នគរបាលហុងកុង​ព្រមាន​បាញ់​គ្រាប់ពិត​លើអ្នកតវ៉ានៅលើដងផ្លូវ

អតីតប្រធានអង្គភាព​ស៊ើបអង្កេតសម្ងាត់បទល្មើសព្រហ្មទណ្ឌនៃនគរបាលហុងកុងថ្លែងថាអំពើហិង្សានឹង​អាចកើតមានឡើងថែមទៀតខណៈនគរបាល​ព្រមានបាញ់​គ្រាប់ពិតលើក្រុមអ្នកតវ៉ា​លើដងផ្លូវ។​

កាលពីថ្ងៃអង្គារម្សិលមិញនគរបាលបង្ក្រាប​កុបកម្ម​ព្រមាន​បាញ់​ប្រហារលើអ្នកតវ៉ា​នៅពេលដែលអាជ្ញាធរ​ព្យា​យាម​បណ្តេញអ្នកលក់ដូរតាម​ដងផ្លូវចាប់ពីបុណ្យចូលឆ្នាំចិន​កាលពីខែមុនមក។ ការប៉ះទង្គិចគ្នា​កាលពីម្សិល​មិញនេះ​ជា​ហិង្សាអាក្រក់​បំផុត​ចាប់ពី​ការបំបែកអ្នក​បាតុកម្ម​គាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យ​ក្នុងការ​ដឹកនាំ​កាល​ពី​ឆ្នាំ​២០១៤មក។​ នេះបើតាមសារព័ត៌មាន​ Channel News Asia។

នគរបាលហុងកុង​ព្រមាន​បាញ់​គ្រាប់ពិត​លើអ្នកតវ៉ានៅលើដងផ្លូវ(រូបភាពពី Reuters)

ហិង្សាម្សិលមិញនោះ​គឺ​នគរបាលប្រមាណ១០០នាក់បានទទួលរងរបួស ហើយមនុស្ស៧៥នាក់​ត្រូវបានឃាត់ខ្លួន និង៤៨នាក់ប្រឈមនឹងការចោទប្រកាន់ពីបទបង្កកុបកម្ម។​

ចលនាមហាជន​មិនស្តាប់បង្គាប់​ដើរតវ៉ាកាន់​តែធំឡើងៗ ហើយនៅពេលនេះក្រុមអ្នកតវ៉ាបាន​រៀបចំយុទ្ធនាការ​គៀគរតាម​អ៊ិនធើណែត ត្រៀមម៉ាស់ ត្រៀមសម្ភារ​ផ្សេងៗការពារពីការបង្ក្រាបរបស់សមត្ថកិច្ច​។​ លោក ​ Steve Vickers បច្ចុប្បន្ន​អ្នកជំនាញ​ប្រឹក្សាយោបល់​ពីបញ្ហាប្រឈមថ្លែងថាលោក​ជឿជាក់​ថានគរបាលនឹងត្រូវធ្វើការងារ​លំបាកជាច្រើន​ជាមួយអ្នកបង្កបញ្ហាក្នុងឧប្បត្តិហេតុ​ដែលអាចកើតមានជាថ្មីទៀត៕

ប្រភពៈ VOD