កូរ៉េខាងជើង​ប្តេជ្ញា​ធ្វើការ​សងសឹក​ខណៈ​សមយុទ្ធ​​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់​ផ្តើម​​

កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​ការកើនឡើង​នូវ​ភាពតានតឹង ដោយ​សារ​តែ​ការសាកល្បង​នុយក្លេអ៊ែរ​និង​ការបាញ់​គ្រាប់​មីស៊ីលឆ្លង​ទ្វីបរបស់​កូរ៉េខាងជើង​ថ្មីៗនេះ​។

សមយុទ្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​«សេចក្តីសម្រេច​គន្លឹះ​និង​កូនឥន្ទ្រី​» នឹង​ក្លាយ​ជា​សមយុទ្ធ​ដ៏​ធំ​ជាងគេ​បំផុត​ ដែល​មាន​កងកម្លាំង​កូរ៉េខាងត្បូង​ជាង​៣​០០.០០០នាក់​ និង​កងកម្លាំង​របស់​អាមេរិក​ប្រមាណ​១​៧.០០០​នាក់​ចូលរួម។

កូរ៉េខាងជើង​ប្តេជ្ញា​ធ្វើការ​សងសឹក​ខណៈ​សមយុទ្ធ​​យោធា​រួម​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ចាប់​ផ្តើម​​

កង​ទាហាន​កូរ៉េខាងត្បូង​ឈរ​នៅលើ​កាំភ្លើង​បាញ់​គ្រាប់​បែក​ K-55 របស់​ពួក​គេ​ក្នុង​ពេល​ហ្វឹក​ហាត់​ប្រចាំ​ឆ្នាំ​នៅ​ Paju ក្បែរ​ព្រំ​ប្រទល់​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​០៧ មិនា​​ ២០១៦

គណៈកម្មការ​ការពារ​ជាតិ​ដ៏​មាន​អំណាច​មួយ​របស់​កូរ៉េខាងជើង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​ប៉ុន្មាន​ម៉ោង​មុនពេល​ដែល​សមយុទ្ធ​នេះបាន​ចាប់​ផ្តើម​ ដោយ​បាន​គំរាម​ថា​នឹង​ធ្វើការ​ការពារ​ខ្លួន​ដោយ​កម្ទេច​ទាំងអស់​ដើម្បី​តបត​ទៅ​នឹង​សមយុទ្ធ​ប្រចាំ​ឆ្នាំ​មួយ​នេះ។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​គឺ​ជា​ការឈ្លានពាន​របប​កុម្មុយនិស្ត​របស់​ប្រទេស​ខ្លួន។ គណៈកម្មការ​នេះ​ក៏​បាន​គំរាម​ «បាញ់​នុយក្លេអ៊ែរ​កម្ទេច​ដើម្បី​យុត្តិធម៌​» ទៅ​លើ​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅ​កូរ៉េខាងត្បូង​និងនៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​ផង​ដែរ។

សេចក្តីថ្លែងការណ៍នោះ​បាន​ឲ្យ​ដឹង​ថា «ប្រសិន​បើ​យើង​ចុច​កុងតាក់​ដើម្បី​បំផ្លាញសត្រូវ​ក្នុង​ពេល​ឥលូវ​នេះ រាល់​មូលដ្ឋាន​យោធា​ដែល​បង្ក​រឿង​ទាំងអស់ នឹង​ក្លាយទៅ​ជា​សមុទ្រអណ្តាត​ភ្លើង​និង​ផេះ​ផង់​ក្នុង​ពេល​មួយ​រំពេច»។ ​

រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​គំរាមកំហែង​យ៉ាង​ដូច្នេះ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ចាប់​ផ្តើម​សមយុទ្ធ​រួម​នេះ ដែល​ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​គឺ​មាន​លក្ខណៈ​ការពារ​ខ្លួន​។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​ «បញ្ឈប់​អាកប្បកិរិយា​ព្រហើន​និង​មិន​បាន​គិតរបស់​ខ្លួន» ហើយ​លោក​បាន​សន្យា​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នឹង​ឆ្លើយតប​ទៅ​វិញ​ដោយ​ដាច់ខាត​និង​គ្មាន​ការប្រណី​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​អនុវត្ត​ទៅ​តាម​ការគំរាម​របស់​ខ្លួន​មែន​នោះ៕

ប្រភពៈ VOA