បក្ស​របស់​លោកស្រី​ ស៊ូជី​អាច​លុបចោល​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​របស់​ចិន

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ចូល​ដឹកនាំ​ប្រទេស​ភូមា គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​បាន​បង្ហើប​ឲ្យ​ដឹង កាលពី​ថ្ងៃ​ពុធទី ៩​មីនាថា គណបក្ស​នឹងអាច​លុបចោល​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ចិន ក្នុង​ទឹកដី​ភូមា។ គណបក្ស​ប្រឆាំង ដែល​ឈ្នះឆ្នោត​ដ៏ធំធេង កាលពី​ខែ​វិច្ឆិកា​កន្លងទៅ មាន​គម្រោង​ផងដែរ​នឹង​ត្រួតពិនិត្យ សើរើ​ឡើងវិញ ពី​ផលចំណេញ​របស់​ ក្រុមហ៊ុន​ពហុ ដែល​ការពារ និង​គ្រប់គ្រង ដោយ​ក្រុមយោធា​ភូមា។

បក្ស​របស់​លោកស្រី​ ស៊ូជី​អាច​លុបចោល​គម្រោង​សង់​ទំនប់​វារីអគ្គិសនី​របស់​ចិន

លោកស្រី​អ៊ុងសាន ស៊ូួជី នៅពេល​ដើរ​ចូល​សភា នៅ​ថ្ងៃទី ១​កុម្ភៈ ក្រោយ​ការឈ្នះឆ្នោតនៅ​ភូមា

ចាប់​ពី​ដើម​ខែ​មេសា​តទៅ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសាន ស៊ូជី នឹង​ចូល​កាច់​ចង្កូត​ដឹកនាំ​ប្រទេស​ភូមា ជំនួស​ក្រុមយោធា។ នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ចូល​កាន់​អំណាច​គណបក្ស​មួយ​នេះ​បាន​ប្រកាស​ហើយ​ថា ខ្លួន​នឹង​អាច​លុប​ចោល​គម្រោង​សាងសង់​មហា​ទំនប់​វារីអគ្គិសនី របស់​ចិន នៅ​លើ​ទន្លេ​អ៊ីរ៉ាវ៉ាឌី ក្នុង​រដ្ឋកាឈីន ភាគខាងជើង​ប្រទេស​ភូមា។

តាម​គម្រោង រោងចក្រ​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន Ernergie China Power Investment Corp ដែល​មាន​តម្លៃ ៣ពាន់ ៦រយ​លាន​ដុល្លារ នឹង​ត្រូវ​ផលិត​ភ្លើង​សម្រាប់​ប្រទេស​ចិន។ ប៉ុន្តែ គម្រោង​នេះ​ត្រូវ​បាន​ផ្អាក តាំង​ពី​ឆ្នាំ ២០១១​មកម្ល៉េះ ដោយ​រដ្ឋាភិបាល​របស់​លោកថេន សេន ដែល​កាលណោះ បាន​ធ្វើ​ឲ្យ​ចិន ខឹងខ្ញាល់​ខ្លាំង។ កាលពី​ថ្ងៃ​ពុធ លោក​យេ ទុត អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​អស់អាណត្តិ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ថា រដ្ឋាភិបាល​មុន​បាន​ផ្អឹប​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​រហូត​ដល់​ចុង​អាណត្តិ។ ដូច្នេះ ការសម្រេច​ចិត្ត បន្តផ្អឹប ឬ​បើក​ភ្លើងខៀវ គឺ​ស្ថិតនៅ​លើ​ភារៈ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី។

គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី នៅថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​បង្ហាញ​មុខ​បេក្ខជន សម្រាប់​មុខតំណែង​ប្រធានាធិបតី​ភូមា មុន​នឹង​ប្រកាស​សមាសភាព​រដ្ឋាភិបាល​នៅ​ថ្ងៃ​បន្តបន្ទាប់។ តាម​លោក ហាន់តា មីន ដែល​ជា​វិស្វករ និង​ជា​មន្រ្តីទទួល​បន្ទុក បញ្ហា​សេដ្ឋកិច្ច​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ រដ្ឋាភិបាល​ថ្មី អាច​នឹង​លុបចោល​គម្រោង​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី របស់​ចិន នៅ មីតសូន ក្នុង​រដ្ឋកាឈីន ដោយសារ​តែ ទំនប់​វារីអគ្គិសនី ស្ថិតនៅ​ក្បែរ​តំបន់​ដែល​ងាយ​រង​គ្រោះរញ្ជួយដី។ ដោយ​លុប​ចោល​គម្រោង​មួយនេះ គេ​អាច​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​កន្លែង​ផ្សេង​ទៀត។

រដ្ឋាភិបាល​ភូមា​ថ្មី ដឹកនាំ​ដោយ​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​អាច​លុបចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ក្នុង​ហេតុផល​សន្តិសុខ ប៉ុន្តែ មិនមែន​ចង់​បង្ក​ជម្លោះ​ជាមួយ​មហាយក្ស​ចិន​នោះ​ទេ។ តាំង​ពី​ក្លាយ​ជាសមាជិក​សភា នៅ​ឆ្នាំ ២០១២ លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​បាន​គេ​មើលឃើញ​ថា អ្នកនយោបាយ​ដែល​ចេះសម្របខ្លួន​តាម​កាលៈទេសៈ។ លោកស្រី​មិន​ដែល​ប្រកាន់​ជំហរ​តឹង ដាក់​ចិន​នោះ​ទេ។ គេ​នៅចាំបាន​ថា កាល​លោកស្រី​នៅ​ជា​សមាជិក​សភាភូមា លោកស្រី​បាន​បើក​ការស៊ើបអង្កេត​មួយ ទៅលើ​ការបង្រ្កាប​លើ​ប្រជាជន​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែស្ពាន់​របស់​ក្រុមហ៊ុន​ចិន។ ក្រោយ​ការស៊ើបអង្កេត លោកស្រី​បាន​សម្រេច​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​ធ្វើ​អាជីវកម្ម រហូត​ធ្វើ​ឲ្យ​មាន​កំហឹង​តវ៉ា​ខ្លាំង​របស់​ប្រជាជន​ក្នុង​តំបន់។

មួយវិញទៀត ដោយចង់​លុបចោល​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​របស់​ចិន​លើកនេះ រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​គណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ក៏​ចង់​ឆ្លៀត​ឱកាស ដើម្បី ពិនិត្យ​សើរើ​ឡើងវិញ មុខ​ជំនួញ​វិនិយោគ​របស់​ក្រុមហ៊ុនពហុ ដែលរហូត​មក ជា​ប្រភព​ផ្តល់​ប្រាក់កាស​ដល់​ក្រុមយោធា​ភូមា៕

ប្រភពៈ RFI