បក្ស​ប្រឆាំង​​អូស្ដ្រាលី​ថា​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​មាន​ទឹក​ប្រាក់​៥៥​លាន​ដុល្លារ​អូស្ដ្រាលី​​​ជា​បរាជ័យ ​និង​ការ​ខាត​លុយ​ឥត​ប្រយោជន៍

លោក Peter Dutton រដ្ឋមន្ដ្រី​ក្រសួង​អន្ដោប្រវេសន៍​អូស្ដ្រាលី​និយាយ​ថា ជន​ភៀស​ខ្លួន​២នាក់​ដែល​អូស្ដ្រាលី​បាន​ផ្ទេរ​ពី​កោះ​ណារូ​ទៅ​កម្ពុជា​បាន​ សម្រេច​ចិត្ដ​វិល​ទៅ​​អ៊ីរ៉ង់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ។

ការ​ចាក​ចេញ​របស់​ប្ដី​ប្រពន្ធ​អ៊ីរ៉ង់​២នាក់​នេះ​បាន​ធ្វើ​ឲ្យ​ជន​ភៀស​ខ្លួន​ពី​អូស្ដ្រាលី​ទៅ​កម្ពុជា​នៅ​ក្នុង​ក្រុម​ទៅ​ដំបូង​នៅ​សល់​តែ​ម្នាក់​ទេ​។

ស្ដ្រី​អ្នក​នាំពាក្យ​លោក​រដ្ឋ​មន្ដ្រី​អន្ដោប្រវេសន៍​អូស្ដ្រាលី​និយាយ​ថា ជន​ភៀស​ខ្លួន​ទាំង​ឡាយ​អាច​សម្រេច​ចិត្ដ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​បាន​គ្រប់​ពេល​វេលា។

បក្ស​ប្រឆាំង​​អូស្ដ្រាលី​ថា​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កម្ពុជា​មាន​ទឹក​ប្រាក់​៥៥​លាន​ដុល្លារ​អូស្ដ្រាលី​​​ជា​បរាជ័យ ​និង​ការ​ខាត​លុយ​ឥត​ប្រយោជន៍

រូប​ឯកសារ​នៃ​ការ​តវ៉ា​របស់​ជន​ភៀស​ខ្លួន​នៅ​កោះ​ណារូ​ដែល​មិន​ព្រម​ទៅ​​កម្ពុជា​។ បដា​មួយ​និយាយ​ថា មាន​តែ​សាក​សព​របស់​យើង​ទេ​ដែល​​អាច​ទៅ​កម្ពុជា​ (Credit: ABC)

ស្ដ្រី​អ្នក​នាំពាក្យ​រូប​នេះ​និយាយ​ទៀត​ថា រដ្ឋាភិបាល​អូស្ដ្រាលី​នៅ​តែ​ប្ដេជ្ញា​ចិត្ដ​ដដែល​ក្នុង​ការ​បញ្ជូន​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ដែល​បាន​ធ្វើ​ដំណើរ​តាម​កាណូត​មក​អូស្ដ្រាលី​ឲ្យ​ទៅ​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤ រដ្ឋាភិបាល​អូស្ដ្រាលី និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណារូ​ទៅ​កម្ពុជា​ដើម្បី​ជា​ថ្នូរ​កម្ពុជា​បាន​ប្រាក់​ជំនួយ​បន្ថែម​៤០លាន​ដុល្លារ​អូស្ដ្រាលី និង​១៥​លាន​ដុល្លារ​អូស្ដ្រាលី​ថែម​ទៀត​សម្រាប់​កិច្ចការ​ងារ​តាំង​ទីលំនៅ​ជន​ភៀស​ខ្លួន​ទាំង​នោះ។

ជា​ហូរ​ហែ​ជន​ភៀស​ខ្លួន​ពី​កោះ​ណារូ​ដែល​បាន​ទៅ​ដល់​កម្ពុជា​បាន​សម្រេច​ចិត្ដ​វិល​ទៅ​ស្រុក​កំណើត​វិញ ហើយ​រឿង​នេះ​លោក Richard Marles រដ្ឋមន្ដ្រី​ស្រមោល​ពី​បក្ស​ប្រឆាំង​សហព័ន្ធ​អូស្ដ្រាលី​ទទួល​បន្ទុក​ឃ្លាំ​មើល​ការងារ​អន្ដោប្រវេសន៍​របស់​រដ្ឋាភិបាល​អូស្ដ្រាលី​និយាយ​ថា កិច្ច​ព្រម​ព្រៀង​នេះ​ជា​បរាជ័យ​ និង​ខាត​បង់​ប្រាក់​អូស្ដ្រាលី​ឥត​ប្រយោជន៍​។

ខណៈ​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​របស់​អូស្ដ្រាលី​ជា​មួយ​កម្ពុជា និង​ប៉ាពួនូវ៉ែលហ្គីណេ​បាន​បរាជ័យ​មិន​បាន​ការ​ចាប់​អារម្មណ៍​នោះ រដ្ឋាភិបាល​អូស្ដ្រាលី​កំពុង​តែ​ពិភាក្សា​ជា​មួយ​នឹង​ប្រទេស​ដទៃ​ទៀត​ដើម្បី​បញ្ជូន​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ចេញ​ក្នុង​នោះ​រួម​មាន​ប្រទេស​ម៉ាឡេស៊ី, ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​៕

ប្រភពៈ radioaustralia