នាយករដ្ឋមន្ត្រី​កាណាដា ទៅ​អាមេរិក​ដើម្បី​ស្តារ​មិត្តភាព

លោក​ចាស្ទីន ទ្រុយដូ ​នាយករដ្ឋមន្ត្រី​ថ្មី​វ័យក្មេង​របស់​កាណាដា ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១០​ មីនា​ តាម​ការ​អញ្ជើញ​របស់​លោក​អូបាម៉ា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ នេះជា​ទស្សនកិច្ច​ ដែល​ក្រៅពី​ដើម្បី​ជជែក​ពី​ទំនាក់ទំនង​ទ្វេភាគី ​ គឺ​វា​ជា​និមិ្មតរូប​នៃ​ការ​ស្តារ​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​ឡើងវិញ។ អស់​រយៈពេល​១៩​ឆ្នាំ​មក​ហើយ ​ដែល​មិនមាន​នាយករដ្ឋមន្ត្រី​កាណាដា​ណា​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ទេ។

នាយករដ្ឋមន្ត្រី​កាណាដា ទៅ​អាមេរិក​ដើម្បី​ស្តារ​មិត្តភាព

លោក​​នាយករដ្ឋមន្ត្រី​កាណាដា និងប្រធានាធិបតី​​អាមេរិក​ ព្រមទាំង​ភរិយា​នៅសេតវិមាន​ ក្រុងវ៉ាស៊ីនតោន​ ថ្ងៃ​ទី​១០ មីនា ២០១៦

ចាប់តាំង​ពី​ឆ្នាំ​១៩៩៧​មក​ដល់​ពេល​នេះ ​គឺ​លោក​ចាស្ទីន ទ្រុយដូ ​ជា​នាយករដ្ឋមន្ត្រី​កាណាដា​ទីមួយ​ហើយ​ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ ព្រមទាំង​លៀង​ភោជនីយាហារ ​នៅក្នុង​សេតវិមាន​ប្រធានាធិបតី​អាមេរិក។ ទំនាក់ទំនង​រវាង​ប្រទេស​អាមេរិក​ខាង​ជើង​ទាំងពីរ​ ដែល​ជាប់​ភូមិផង​របង​នឹង​គ្នា ​កាន់តែ​ជួបភាព​រង្គោះរង្គើរ​ ក្នុង​រយៈ​ពេល​កាន់​តំណែង​របស់​អតីត​នាយករដ្ឋមន្ត្រី​កាណាដា​លោក ​ស្តេហ្វិន ហារពើរ។ លោក​អូបាម៉ា ​ដែល​ជា​អ្នក​ប្រជាធិបតេយ្យ ​មាន​ស្មារតី​បើក​ទូលាយ ​មិន​ពេញចិត្ត​នឹង​គំនិត​បែប​អភិរក្ស​ជ្រុល​និយម​ របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​កាណាដា​ទេ។
ប៉ុន្តែ​លោក ​ចាស្ទីន ទ្រុយដូ​ នាយករដ្ឋមន្ត្រី​រូបសង្ហារ​ វ័យ​៤៤​ឆ្នាំ ​របស់​កាណាដា ​ដែល​ទើបតែ​ចូល​កាន់​តំណែង​កាលពី​ខែ​វិច្ឆិកា​កន្លង​មក​នេះ ​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ភ្លូកទឹក​ភ្លូកដី ​មិន​ថា​នៅ​កាណាដា ​មិន​ថា​នៅ​សហរដ្ឋ​អាមេរិក​ទេ។ ប្រជាជន​ក៏​ដូច​ជា​អ្នក​នយោបាយ​ប្រជាធិបតេយ្យ​អាមេរិក ​ ពេញ​ចិត្ត​​នឹង​​ស្មារតី​ស្វាហាប់ ​បើក​ទូលាយ​របស់​លោក ​នាយករដ្ឋមន្ត្រី​កាណាដា។ មាន​គោល​ជំហរ​នយោបាយ​ជាច្រើន​របស់​នាយករដ្ឋមន្រី​កាណាដា ​ដែល​អ្នក​ដ៏ទៃ​គួរ​ត្រូវ​យក​គំរូ​តាម​ ​ជា​ពិសេស​ទាក់ទិន​ និង​ស្មារតី​បង្រួបង្រួម​គ្នា ​ការ​មិន​ចោទ​ប្រកាន់​ទំលាក់​កំហុស​ទៅវិញ​ទៅមក ​ស្មារតី​មិន​ប្រកាន់​ពូជសាសន៍ ​ ​រឺ​ស្អប់​ខ្ពើម​ម្ខាង​ ស្រលាញ់​តែ​ម្ខាង។ មាន​អ្នកខ្លះ​បាន​ទាំង​ប្រៀប​ប្រដូច​ប្តី​ប្រពន្ធ​របស់​លោក​ នាយករដ្ឋមន្ត្រី​កាណាដ ​ទៅនឹង​ប្តី​ប្រពន្ធ​ ប្រធានាធិបតី​អាមេរិក​ លោក​កេណឺឌី ​ទៀត​ផង។

