ការ​ឆាប់​ប្រើប្រាស់​ថ្នាំ​ផ្សះ​លឿន​ពេក​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សុខភាព

វ៉ាស៊ីនតោន—វា​ច្បាស់​ហើយ​ថា​ ថ្នាំ​ផ្សះ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្សរាប់​លាន​នាក់​មក​ហើយ​ពី​ជំងឺ​ឆ្លង​ដ៏​ប្រល័យ។ ក៏ប៉ុន្តែ​ ការ​សិក្សា​មួយ​របស់​ប្រទេស​ហ្វាំងឡង់​ រក​ឃើញ​ថា​ថ្នាំ​នោះ​ក៏​អាច​មាន​ផល​មិន​ល្អ​ផង​ដែរ។

ការ​ប៉ះពាល់​នេះ​កើត​ឡើង​ជា​ពិសេស​នៅ​ក្នុង​ពោះវៀន​តូច​របស់​កុមារ។ ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ ឬ​ថ្នាំ​ផ្សះ​ប៉ះពាល់​ដល់​មីក្រូ​សរីរាង្គ (microbiota) ឬ​បាក់តេរី​ជំនួយ​ដែល​រស់​នៅ​ទីនោះ​ទាំង​អស់។

លោក​ស្រី​វេជ្ជបណ្ឌិត​ Katri Korpela នៃ​សាកលវិទ្យាល័យ​ Helsinki​ ដែល​ជា​អ្នក​និពន្ធ​ទី​មួយ​នៃ​ការ​សិក្សា​នេះ​និយាយ​ថា​ វិទ្យាសាស្ត្រ​កំពុង​តែ​ចាប់​ផ្តើម​ស្វែង​យល់​ថា​តើ​បាក់តេរី​នៅ​ពោះវៀន​មាន​សារៈសំខាន់​យ៉ាង​ណា។

«ខ្ញុំ​គិត​ថា​ មនុស្ស​គ្រប់​គ្នា​កំពុង​តែ​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ពេល​ដែល​ដឹង​ថា វា​មាន​សារៈសំខាន់​យ៉ាង​ណា​នោះ។ ហើយ​យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ជា​ពិសេស​បាក់តេរី​ពី​មនុស្ស។ តាម​ពិត​ទៅ​យើង​មាន​ឯកសារ​ទិន្នន័យ​តិច​តួច​ណាស់​អំពី​ថា​តើ​វា​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូចម្តេច​ខ្លះ​ក្នុង​រយៈ​ពេល​វែង ជា​ពិសេស​នៅ​ក្នុង​វ័យ​កុមារ។ ពពួក​មីក្រូសរីរាង្គ (microbiota) ​ប្រហែល​ជា​អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​រយៈពេល​យូរ​ទៅ​លើ​សុខភាព​ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ថា​វា​មាន​ខ្លាំង​ប៉ុណ្ណា​ទេ»។

ថ្នាំ​ផ្សះ​មិន​បែង​ចែក​បាក់តេរី​ល្អ​ចេញ​ពី​បាក់តេរី​អាក្រក់​ទេ គឺ​ពួក​វា​សម្លាប់​បាក់តេរី​ទាំងអស់។

«វា​កាន់​តែ​មាន​ភាពច្បាស់​លាស់​ហើយ​ថា​ បាក់តេរី​ពិត​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​យើង​រាល់​គ្នា​ជា​មនុស្ស។ ដូច្នេះ ពួក​វា​មិន​អាក្រក់​ទាំង​អស់​នោះ​ទេ។ ពិត​ណាស់​ វា​មាន​មេរោគ​បង្ក​ជំងឺ​ផ្សេងៗ។ មេរោគ​នោះ​គឺ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ និង​ការ​រស់​នៅ​ជាមួយ​បាក់តេរី»។

បាក់តេរី​ល្អ​ និង​សរីរាង្គ​ជា​ច្រើន​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​បង្កើត​បាន​ជា​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​មួយ​ភាគ​ធំ។ ដូច្នេះ​ ថ្នាំ​ផ្សះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តុល្យភាព​ដ៏​ល្អ​នេះ។

