ឡេអូណាដូ ដៃ​ស្ដាំ​កាន់​ពាន​អូស្ការ ដៃ​ឆ្វេង​ពាក់​ខ្សែ​អំបោះ​ក្រហម​នាំ​សំណាង​ពី​ទឹក​ដី​អង្គរ

ហូលីវូដ: ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ អូស្ការ ​​លើក​ទី​ ៨៨ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ម្សិលមិញ តារា​ភាពយន្ត​អាមេរិក​ ឡេអូណាដូ ឌីកាព្រីយោ​ បាន​បង្កើត​ប្រវត្តិសាស្ត្រ​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​ខ្លួន ជាមួយ​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​អូស្ការជា «តារា​ភាពយន្ត​ឆ្នើម» តាមរយៈ​​ភាព​យន្ត​រឿង Revenant។

នេះ​ជា​ពាន​អូស្ការ​លើក​ដំបូង​ក្នុង​ជីវិត​របស់​តារា​ប្រុស​ដែល​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ភាពយន្ត​រឿង​កប៉ាល់​ទីតានិក ក្រោយ​ពី​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​អស់​ជាង​ ២ ​ទសវត្សរ៍។

នៅ​រោង​មហោស្រព Dolby ស្នូរ​សម្លេង​ទះដៃ​បាន​បន្លឺ​ឡើង​នៅ​ពេល​តារា​ហូលីវូដ​វ័យ​ ៤១ ​ឆ្នាំ​រូបនេះ​បាន​ឡើង​លើក​ពាន​​អូស្ការ​ពណ៌​មាស​ ហើយ​ដៃ​ម្ខាង​ទៀត​បាន​រំលេច​នូវ​ខ្សែ​អំបោះ​ក្រហម​ដែល​ប្រជាជន​ខ្មែរ​យើង​ភាគ​ច្រើន​មាន​ជំនឿ​ថា​នាំ​សំណាង​ល្អ។

យោង​តាម​​វិបសាយ​ព័ត៌មាន​តារា​ហូលីវូដ​ដូច​ជា​ vanityfair.com and pagesix.comខ្សែ​អំបោះ​ពណ៌​ក្រហម​​​ចង​នៅ​ដៃ​ខាង​ឆ្វេង​របស់​លោក​ គឺ​បាន​មក​ពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទឹក​ដី​សៀមរាបអង្គរ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

ប្រភព​ពី​វិបសាយ​ខាង​លើ​បាន​បញ្ជាក់​ថា ព្រះសង្ឃ​នៅ​តំបន់​អង្គរ​បាន​ចង​ខ្សែ​អំបោះ​ក្រហម​នាំ​សំណាង​នេះ​ឲ្យ​លោក ឡេអូណាដូ ឌីកាព្រីយោ ក៏ដូច​ជា​ ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែរ។ ខ្សែ​អំបោះ​ក្រហម​នាំ​សំណាង​​នេះ​ត្រូវ​បាន​លោក​ពាក់​ជាប់​នឹង​ដៃ​ជានិច្ច​​រហូត​មក​ទល់​ពេល​នេះ។

គួរ​រំឭក​ផង​ដែរ​ថា ក្នុង​ដំណើរ​មក​ទស្សនា​ទឹកដី​ខេត្ត​សៀមរាប តារា​ហូលីវូត​ដ៏​ល្បីល្បាញ​រូបនេះ​បាន​ថ្លែង​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​នានា​ក្នុង​ពិភព​លោក​ថា៖ «កន្លែង​ដែលខ្ញុំ​ចង់​ឲ្យ​គ្រប់គ្នា​បាន​​ស្គាល់​នោះ​ គឺ​ប្រាសាទ​អង្គរ​វត្ត​នៅ​ប្រទេស​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ពោរពេញ​ទៅ​ដោយ​ទី​កន្លែង​សក្ការៈ​ជា​ច្រើន​​ដែល​ខ្ញុំ​បាន​ឃើញ។ ប្រជាជន​ខ្មែរ​រួសរាយគួរ​ឲ្យ​រាប់អាន។ អ្នក​បាន​ទៅ​ទស្សនា​ទីនោះ​ច្បាស់​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ​ដើម្បី​ស្វែង​យល់ពី​ប្រាសាទ​បុរាណ​ជា​ច្រើន។ ទី​នោះ​ពិត​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ជីវិត​របស់​ខ្ញុំ»៕

ឡេអូណាដូ ដៃ​ស្ដាំ​កាន់​ពាន​អូស្ការ ដៃ​ឆ្វេង​ពាក់​ខ្សែ​អំបោះ​ក្រហម​នាំ​សំណាង​ពី​ទឹក​ដី​អង្គរ

ប្រភពៈ ភ្នំពេញប៉ុស្តិ៍