នារី​អាមេរិក​ ប្រាប់​ពីវិធី​ឲ្យ​ប្រុសៗ​ប៉ាវ​ដើរ​លេង​ជុំវិញ​ពិភព​លោក

រដ្ឋអាឡាបាម៉ា: ដោយ​បោះ​បង់​តំណែង​ដ៏​កាក់កប​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ ​នារីចិត្ដ​សឿង​នៅ​រដ្ឋ​អាឡាបាម៉ា​ បាន​រៀបចំ​នូវ​ផែន​ការដំណើរ​កម្សាន្ដជុំ​វិញ​ពិភព​លោ​ករបស់​នាង​យ៉ាង​ហំតែ​ម្ដង​​ ដោយ​ជ្រើស​យក​​ក្រុម​បុរសៗជា​អ្នកមាន​ជាគោល​ដៅ​ណាត់​ជួប​តាមអ៊ីន​ធឺណិត​ឲ្យ​ធ្វើ​ជា​អ្នក​ចំណាយ​ចេញ​ថ្លៃ​ធ្វើ​ដំណើរ​​រាល់​ការ​ណាត់​ជួប​នាង​ម្ដងៗ​នៅ​កន្លែង​​ប្លែកៗជុំវិញ​ពិភពលោក​។

ឥឡូវ​នេះ​នាង​កំពុង​តែ​ជាប់​ស្នេហ៍​ជា​មួយ​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​ឡាយ​ដែល​នាង​បាន​ទាក់ទង។​ការ​ប្រើ​សម្រស់​ជា​ដើម​ទុន​សម្រាប់​​ដំ​ណើរ​កម្សាន្ដ​ជុំ​វិញ​ពិភព​លោក​​របស់​កញ្ញា ម៉ូនីកា លីន បាន​ចាប់​ផ្តើមកាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៤​ ដោយ​សារ​តែ​រសជាតិ​ជីវិត​របស់​នាង​ដដែលៗ​ និង​ខ្វះការ​ដើរ​​ហើរ​បែប​ផ្សងព្រេង។

ចប់ពី​តំណែង​អ្នកប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុម​ហ៊ុន​ ​Merrill Lynch នារី​វ័យ ២៥ ឆ្នាំ​រូប​នេះ​​បាន​ចូលទៅ​វេបសាយ​ MissTravel ដើម្បី​ជ្រើស​រើស​បុរស​ទ្រព្យស្ដុក​អាច​រ៉ាប់រង​ថ្លៃ​ចំណាយ​ណាត់​ជួប​នាង​នៅ​បរទេស។

នារី​អាមេរិក​ ប្រាប់​ពីវិធី​ឲ្យ​ប្រុសៗ​ប៉ាវ​ដើរ​លេង​ជុំវិញ​ពិភព​លោក

នាង ម៉ូនីកា លីន ស្នាក់​នៅ​សុទ្ធ​តែ​សណ្ឋាគារ​លំដាប់​ខ្ពស់​ពេល​ធ្វើ​ដំណើរ​ទៅបរទេស​​​។ ហ្វេសប៊ុក​

នាង​ពន្យល់​ថា៖ «បុរស​ទាំង​នោះ​មិនសូវ​មាន​ពេល​ណាត់​ជួប​នារីៗ​​តាម​វិធី​សាមញ្ញ​។ ពួកគេ​ជា​អ្នកជំនួញ ឬ​បុគ្គល​ជាន់​ខ្ពស់​ដែល​​ត្រូវ​ធ្វើដំណើរ​ហោះ​ហើរ​គ្រប់ទិស​ទី ហើយ​ពួកគេ​អាច​ជ្រើសរើស​នារី​ដែល​ពួកគេ​ចង់ជួប​ពី​វេបសាយ​នេះ»។

ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ឆ្លើយ​ឆ្លង​សារ​តាម​​ឆាត​ជា​មួយ​បុរស​បី​បួន​នាក់នោះ មួយ​ខែ​ក្រោយ​មក​នាង​បាន​ជួប​​នឹង​បុរសវ័យ ៣១ ឆ្នាំជា​នាយក​គ្រប់គ្រង ហើយ​ក៏​បាននាំ​នាង​ទៅ​កម្សាន្ដ​នៅ​កោះ​បាបាដុស​​ រយៈ​ពេល​មួយ​សប្តាហ៍​ក្នុង​ខែកុម្ភៈឆ្នាំ ២០១៥។

