សភាជាតិ​ធ្វើ​សិក្ខាសាលា​ពិភាក្សា​សេចក្តី​ព្រាងច្បាប់​សហជីព

ភ្នំពេញ—សិក្ខា​សាលា​រយៈ​ពេល​ជិត​៤​ម៉ោង​របស់​គណៈ​កម្មការ​រដ្ឋសភា​នៃគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មាន​ការ​ផ្តល់​មតិ​ជា​ច្រើន​ខុសៗ​គ្នាពីតំណាង​សហជីព​ និយោជក​ និង​អង្គការ​ពាក់​ព័ន្ធ។​

មតិ​ទាំងនេះ​រួមមាន​ តំណាង​សហជីព​មិន​ត្រូវ​មាន​ងារ​ជា​ឯកឧត្តម​ងារ​ជាទីប្រឹក្សា​ ឬ​តួនាទី​ក្នុង​រដ្ឋាភិបាល​ ហើយ​មិន​ត្រូវ​មាន​សហជីព​បម្រើ​ផល​ប្រយោជន៍​និយោជកប្រឆាំង​ប្រយោជន៍​កម្មករ។ ​ហើយ​និយោជក​ត្រូវ​មាន​ប្រាក់​តម្កល់ដើម្បី​ធានា​ថា ​កម្មករ​បាន​ប្រាក់​ឈ្នួល​ពេល​រោង​ចក្របិទ ​ឬ​ប្តូរ​ឈ្មោះ ​ឬ​ប្តូរ​ថៅកែ​ជាដើម។​ តំណាង​សហជីព​បង្ហាញ​ក្តីបារម្ម​អំពី​កំហិត​ផ្លូវច្បាប់​មក​លើ​សហជីព ​ដូចជា​ទោសទណ្ឌ​ ការ​តម្រូវ​ឲ្យ​តំណាង​សហជីព​ត្រូវ​មាន​លិខិត​ថ្កោលទោស ​និង​លក្ខខណ្ឌ​នៃ​ការ​បង្កើត​សហភាព​សហជីព។​ ​


គណៈ​កម្មការ​រដ្ឋសភាបើកសិក្ខាសាលា​​ទទួល​អនុសាសន៍​ពីសង្គមស៊ីវិល សហជីព និង​និយោជក​

ក្រៅ​ពី​នេះ​ ​ខណៈ​ដែល​ភាគី​សហជីព​ចង់​ឲ្យ​ពន្យារ​ពេល​ការ​អនុម័ត​ច្បាប់​នេះ ភាគី​និយោជក​ចង់ឲ្យ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ឲ្យ​បាន​ឆាប់ ​ទោះ​ជា​ភាគី​គ្រប់គ្រង​រោងចក្រមិន​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏ដោយ។ ​ក្រៅ​ពី​នេះ​ភាគី​និយោជក​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើតតុលាការ​ការងារ​ឲ្យ​បាន​ឆាប់​ផង​ដែរ។

​ខណៈ​សហជីព​ឯករាជ្យ​ខ្លះ​ដែល​ធ្វើការ​ដើម្បី​ប្រយោជន៍​កម្មករ​រិះគន់​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​រឹត​បន្តឹងការ​ចង​ក្រង​សហជីព​នៅ​តាម​បណ្តា​រោង​ចក្រ​ និង​សហគ្រាស​នោះ​ តំណាង​និយោជក​ក៏​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែរ។​

លោក​កាំង ម៉ូនីកា​ អគ្គ​លេខាធិការ​រង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ប្រាប់​សិក្ខា​សាលា​ថា ​ការ​កំណត់​ចំនួន​មនុស្ស​ត្រឹម​តែ​១០​នាក់​ដើម្បី​បង្កើត​សហជីព​ ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​បង្ក​ឲ្យ​មាន​សហជីព​ច្រើន​លើស​លប់​ មាន​ទំនាស់​ក្នុង​គ្រឹះស្ថាន​សហគ្រាស​ និង​នាំឲ្យ​ខាត​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ។​

