រដ្ឋាភិបាល​វៀតណាម​នឹងបញ្ជូន​ពល​រដ្ឋខ្មែរ​​២៣នាក់មកប្រទេស​វិញ ក្រោយ​រកឃើញថា​លក់ឆ្នោត​ខុស​ច្បាប់

រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថាអាជ្ញាធរ​​វៀតណាម​នឹង​បញ្ជូន​ពលរដ្ឋខ្មែរ​​ចំនួន​២៣នាក់​មកកម្ពុជា​វិញ ក្រោយ​ពី​រក​ឃើញថា​ពួកគេ​បាន​លក់ឆ្នោត​ខុសច្បាប់​នៅ​ក្នុងទីក្រុងហូជីមីញ។

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកម្ពុជា​បាន​បញ្ជាក់​ថា​ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម  បានសហការជាមួយ មន្ទីរស​ង្គមកិច្ចទីក្រុងហូជីមីញ  រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន២៣នាក់ ដែលក្នុងនោះមាន​មនុស្ស​​ចាស់៧នាក់ ស្រ្ដីមានផ្ទៃពោះគ្រប់ខែ១នាក់និងកុមារ១៦នាក់។ ក្រសួង​ការបរទេស​បញ្ជាក់​ថា​ពួកគេ​បានចូល​ទៅ​​ប្រកប​របប​លក់ឆ្នោតខុសច្បាប់នៅទីក្រុងហូជីមីញ។

ក្រសួងការបរទេស​ឲ្យដឹង​ថា៖ “ពលរដ្ឋខ្មែរទាំង២៣នាក់នោះដែលមានស្រុកកំណើតនៅស្រុកចន្ទ្រា និង​នៅ​ស្រុក​​កំពង់រោរិ៍ ខេត្តស្វាយរៀង នឹងត្រឡប់មកកម្ពុជាវិញ​ ក្នុងពេលឆាប់ៗខាងមុខនេះ នាសប្តាហ៍ទី ៣ ខែមីនា ឆ្នាំ២០១៦ តាមច្រកអន្តរជាតិបាវិត​”

ក្រសួង​ការបរទេស​ឲ្យដឹង​ទៀតថារដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ហោ ណាំហុង បានណែនាំជាថ្មីម្ដង​ទៀត​​ឲ្យ​ស្ថានតំណាងកម្ពុជាទាំងអស់ យកចិត្តទុកដាក់ឲ្យ​បានខ្លាំងក្នុងការជួយដល់ពលករ-ពលការិនី និង​ពលរដ្ឋកម្ពុជា ដែលបាន​ទៅធ្វើការនៅក្រៅប្រទេសទាំង​ស្របច្បាប់ និងមិនស្របច្បាប់។

អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី ប្រាប់វីអូឌី(VOD)នៅថ្ងៃព្រហស្បតិ៍ថា​អាជ្ញាធរ​វៀតណាម​បានឃាត់ខ្លួន​ពលរដ្ឋខ្មែរ​ទាំង​២៣នាក់នោះ ហើយ​ជម្រាបមកទូតខ្មែរ​។ លោក​បន្តថា​អគ្គកុងស៊ុលបានចុះពិនិត្យ​និង​មើល​ឃើញថា​ពួកគេជាពលរដ្ឋ​ខ្មែរ​មែន។ លោក​បន្ត​ថា​ពលរដ្ឋ​ទាំង២៣នោះ​បាន​ឆ្លង​ដែន​​ខុសច្បាប់ទៅប្រទេស​វៀតណាម ដោយ​មិន​មាន​ឯកសារ​ត្រឹមត្រូវ។​

គួរបញ្ជាក់ថារដ្ឋាភិបាល​កម្ពុជា​កំពុងចាត់វិធានការ​លើជនអន្តោប្រវែសន៍រស់នៅខុសច្បាប់​ក្នុងប្រទេស។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថាក្នុងឆ្នាំ២០១៥ ជនអន្តោប្រវែសន៍​ចំនួន៤៤២​៤​នា​ក់​​ត្រូវបានឃាត់ខ្លួននិងបណ្តេញចេញ ដែលក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។

​កាលពីថ្ងៃទី​២៦ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យបន្ត​អនុវត្តពិ​និត្យមើ​ល​ជ​ន​បរទេ​ស​អ​ន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានកា​រត្រូវតែធ្វើឡើ​ង​ដោ​​យម៉ឺង​ម៉ាត់និ​ង​អនុ​វត្តតាមច្បាប់ជាតិនិងអន្តរជាតិ។ លោកមានប្រសាសន៍​ថា៖ “ត្រូវបន្តលើកកម្ព​ស់វិធានកា​រក្នុ​ងការគ្រប់គ្រងជនបរទេសអន្តោប្រវែសន៍ ដោយធ្វើបច្ចុប្បន្នភាពជាប្រចាំ​នូវបញ្ជីជំរឿន​ស្ថិតិជន​បរទេសអន្តោប្រវែសន៍និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះជនបរទេ​សដែល​កាន់កាប់ឯកសារមិនស្របច្បាប់និងចាត់វិធានការតាមច្បាប់ជាតិនិងអន្តរជាតិចំពោះជនបរទេសដែ​លស្នាក់នៅ​មិនស្របច្បាប់”៕  ដោយ​ ស៊ុន ណារិន និង​ហ៊ុន សិរីវឌ្ឍន៍

ប្រភពៈ VOD