យុវជន​មួយ​ក្រុម​ប្ដឹង​ស្ត្រី​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ស្នេហា​ជាមួយ​លោក កឹម សុខា ពី​បទ​ឆបោក

យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​នានា ប្ដឹង​ស្ត្រី​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ​លោក កឹម សុខា កញ្ញា ខុម ចាន់ដារាទី ហៅ​ស្រីមុំ ពី​បទ​ឆបោក។

តំណាង​ក្រុម​យុវជន​ទាំង​នោះ​លោក ស្រី ចំរើន អះអាង​ដូច្នេះ ក្នុង​សិក្ខាសាលា​របស់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​១១ មីនា ដោយ​ចោទ​ប្រកាន់​កញ្ញា ខុម ចាន់ដារាទី ថា​ឆបោក​មិន​ទទួល​ស្គាល់​សំឡេង​របស់​ខ្លួន។

យុវជន​មួយ​ក្រុម​ប្ដឹង​ស្ត្រី​រង​ការ​ចោទ​ប្រកាន់​ថា​មាន​ស្នេហា​ជាមួយ​លោក កឹម សុខា ពី​បទ​ឆបោក

កញ្ញា​ ខុម ចាន់ដារាទី ហៅ ស្រីមុំ (រូប​ឆ្វេង​) ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ពេល​ចេញ​ពី​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ​២០១៦។

ក្រុម​យុវជន​ទាំង​នោះ​អះអាង​ថា ពួកគេ​បាន​ធ្វើ​កោសល្យ​វិច័យ​សំឡេង នៃ​ខ្សែ​អាត់​បែក​ធ្លាយ​សាសង​ស្នេហា​រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កញ្ញា ខុម ចាន់ដារាទី លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​សំឡេង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​នោះ ថា ជា​សំឡេង​តែ​មួយ។

យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​និស្សិត​នោះ ធ្លាប់​ទៅ​ដល់​មុខ​ស្នាក់​ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ ហើយ​តែងតែ​ទៅ​តាម​វេទិកា​សាធារណៈ​របស់​បក្ស​នេះ ដើម្បី​ជជីក​សួរ​ឲ្យ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង លោក កឹម សុខា បក​ស្រាយ​ពី​ខ្សែ​អាត់​សំឡេង​រឿងរ៉ាវ​ស្នេហា​នោះ។ ប៉ុន្តែ​​យុវជន​ទាំង​នោះ មិន​ដែល​បាន​បង្ហាញ​កាត​និស្សិត​របស់​ពួកគេ​ឡើយ ទោះបីជា​អ្នក​សារព័ត៌មាន​សួរ​រក​កាត​របស់​ពួក​គេ​ក្ដី។

ទោះបីជា​យ៉ាងណា​ក៏​ដោយ កញ្ញា ខុម ចាន់ដារាទី បដិសេធ​ជា​ថ្មី​ទៀត​ថា សំឡេង​នៅ​ក្នុង​ខ្សែ​អាត់​នោះ មិន​មែន​ជា​សំឡេង​របស់​នាង​ទេ ក្រោយ​ពី​នាង​ទៅ​ជួប​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ក្រសួង​មហាផ្ទៃ តាម​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ប្ដឹង​ឲ្យ​រក​ម្ចាស់​សំឡេង​សន្ទនា​ជាមួយ​លោក កឹម សុខា បរិហារកេរ្តិ៍​លើ​កញ្ញា ធី សុវណ្ណថា ក្តី។

កាល​ពី​ថ្ងៃ​ទី​៩ មីនា កញ្ញា ខុម ចាន់ដារាទី បាន​ចេញ​មុខ​បដិសេធ​ម្ដង​ហើយ ថា នាង​មិន​មាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ លោក កឹម សុខា ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ… | ប្រភពៈ RFA