បុរស​នោះ​ជា​អ្នក​ចំណាយ​​ប្រាក់គ្រប់​យ៉ាង ​ទាំង​ថ្លៃ​សំបុត្រ​យន្ដហោះ ស្នាក់​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ ថ្លៃ​អាហារ​ និង​បាន​​ទិញ​អលង្ការ​ជាកាដូ​ជូន​នាងទៀតផង​។​

ស្ដាប់ទៅ​ហាក់​ដូច​ជា​នាង​កំពុង​​លក់ខ្លួន​ជាថ្នូរ​នឹ​ង​​ដំណើរ​កម្សាន្ដ​ជុំវិញ​ពិភពលោក ប៉ុន្តែ​នាង ម៉ូនីកា លីន ​អះអាង​ថា នាង​​មិន​បាន​ទទួល​សម្ពាធ​ថា​ត្រូវ​​តែ​រួម​ដំណេកជាមួយ​បុរស​ម្ចាស់ជំនួយ​ទាំងនោះ​ឡើយ។ ក្នុង​ចំណោម​បុរសបី​ដែល​នាំ​នាង​ដើរ​កម្សាន្ដបាន ៩ ប្រទេស នាង​អះអាង​ថា បុរស​ទី​មួយ​មិនមាន​សំណាង​បាន​ប្រាណ​​នាង​ឡើយ ព្រោះ​នាង​គ្រាន់តែ​រាប់​អាន​គាត់​ដូច​មិត្ដ​ភក្ដិ​ប៉ុណ្ណោះ​។​

ចំណែក​បុរស​ទី ២ បាន​នាំ​​នាង ​ ម៉ូនីកា លីន ទៅ​កម្សាន្ដ​នៅ​ទីក្រុង​សាន ហ្រ្វាន​ស៊ីស្កូ តែ​នៅ​តែ​គ្មាន​​សម្ព័ន្ធ​ភាព​លើគ្រែ​ដូច​មុន។ ចំពោះ​​បុរស​ទី​បី នាង​បាន​រៀបរាប់ថា៖ «គាត់​ជា​បុរសជាតិ​អ៊ីតាលី មាន​វ័យ ២៨ ឆ្នាំ​ និង​មាន​រូប​រាង​សង្ហា​​អស់​ទាស់។ គាត់​មាន​របរ​រក​ស៊ី​តាម​អនឡាញ​បីបួន​​ឯណោះ​ ហើយ​ជា​ប្រភេទ​ក្រុម​ហ៊ុន​នាំ​ចេញ​នាំ​ចូល​ទៀត​ផង​»។​

ក្រោយ​​ដំណើរកម្សាន្ត​ទៅ​ប្រទេស​ ​ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ិកស៊ិក ទី​ក្រុងឌូបៃ ហុងកុង និង​ប្រទេស​​កូស្តារីកា ជាមួយ​នឹង​បុរស​ទីបី​នោះ ​នាង​បាន​លង់​ស្នេហ៍​នឹង​ម្ចាស់ជំនួយ រហូត​ទំនង​ជា​អាច​ឈាន​ដល់​មង្គលការ​​ទៀត​ផង។

នាង ម៉ូ​នីកា បន្ថែម​ថា៖ «​បើ​គ្មាន​វេបសាយ​ MissTravel ទេ ខ្ញុំ​ត្រូវ​ធ្វើការ​ពី ៥ ទៅ ១០ ឆ្នាំទើប​អាច​ដើរ​លេង​ស្គាល់​ប្រទេស​យ៉ាង​​ច្រើន​ដូច្នេះ»។

ដោយ​មិន​ណែនាំ​ឲ្យ​នារី​គ្រប់​គ្នា​ប្រថុយគ្រោះ​ថ្នាក់ធ្វើ​តាមនាង នាង​​ថា៖ «ពីមុន​ខ្ញុំ​មិន​ដែល​​ហោះ​ចេញពីទឹកដី​អាមេរិក​ឡើយ តែ​​ឥឡូវ​នេះ​ សន្លឹក​លិខិត​ឆ្លង​ដែន​​របស់​នាង​ខ្ញុំ​ពេញ​អស់​ហើយ»៕

នារី​អាមេរិក​ ប្រាប់​ពីវិធី​ឲ្យ​ប្រុសៗ​ប៉ាវ​ដើរ​លេង​ជុំវិញ​ពិភព​លោក

ប្រភពៈ ភ្នំពេញប៉ុស្តិ៍