ល្បី​ ចន ច័ន្ទលក្ខិណា សង្សារ​ប្រចណ្ឌ មួយ​ជំហាន​មិន​ឃ្លាត

ភ្នំពេញ: ទន្ទឹមនឹង​ភាព​ក្លាហាន​បើកចំហ​ពីសម្ព័ន្ធ​ស្នេហ៍​ដ៏ល្អូក​ល្អិន​ បង្អួតភ្នែក​មហាជន​ឥតល្ហែ ​ទាំង​ពិធី​ប្រពៃណី​មេបា​ផ្សំផ្គុំ​នៅមិន​ទាន់​ប្រាកដ​ដំណឹង​ ក៏​ល្បីបែក​ផ្សែងជ្រែក​ពិភពសិល្បៈ​ភ្ញាក់ផ្អើល​ពីគូស្នេហ៍​តារា​ស្រី​និងបុរស​អ្នកជំនួញ​ ដែលធ្លាប់​ពើបនឹង​ជីវិត​គូ​បរាជ័យ​មួយ​ភ្លើង​ដូចគ្នាគឺ​ ​អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបាន​គេទម្លាយ​ថា សង្សារជា​អ្នកជំនួញ​ លោក ហេង ឡុង ប្រចណ្ឌ​នាង​មិនចង់ឲ្យ​ដើរឃ្លាត​មួយ​ចំអាម​នោះ​ឡើយ។

ល្បី​ ចន ច័ន្ទលក្ខិណា សង្សារ​ប្រចណ្ឌ មួយ​ជំហាន​មិន​ឃ្លាតអ្នកនាង ចន ច័ន្ទ លក្ខិណា និងលោក ហេង ឡុង ជា​គូស្នេហ៍​។ វុទ្ធី

សម្ដីអ្នក​មេម៉ាយ​កូន​មួយ​ចាយ​សម្រស់​ជាមន្ត​ស្នេហ៍​ អ្នកនាង ចន ច័ន្ទ​លក្ខិណា ក៏​ធ្លាប់បង្ហើប​បែបប្រាកដ​ប្រជា​ បង្ហាញ​ពី​វេលា​ដឹកដៃសង្សារ​ចូលរោងការ​ក្រាប​ផ្ទឹម​បញ្ចប់​អាស្រូវ​និន្ទា​សង្គម​ ដែល​នាង​ថា៖ «ពិធី​រៀបអាពាហ៍​ពិពាហ៍​ខ្ញុំ​ និង បង ហេង ឡុង នឹង​ចាំបាច់​ត្រូវតែ​ធ្វើ​ បើទោះ​ជា​ពួកយើង​សុទ្ធតែ​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ម្តង​ហើយ​ក៏ដោយ»។

ក៏មាន​ការលើក​ឡើង​ផង​ថា «យើង​ខ្មែរ កាន់​ប្រពៃណី​ដូនតា​ខ្មែរ មិន​អាចធ្វើ​ដូច​ជនជាតិ​អឺរ៉ុប​បានទេ តែពិធី​ប្រពៃណី​នោះ រង់​ចាំតាម​លទ្ធផល​សាងសង់​ផ្ទះដែល​បង ហេង ឡុង ធ្វើ​ជាពិសេស​សម្រាប់​ពួកយើង​» នោះ អ្នកនា​ង ​ចន ច័ន្ទ​លក្ខិណា ក៏បាន​បញ្ជាក់​ទៀត​ថា៖«​ដោយ​ការស្រឡាញ់​ស្មោះពី​បង ហេង ឡុង គាត់​បាន​គិតគូរ​ល្អណាស់​សម្រាប់​ជីវិត​ពួកយើង។ គាត់មិន​ដែល​គិត​រស់នៅ​រំលង​ប្រពៃណី​នោះទេ គាត់​ចង់​ការ​ជាង​ខ្ញុំផង»។​

តារា​សម្តែង និង​ដើរម៉ូដ​មេម៉ាយ​កូន​មួយ​ ចន ច័ន្ទលក្ខិណា បាន​រំលេច​ឲ្យ​ឃើញ​អំពី​ជីវិត​ស្នេហ៍​ទី ២ និង​អ្នកជំនួញ ហេង ឡុង ចូល​ខ្ទង់ ២ ឆ្នាំ បន្ថែម​ការអះអាង​ ពិធីរៀប​អាពាហ៍​ពិពាហ៍ក៏​រង់ចាំសង់​វីឡារួច។

ខណៈម​ហាជន​ចាំ​អ៊ុត​វេលាល្អនោះ​ទាំង​អន្ទះ​សា ​បែរជា​លេច​ដំណឹង​ដ៏ភ្ញាក់ផ្អើល​ថ្មីវិញ​ថា ​ស្នេហា​អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបាន​សង្សារ​ អ្នក​ជំនួញ​ប្រចណ្ឌ​ស្ទើរ​មិន​ឲ្យ​ឃ្លាត​គ្នា​មួយ​ជំហាន​ផង។

ល្បី​ ចន ច័ន្ទលក្ខិណា សង្សារ​ប្រចណ្ឌ មួយ​ជំហាន​មិន​ឃ្លាត

បន្ថែម​លើដំណឹង​លេចធ្លាយ​​នោះ ក្នុង​គណនីហ្វេស​ប៊ុកអ្នក​នាង ចន ច័ន្ទលក្ខិណា ក៏បង្ហោះ​រូបថត​នាងដើរលេង​ពេល​រាត្រី​ជាមួយ​មិត្តភក្ដិ​ស្រីៗ​ភ្ជាប់នឹង​សារ​បង្ហាញការ​យកចិត្ត​ទុកដាក់​​ពីសង្សារ​ សម្រួល​ជា​ភាសាខ្មែរ​ថា៖ «អរគុណ​ប្អូន​ស្រី សម្រាប់​ការ​ជួបជុំនៅ​រាត្រីនេះ។ អរគុណ សំណព្វចិត្ត​ដែល​អនុញ្ញាត​ឲ្យ​អូន​មក​ដើរលេង​ជាមួយ​ប្អូនស្រី ទោះបី​ជាបង​មិន​ចូលចិត្ត​ តែ​បងនៅ​តែ​ព្យាយាម​ធ្វើ​ឲ្យ​អូន​រីករាយ»។

ប៉ុន្តែយ៉ាងណា​នៅថ្ងៃ ៨ ខែ​មីនា​ ម្សិលមិញ ដែលជាថ្ងៃ​សិទ្ធិនារី​អន្តរជាតិ​នេះ នៅមិន​អាច​ទំនាក់ទំនង​អ្នកនាង ចន ច័ន្ទលក្ខិណា សុំ​ការ​បកស្រាយ​បន្ថែម​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន។

ប៉ុន្តែ​រូបភាព​បង្ហោះ​ម្សិលមិញ​បាន​បង្ហាញ​ពី​ដំណើរ​កម្សាន្តជា​ពិសេសស​ម្រាប់​​ថ្ងៃ​សិទ្ធិនារី ដែល​បង្ហាញសកម្មភាព​ដ៏​ល្អូកល្អិន នៅ​ទី​ក្រុង​កែប ខណៈ​អ្នក​នាង ចន ច័ន្ទលក្ខិណា និង​គូស្នេហ៍​ថតរូប​កៀកកើយ​គ្នា ដូច​គូស្នេហ៍​ថ្មោងថ្មី​នោះ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