អាដហុក ត្រៀម​មេធាវី​ជួយ​ការពារ​ដល់​នារី​ម្នាក់​ដែល​គេ​ចោទ​ថា ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុដ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​បាន​ត្រៀម​មេធាវី​ម្នាក់​រួច​រាល់​ហើយ ដើម្បី​ជួយ​ការពារ​កញ្ញា​ឃុំ ច័ន្ទតារាទី ហៅ ស្រីមុំហើយ​មេធាវី​នោះ ក៏​នឹង​អម​ដំណើរ​ជាមួយ​នាង​ចូល​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ស្អែក​នេះ​ផង​ដែរ។ ការ​ផ្តល់​មេធាវី​នេះ បន្ទាប់​ពី​កញ្ញា​ឃុំ ច័ន្ទតារាទី ហៅ ស្រីមុំដែល​រ​ងការ​ចោទ​ប្រកាន់​ថា ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​មក​សុំ​អន្តោរាគមន៍​ដោយ​ផ្ទាល់​ដល់​ទី​ស្នាក់ការ​សមាគម​អាដហុក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​រសៀល​ម្សិលមិញ។

អាដហុក ត្រៀម​មេធាវី​ជួយ​ការពារ​ដល់​នារី​ម្នាក់​ដែល​គេ​ចោទ​ថា ជា​ស្រី​កំណាន់​របស់​លោក​កឹម សុខា

លោក ​កឹម សុខា ​ត្រូវ​បាន​គេ​យក​រឿង​អាស្រូវ​ស្នេហា​មក​បរិហារ​កេរិ៍្ត​នៅ​តាម​បណ្តាញស​ង្គម​ ជា​មួយនា​រី​ម្នាក់​មាន​ឈ្មោះ​ ហៅ​ក្រៅ​ថា ​ស្រីមុំ។

លោក​ នី​ សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដ​ហុក បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ថា​មេធាវី​ម្នាក់​របស់​សមាគម​នឹង​អម​ដំណើរ​ជាមួយ​កញ្ញា​ឃុំ ច័ន្ទតារាទី ហៅ ស្រីមុំ​ដើម្បី​ចូល​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហា​ផ្ទៃ​ទៅ​តាម​ការ​អញ្ជើញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ មីនា ឆ្នាំ​២០១៦។ ការ​អញ្ជើញ​នេះ គឺ​ដើម្បី​ឲ្យ​នាង​ទៅ​បំភ្លឺ​លើ​ករណី​បរិហារកេរ្តិ៍ ដោយ​ប្តឹង​ឡើង​ដោយ​កញ្ញា ធី សុវណ្ណថា ។

សូម​ជម្រាប​ជូន​ថា នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​លិខិត​អញ្ជើញ​កញ្ញា​ឃុំ ច័ន្ទតារាទី ហៅ ស្រីមុំ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ចំនួន​ពីរ​ដង គឺ​លើក​ទីមួយ​នៅ​ថ្ងៃ​ទី៧ មីនា។ ក៏​ប៉ុន្តែ​កាល​ណោះ​កញ្ញា​ស្រី​មុំ​មិន​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​អញ្ជើញ​ជា​លើក​ទីពីរ​ឲ្យ​ចូលមក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៦។ គឺ​ការ​អញ្ជើញ​ទាំង​ពីរ​លើក​នោះ​ហើយ បាន​ធ្វើ​ឲ្យ​កញ្ញា​ស្រីមុំ មាន​ការ​ព្រួយ​បារម្ភ​ហើយ​ឡើង​មក​សុំ​អន្តរាគមន៍​ពី​សមាគម​អាដហុក​ដោយ​ផ្ទាល់​តែ​ម្តង។

ក្រៅ​ពី​សុំ​អន្តរាគមន៍​ពី​អាដហុក កញ្ញា​ស្រីមុំ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​បាន​បដិសេដ​ថា កញ្ញា​មិន​មែន​ជា​ស្រី​កំណាន់​របស់​លោកកឹម សុខា ដូច​ការ​ចោទ​ប្រកាន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ។ ជា​ការ​ចោទ​ប្រកាន់ បន្ទាប់​ពី​មាន​ការ​លេច​ធ្លាយ​ខ្សែ​អាត់​សំឡេង​សារ​សង​ស្នេហា​ជា​ច្រើន​វគ្គ ដែល​គេ​សង្ស័យ​ថា ​ជា​សំឡេង​របស់​លោក​កឹម សុខា និង កញ្ញា​ស្រី មុំ។ ទោះ​ជា​យ៉ាង​ណា កញ្ញា​ស្រីមុំ បាន​បញ្ជាក់​ថា មុន​រឿង​រ៉ាវ​ទាំង​នេះ បាន​កើត​ឡើង គឺ​ហ្វេស​ប៊ុក​របស់​នាង​ត្រូវ​បាន​គេ​លូច​ចូល​(Hack)។ នារី​វ័យ​ក្មេង​ម្នាក់​នេះ បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ដែរ​ថា នៅ​ពេល​នេះ​នាង​កំពុង​តែ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ហើយ​ចាប់​តាំង​ពី​មាន​បញ្ហា​ទាំង​នេះ​មក នាង​មិន​បាន​ធ្វើ​ការងារ​អ្វី​ទេ​ដោយ​សារ​​តែ​ខ្មាស​គេ។

ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​នេះ​ដែរ លោក​កឹម សុខា ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ មិន​បាន​ចាប់​អារម្មណ៍ ហើយ​ក៏​មិន​បក​ស្រាយ​អ្វី​នោះ​ទេ ដោយ​លោក និង​គណបក្ស​ទាំង​មូល​គិត​តែ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ។ ម៉្យាង​វិញ​ទៀត បើ​តាម​ព័ត៌មាន នៅ​ចុង​សប្តាហ៍​នេះ ​លោក​កឹម សុខា នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក​សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​អំពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​ក៏​ដោយ​ កាល​បរិច្ឆេទ និង​ទី​កន្លែង​នៃ​ជំនួប​នោះ​ មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភពៈ RFI