អ្នក​ស្រាវជ្រាវ​សញ្ជាតិ​ហ្វាំងឡង់​បាន​ធ្វើ​ការ​សិក្សា​លើ​ក្មេងៗ​ចំនួន​១២៧​នាក់​ អាយុ​ចន្លោះ​ពី​២ឆ្នាំ​ដល់​៧​ឆ្នាំ​ដែល​ស្នាក់​នៅ​មណ្ឌល​មើល​ថែ​ក្មេង​ពេល​ថ្ងៃ​ដូច​គ្នា និង​បាន​រស់​នៅ​ជាមួយ​គ្នា។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ថា​តើ​ក្មេងៗ​ទាំង​នោះបាន​រៀន​វគ្គ​ស្តី​អំពី​ថ្នាំ​ផ្សះ​បាន​ប៉ុន្មាន​វគ្គ។

«យើង​បាន​ដឹង​តាម​រយៈ​ការ​សិក្សា​លើ​មនុស្ស​ថា​ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ជាពិសេស​ទៅ​លើ​កុមារ​ មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ ឧទាហរណ៍​ធ្វើ​ឲ្យ​ BMI កើន​ឡើង​ ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​ជាមួយ​ជំងឺ​ហឺត ប្រឈម​នឹង​ជំងឺ​រលាក​ពោះវៀន។ ដូច្នេះ​ យើង​ដឹង​ថា​មាន​គ្រោះ​ថ្នាក់​ខ្លះ​ដែល​ភ្ជាប់​មក​ជា​មួយ​នឹង​ការ​ប្រើប្រាស់​ ប៉ុន្តែ​យើង​មិន​ដឹង​ពី​មូលហេតុ​អ្វី​ទេ។ តើ​យើង​នឹង​មាន​យន្តការ​អ្វី​ខ្លះ? ពិត​ណាស់​ ជំហាន​ដំបូង​ដែល​អាច​ជា​យន្តការ​នោះ​គឺ​ បាក់តេរី​ក្នុង​ពោះ​វៀន»។

BMI ដែល​បាន​លើក​ឡើង​ដោយ​លោក​ស្រី Korpela​ សំដៅ​លើ​សន្ទស្សន៍នៃ​រាងកាយសរុប​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កំណត់​ថា​តើ​មនុស្ស​ម្នាក់លើស​ទម្ងន់​ ឬ​អត់​បើ​ធៀប​ទៅ​នឹង​កំពស់​របស់​គាត់។

លោក​ស្រី​ Korpela និយាយ​ថា ការ​សិក្សា​ជា​ច្រើន​ទៅ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ «ការ​រំខាន​ដល់​ពពួក​មីក្រូសរីរាង្គ​ (microbiota) ដោយ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ក្នុង​រយៈ​ពេល​យូរ»។ ដូច​គ្នា​ដែរ​ ក្នុង​ផ្នែក​ជា​ច្រើន​ ថ្នាំ​ផ្សះ​ក្នុង​កម្រិត​ទាប​ត្រូវ​បាន​ចាក់​ទៅ​លើ​សត្វ​ចិញ្ចឹម​យក​សាច់​ដើម្បី​ឲ្យ​វា​ឆាប់​ឡើង​ទម្ងន់។