«អញ្ចឹង​ការ​កំណត់​ចំនួន​ទាប​ពេក​ដើម្បី​បង្កើត​សហជីព​ ខ្ញុំ​គិត​ថា ​មិនបាន​ផ្តល់​នូវ​តម្លៃ​ខ្ពស់​ដល់​សហជីព​ទេ។​ សហជីព​គួរ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​សមាជិក​យ៉ាង​តិច​២០%នៃ​ចំនួន​កម្មករ​និយោជិត​សរុប​នៅ​ក្នុង​គ្រឹះ​ស្ថាន​សហ​គ្រាស​មួយ»។​

លោក​បន្ត​ថា​ សូម្បីនៅ​សភា​ជាតិ​ដែល​មាន​គណបក្ស​នយោបាយតែ​ពីរ​ក៏​មាន​ទំនាស់ច្រើន​ដែរ។

​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះត្រូវ​បាន​រៀបចំ​កែប្រែ​ជាថ្មី​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្រ្គោះ​ជាតិ ​កាលពី​ពាក់​កណ្តាល​ខែ​មករា។ក្រុម​សហជីព​និង​កម្មករ​ធ្វើការ​តវ៉ា​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះសេចក្តី​ព្រាង​ច្បាប់​នេះ ​និង​បាន​សុំឲ្យ​មាន​ការ​កែប្រែ​ចំណុច​ចំនួន​២១។​

លោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា ​C-CAWDU ​បាន​និយាយ​ថា ​ក្នុង​ចំណោម​ចំណុច​ទាំង២១​នោះ ​មាន​ចំណុច​ចំនួន​៣​ដែល​ធ្វើ​ប៉ះពាល់​ផល​ប្រយោជន៍​កម្មករ​យ៉ាង​ខ្លាំង​ ​ហើយ​ដែល​ធ្វើ​ឲ្យ​សហជីព ​និង​កម្មករ​បារម្ភ​បំផុត។​

«ចំណុច​ទីមួយ​គឺ​សិទ្ធិ​កូដកម្ម។​ សិទ្ធិ​កូដកម្ម​នេះ​គឺ​បើសិន​ត្រូវមាន​សមាជិក​៥០​បូក១​នៃ​សមាជិក​សរុប​ដើម្បី​សម្រេច​ធ្វើកូដកម្ម​ ​បាន​ន័យ​ថា ​សិទ្ធិ​នេះ​ត្រូវ​បាន​បាត់​ហើយ​ ហើយ​កម្មករ​លែង​មាន​ឱកាស​ធ្វើ​កូដកម្ម​ទៀត​ហើយ។​ ទីពីរ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រំលាយ​អង្គភាព។​ ប្រសិន​បើ​និយោជក​មាន​សិទ្ធិ​ស្នើ​រំលាយ​ដែរ​ បាន​ន័យ​ថា ​អង្គភាព​ហ្នឹង​អត់​មាន​និរន្តរភាព​ទេ​។ ហើយ​មួយ​ទៀត​ បើសិន​ជា​សហជីព​មិនទាន់​បាន​ចុះ​បញ្ជី​ ឬ​ពន្យារ​ការ​ចុះបញ្ជី​ ​នោះ​យើង​ទៅ​ជា​ខុស​ច្បាប់។ ​ អញ្ចឹង​បាន​ន័យ​ថា ​យើង​ខុស​ច្បាប់​ដោយ​ស្វ័យ​ប្រវត្តិ។​ បី​ចំណុច​ហ្នឹង​គឺយើង​បារម្ភ​ខ្លាំង​មែន​ទែន»។

លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បាន​ប្រាប់​សិក្ខា​សាលា​ថា​ ច្បាប់​នេះគ្រប​ដណ្តប់​លើ​និយោជិត​ទាំងអស់​ ហើយ​គេ​អាច​បង្កើត​សហជីព​ បើ​មាន​គ្នា​ចាប់ពី​១០​នាក់។ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​ត្រូវ​មាន​សំឡេង​៥០%​បូក​មួយនៃ​កម្មករ​ក្នុងរោង​ចក្រ​សហ គ្រាស​ណា​មួយ។​

