាស្រ្ដ​ ជឿ​ថា ការ​រួមភេទ​អាច​ជួយ​មនុស្ស​វ័យ​ជ្រេ​ទប់​​ស្កាត់​ជំងឺវង្វេង​វង្វាន់​។ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​​ខូវេនទ្រី​ បាន​រក​ឃើញ​ថា មនុស្ស​វ័យ​ ៥០​ ប្លាយ​ឡើង​ដែល​នៅ​តែ​សកម្ម​​រឿង​លើ​គ្រែ​មាន​មុខងារ​ការ​ចង​ចាំ​ល្អ​ប្រសើរ​។

មនុស្ស​ជាង ៦៨០០ នាក់មក​ពី​ទូទាំង​ប្រទេស​អង់គ្លេស​ អាយុ​ចន្លោះ​ពី​ ៥០ ទៅ ៨៩ ឆ្នាំ​ ត្រូវបាន​សាក​សួរ​អំពី​ជីវិត​ផ្លូវ​ភេទ​របស់​ពួកគេ​ និង​ធ្វើ​ការ​សាកល្បង​ផ្លូវចិត្ត​។

បុរស​ដែល​សកម្ម​ក្នុង​ការ​រួមភេទ​ ទទួល​ពិន្ទុ​ខ្វស់​ដល់​ទៅ​ ២៣ ភាគរយ​ចំពោះ​ការ​ធ្វើ​តេស្ដ​លើ​ក្រដាស​ និង​ ៣ ភាគ​រយ​លើ​តារាង​លេខ​ខ្វែង​ ខណៈ​ដែលស្ដ្រី​បាន​ទទួល​ប្រយោជន៍​ ១៤ ភាគរយ និង ២​ ភាគរយ​ផង​ដែរ។

ការ​សិក្សា ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Age And Ageing បាន​បង្ហាញ​​ថា លទ្ធផល​នេះទំនង​ជា​ការ​បញ្ចេញ​អ័រម៉ូនពេល​រួម​ភេទ​ ដូចជា អ័រម៉ូន​ដូផាមីន (មាន​តួនាទី​សំខាន់​ចំពោះ​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ដ) និង ​អ័រម៉ូន អុកស៊ីតូ​ស៊ីន ដែល​ជំរុញ​ការ​ចងចាំ និង​បញ្ហា​វាង​វៃ។

លោក ផូល គ្រីន នាយក​ផ្នែក​ទំនាក់​ទំនង​នៅក្រុមហ៊ុន​ សាហ្គា បាន​បន្ថែម​ថា​៖ «​ដោយ​សារតែ​សង្គម​តែងតែ​យល់​ឃើញ​ថា មនុស្ស​​ចាស់​ជា​វ័យ​មិនសកម្ម​រឿង​លើ​គ្រែ​ វា​​មិន​​មាន​ន័យ​ថា ការ​រួមភេទ​គ្មាន​ប្រយោជ​ន៍​​ចំពោះ​រូប​ពួកគេ​ឡើយ»​។ ​

នាយក​គ្រប់​គ្រង​ផ្នែក​ទំនាក់​ទំនង​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា៖ «ការ​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញ​ថា ​​ក្រុមអ្នក​ចូលរួម​វ័យ​ចំណាស់​ទាំង​នោះ​នៅ​តែ​រីករាយជាមួយ​សិច​ជាប្រចាំ​រហូត​ដល់​វ័យ​ខ្ទង់​ ៧០ ប្លាយ​ដោយ​មិន​សម្ញែង​ និង​មិនចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ ​ដូច​សិច​យុវវ័យ​»៕

គូស្នេហ៍​វ័យ ៥០ ប្លាយ​ នៅ​តែ​បន្ដ​រួម​មេត្រី​អាច​ជំនួយ​បញ្ញា និង​ការ​ចងចាំ​បុរស និង​ស្ដ្រី​វ័យ​ចំណាស់​នៅ​តែ​សកម្ម​ក្នុង​ការ​រួម​ភេទ តែ​មិន​ចង់​សម្ញែង​។ Afp

ប្រភពៈ ភ្នំពេញប៉ុស្តិ៍