មិន​មែន​រាល់​ថ្នាំ​ផ្សះ​សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ដូច​គ្នា​លើ​បាក់តេរី​ពោះវៀន​ទេ។ ការ​ខូច​ខាត​ខ្លាំង​បំផុត​គឺ​ដោយ​សារ​ថ្នាំ​ដែល​មាន​វិសាលភាព​ទូលាយ​ដែល​គេ​ស្គាល់​ថា​ជា​ថ្នាំ​ផ្សះ​ប្រភេទ ​Macrolides។ ថ្នាំ​ផ្សះ​ប្រភេទ​ ភេនីស៊ីលិន​ (Penicillin)​ ក៏​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​បាក់តេរី​ពោះវៀន​ដែរ ក៏​ប៉ុន្តែ​មិន​សូវ​ជា​ខ្លាំង​ប៉ុន្មាន​ទេ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កម្រិត​នៃ​បាក់តេរី​ប្រភេទ​ Bifida​ ដែល​គេ​បាន​ចាត់​ទុក​ថា​ជា​ប្រភេទ​បាក់តេរី​មាន​ប្រយោជន៍​ជា​ពិសេស​សម្រាប់​ក្មេងៗ។ វេជ្ជបណ្ឌិត​ Korpela​ និយាយ​ថា​ បន្ទាប់​ពី​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ កម្រិត​បាក់តេរី​ Bifida ​ទាប​ជាង​មុន​ខ្លាំង។

«បាក់តេរី​ទាំង​នោះ​ហាក់​ដូច​ជា​ត្រូវ​បាន​ជំនួស​ដោយ​បាក់តេរី​ប្រភេទ​ផ្សេង​ទៀត​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ការ​បង្កើន​ភាព​ធាត់​ជ្រុល​ ឬ​រោគ​សញ្ញា​នៃ​ការ​រំលាយ​អាហារ»។

រោគ​សញ្ញា​នៃ​ការ​រំលាយ​អាហារ​ គឺ​ជា​ពាក្យ​ក្តោប​រួមលើ​បណ្តា​កត្តា​គ្រោះ​ថ្នាក់​ដែល​អាច​ឈាន​ដល់​ជំងឺ​នានា ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម។

ជាក់​ស្តែង ទារក​ទទួល​បាន​បាក់តេរី​ពោះវៀន​តូច​ល្អៗ​ពី​ម្តាយ​របស់​ពួក​គេ​ នៅ​ពេល​ពួក​គេ​ឆ្លង​កាត់​ដំណាក់​កាល​ឆ្លង​ទន្លេ។

អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ Helsinki ​និយាយ​ថា​ បាក់តេរី​ពោះ​វៀន​តូច​អាច​ជួយ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កុមារ។ អ្នក​ស្រី​និយាយ​ថា​ បាក់តេរី​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ជា​ប្រចាំ​ពេញ​មួយ​ជីវិត។

លោកស្រី Korpela និយាយ​ថា​ វា​មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ឲ្យ​បាក់តេរី​ក្នុង​ពោះវៀន​របស់​ក្មេង​ម្នាក់​មាន​ប្រសិទ្ធភាព​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ​មក​វិញ​ដើម្បី​ប៉ះប៉ូវ​ការ​ខូច​ខាត​ ក្រោយ​ពេល​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ​ផ្សេងៗ។ ពិត​ណាស់ វា​មាន​ន័យ​ថា​កុមារ​នោះ​នឹង​មិន​ប្រើ​ថ្នាំ​ផ្សះ​អំឡុង​ពេល​នោះ​ទេ។​ បើ​មិន​អញ្ចឹង ដំណើរការ​នេះ​នឹង​វិល​ចុះ​វិល​ឡើង​ម្តង​ទៀត។

ការ​សិក្សា​អំពី​ការ​ប្រើ​ថ្នាំ​ផ្សះ​លើ​ក្មេងៗ​ និង​ឥទ្ធិពល​របស់​វា​ទៅ​លើ​បាក់តេរី​ល្អៗ​ ត្រូវ​បាន​បោះ​ពុម្ពក្នុង​ទស្សនាវដ្តី ​«ទំនាក់ទំនង​នឹង​ធម្មជាតិ»៕

ការ​ឆាប់​ប្រើប្រាស់​ថ្នាំ​ផ្សះ​លឿន​ពេក​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សុខភាព

រូបឯកសារ៖ បាក់តេរី​ប្រភេទ Eleftheria ដែល​ទើប​​រក​ឃើញ​ថ្មី អាច​ជា​ថ្នាំផ្សះ​ដែល​ជា​អាវុធ​ថ្មីមួយ​ក្នុងការ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។

ប្រភពៈ VOA