«ហើយ​ការ​អនុម័ត​ត្រូវ​ធ្វើយ៉ាង​ណាឲ្យ​បាន​៥០%​បូក​មួយ​ដើម្បី​នឹងអនុម័ត​ថា ​តើធ្វើ​ឬ​មិន​ធ្វើ ​ព្រោះ​ធ្វើ​ទៅ​វា​ប៉ះពាល់​ផល​ប្រយោជន៍​បង​ប្អូន»។

យ៉ាងណាក្តី​ ​លោក​សុន ឆ័យ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​រដ្ឋសភា​ បាន​ប្រាប់​ VOA​ ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​កែ​លម្អ។ ​

«យើង​ឃើញ​ហើយ​ច្បាប់​ដែល​រដ្ឋាភិបាល​ផ្តល់​មក​រដ្ឋ​សភា​នេះគឺ​មិន​បាន​ធានា​ដល់​កម្មករ​ក្នុង​ការ​បង្កើត​សហជីព​ទូលំ​ទូលាយ​ទេ»។

​លោក​និយាយ​ថា ​គណបក្ស​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ តែ​លោក​មិន​រំពឹង​ថា​ ក្តី​បារម្ភ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ច្រើន​ដូច​ក្តី​រំពឹង​របស់​កម្មករ​ និង​សហជីព​នោះ​ទេ។ ​

លោក​ហេង ​សំរិន​ ប្រធាន​រដ្ឋសភា​និង​ជា​អធិបតី​នៃ​សិក្ខាសាលា​នេះ​ ​បាន​អំពាវនាវ​ឲ្យ​គណៈ​កម្មការចំពោះ​កិច្ច​ ដែល​សិក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​ និង​ទទួល​យក​នូវ​សំណើ​របស់​ពួក​គេមួយ​ចំនួន​ បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដើម្បី​ឱ្យ​ច្បាប់​នេះ​បម្រើ​ផលប្រយោជន៍​ សហជីព ​កម្មករ​ និង​និយោជក។

«ក្រុម​ការងារ​ចំពោះ​កិច្ច​របស់​រដ្ឋសភា​ត្រូវ​យក​ចិត្តទុក​ដាក់​ចំពោះ​មតិ​ យោបល់ ​សំណូមពរ​ និង​អនុសាសន៍​នានា»។​

លោក​និយាយ​ថា ​វិស័យ​កាត់ដេរ​ដែល​មាន​រោងចក្រ​ជាង​៥.០០០​ និង​មាន​និយោជិត​ជាង​៥​សែននាក់​គឺ​ជា​វិស័យ​ដ៏​សំខាន់​រួម​ចំណែក​ដល់​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា។ ​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដែរ ​ខណៈ​ដែល​សិក្សា​សាលា​នេះ​កំពុង​ធ្វើឡើង​នៅ​ក្នុង​រដ្ឋ​សភា​នោះ​ ​នៅមុខ​វិមាន​រដ្ឋសភា​មាន​កម្មករ​និង​សមាជិក​សហជីពប្រហែល​១០០​នាក់បាន​លើក​គ្នា​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ​សភា​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នេះ។​

អ្នកស្រី​អុំ ម៉ានិត ​ដែល​កាន់​បដា​បដិសេធ​ច្បាប់​សហជីព​នេះ ​ប្រាប់​ VOA​ថា៖​

«ទាមទារ​ឲ្យ​សភា​ហ្នឹង​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​អញ្ចឹង​ហ្នឹង​ណា៎ ​ព្រោះ​ថា ​បើ​គាត់​អនុម័ត​រួច​ហើយ ​វា​ធ្វើឲ្យ​កម្មករ​ទាំងអស់​គាត់​អត់មាន​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​និង​បញ្ចេញ​មតិ​ផ្សេងៗ»។​

គណៈ​កម្មការ​ចំពោះ​កិច្ចការ​របស់​រដ្ឋសភា​ជាតិ​បាន​ធ្វើ​សិក្ខាសាលា​លើក ​ទី១​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ កាលពី​ថ្ងៃ​ទី១៩​ខែ​មករា។ សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ​បាន​ទៅ​ដល់​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​ជាតិ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ២០១៥​ បន្ទាប់​ពី​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​គ្មាន​ការ​កែប្រែ៕

ប្រភពៈ VOA