ក្រសួងបរទេសកម្ពុជា ចេញបំភ្លឺជុំវិញរឿង «ហេតុអ្វីពលករ​ខុសច្បាប់​កាន់លិខិត​ឆ្លងដែន​ផ្លូវការ»

(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា បានសេចក្តីជូនដំណឹងមួយ ដោយធ្វើការបំភ្លឺជុំវិញរឿងរ៉ាវ ពលករខុសច្បាប់មានកាន់លិខិតឆ្លងដែនផ្លូវការរបស់កម្ពុជា។

នៅក្នុងលិខិតបំភ្លឺនោះបានរៀបរាប់ថា៖ រយៈកាលកន្លងមកនេះ មានមន្រ្តីរបស់អង្គភាព ស្ថាប័នខ្លះនៅពេលចប់បេសកកម្មផ្លូវការ ឬមិនបានទៅបំពេញ បេសកកម្មផ្លូវការ ហើយបានប្រើប្រាស់លិខិត​ឆ្លងដែនផ្លូវការ​នោះ ក្នុងការធ្វើដំណើរទៅធ្វើជាពលករខុសច្បាប់នៅក្រៅប្រទេស។

ប្រការនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសនោះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនយល់ថា ហេតុអ្វីបានជាពលករខុសច្បាប់កាន់លិខិតដែនផ្លូវការ ហើយបានជូន​ព័ត៌មាន​មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានទូតយើង។

ដូចនេះ ដើម្បីការពារកិត្តិយស​ និងកិត្យានុភាពជាតិ ហើយនិងមានតម្លៃរបស់លិខិតឆ្លងដែនផ្លូវការ​ ក្រសួងការបរទេសកម្ពុជា បានស្នើសុំការសំរេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បី​រក្សាទុក​លិខិត​ឆ្លងដែនផ្លូវការទាំងនោះ ហើយនឹងផ្តល់ជូនលិខិតឆ្លងដែន ផ្លូវការទាំងនោះ ដល់សាម៉ីមន្រ្តី ពេលមានបេសកកម្មជាថ្មី បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ផ្លូវការ របស់សាម៉ីស្ថាប័ន​ដោយ​ពុំមានបង្អែរបង្អង់ និងពុំមានការបង់ថ្លៃមួយសេនណាឡើយ៕

ក្រសួងបរទេសកម្ពុជា ចេញបំភ្លឺជុំវិញរឿង «ហេតុអ្វីពលករ​ខុសច្បាប់​កាន់លិខិត​ឆ្លងដែន​ផ្លូវការ»

ប្រភពៈ freshnewsasia