នាយករដ្ឋមន្ត្រី​កាណាដា ទៅ​អាមេរិក​ដើម្បី​ស្តារ​មិត្តភាព

ស្នាម​ញញឺម និង​សំណើច​​បង្ហាញ​ពី​ភាព​ល្អូកល្អឺន​ រវាង​​មេដឹកនាំ​​ទាំងពីរ​ អាមេរិក​-កាណាដា

ជា​ការពិត​ ដំណើរ​​ទស្សនកិច្ច​ ដ៏​សែន​ទន្ទឹង​រងចាំ​នេះ ​ គឺ​ជា​ឱកាស​អាច​ឲ្យ​មេដឹកនាំ​ទាំងពីរ​ អាមេរិក​ និង​កាណាដា ​បាន​មើល​ចិត្ត​គ្នា ​ និង​ស្គាល់​គ្នា​ឲ្យ​ច្បាស់។ ក្រៅ​ពី​ពិធី​លៀង​អាហារ ​ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​ធំៗ​ផង​នេះ ​ភាគី​ទាំងពីរ​បាន​លើក​យក​បញ្ហា​ធំ​មក​ពិភាក្សា​នោះ​គឺ ​បញ្ហា​បរិស្ថាន ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស។ ប្រទេស​ទាំងពីរ ​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​សន្និសីទ​ក្រុង​ប៉ារីស​ស្តីពី​បរិស្ថាន ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ ​ បាន​សន្យា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​១០​ មីនា​ ថា​នឹង​សហការ​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ឲ្យ​បាន​ពី​៤០​ទៅ ​៤៥% ​ពីនេះ​រហូត​ដល់ឆ្នាំ​២០២៥។

សូម​បញ្ជាក់​ថា ​ឧស្ម័ន​មេតាន ​ដែល​បញ្ចេញ​តាម​រយៈ​ឧស្ម័ន​ហ្គាស​ធម្មជាតិ ​គឺ​មាន​ផ្ទុក​ឧស្ម័ន​កាបូនិក​ដល់ទៅ​ ២៥%​លើស​ឱស្ម័ន​ដ៏ទៃ​ទៀត។ សកម្មភាព​បំលែង ​និង​បូម​យក​ហ្គាស​ធម្មជាតិ​ទាំង​នេះ​នៅ​សហរដ្ឋ​មេរិក ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ចំបង​ នៃ​អ្នក​ការពារ​បរិស្ថាន​ទាំង​នៅ​អាមេរិក​ ក៏​ដូច​ជា​កាណាដា។ លោក​នាយករដ្ឋមន្ត្រី​កាណាដា ​បាន​ប្តេជ្ញា​ថា​លោក​នឹង​ធ្វើការ​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ពុល ​ដែល​ជា​ប្រភព​នៃ​ការ​កើនឡើង​កំដៅ​ផែនដី៕

ប្រភពៈ RFI