អ៊ីរ៉ង់​នឹង​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស

ប្រទេស​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ធ្វើ​ការសាកល្បង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​នៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ដើម្បី​បង្ហាញ​ពី​អំណាច​និង​ការត្រៀម​រួចជាស្រេច​របស់​ខ្លួន​ក្នុង​ការ​តបត​ទៅ​នឹង​ការគំរាមកំហែង​នានា។

ការសាកល្បង​នេះធ្វើ​ឡើង​រយៈពេល​២​ខែ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ជនជាតិ​អ៊ីរ៉ង់​៥​នាក់​ និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការហាមឃាត់​សកម្មភាព​គ្រាប់​មីស៊ីល​នានា។​

អ៊ីរ៉ង់​នឹង​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស

គំរូអាវុធ​មួយប្រភេទ​​របស់​អ៊ីរ៉ង់​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅក្នុង​ការ​តាំង​ពិព៌រណ៍​អំពី​វិស័យការពារ​និង​សន្តិសុខ​នៅ​ឯ​ពិព័រណ៍អន្តរជាតិ​នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ង់​ កាលពីថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ២០១៦។

ប្រទេស​អ៊ីរ៉ង់​បាន​ការពារ​ការសាកល្បង​គ្រាប់មីស៊ីល​របស់​ខ្លួន​ចំនួន​២​ដង​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ថា​ ជា​ការការពារ​សន្តិសុខ​ជាតិ​ បន្ទាប់​ពី​អាមេរិក​និង​ប្រទេស​មហា​អំណាច​លោក​ខាងលិច​មួយ​ចំនួន​និយាយ​ថា ការសាកល្បង​របស់​អ៊ីរ៉ង់​បំពាន​ដល់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

ចាប់​តាំង​ពី​ពេល​នោះ​មក សេចក្តី​ព្រមព្រៀង​ថ្មី​មួយ​ត្រូវ​បាន​ឯកភាព​រវាង​ប្រទេស​អ៊ីរ៉ង់​នឹង​ប្រទេស​មហា​អំណាច​ពិភពលោក​មួយ​ចំនួន​ដើម្បី​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​នានា​ចេញ​វិញ។ កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺ​ដើម្បី​បញ្ចប់​កង្វល់​ដែល​អ៊ីរ៉ង់​បាន​ធ្វើ​ការទៅ​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ប៉ុន្តែអ៊ីរ៉ង់​តែងតែ​បដិសេធ។ ​

កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺ​ដើម្បី​ស្នើមិន​ឲ្យ​អ៊ីរ៉ង់​ធ្វើ​សកម្មភាព​អ្វី​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការបាញ់​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ដែល​អាច​បង្កើត​អាវុធ​នុយក្លេអ៊ែរ​បាន​ ដោយ​រួមមាន​ទាំង​ការ​បាញ់​គ្រាប់មីស៊ីល​ដែលប្រើ​បច្ចេកវិទ្យា​នេះ​ផង​ដែរ៕

ប្រភពៈ VOA