ក្រសួងមហាផ្ទៃ​ស្នើ​លោក ម៉ម ប៊ុនហេង ឲ្យ​ជួយ​បន្សាប​អ្នកញៀន​ថ្នាំ ក្នុង​គុក និង​មណ្ឌល​កែប្រែ​

ភ្នំពេញ៖ លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បានស្នើ​លោក ម៉ម ប៊ុនហេង ​​រដ្ឋមន្ត្រី​​ក្រសួង​​សុខាភិបាល​​​ឲ្យ​ជួយ​សហការ​ព្យាបាល​ជន​ជាប់ឃុំ​ដែលមាន​ផ្ទុក​សារជាតិ​ញៀន នៅតាមពន្ធនាគារ​រាជធានី​ ខេត្ត និង​មណ្ឌល​កែប្រែ​ទាំង ៤ ក្នុង​ប្រទេស​កម្ពុជា។

បើតាម​លិខិតសំណើក្រសួងមហាផ្ទៃ លោក នុត សាអាន បាន​​សរសេរ​​​​​ថា​​​ បច្ចុប្បន្ន​​ ករណី​លួច​ប្រើប្រាស់​សារជាតិ​ញៀន ចំណោម​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​រាជធានី​ខេត្ត និង មណ្ឌល​អប់រំ​កែប្រែ បានកើត​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ លោក​បានបន្តលើកឡើង​ផ្អែក​តាម​របាយការណ៍​ការ​ងារ​ប្រចាំឆ្នាំ ២០១៥ របស់​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​ប្រឆាំង​​​គ្រឿង​​ញៀន​​​​​ថា​​ ចំនួន​​​ជន​ជាប់ឃុំ​​​ដែលមាន​ផ្ទុក​សារជាតិ​ញៀន មាន​ចំនួន​ ៥៦៥០នាក់ ប្រហាក់ប្រហែល​នឹង​មួយ​ភាគបី នៃ​ចំនួន​ជន​ជាប់ឃុំ​សរុប​ទូទាំងប្រទេស។

លោក​បន្តថា ក្រសួងមហាផ្ទៃ​ត្រូវការ​ជា​ចាំបាច់​នូវ​កិច្ចជួយសហការ​ផ្នែក​បច្ចេកទេស​ព្យាបាល ពី​សំណាក់​ក្រសួង អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​គ្រប់គ្រង​ជន ជាប់ឃុំ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​មនុស្សធម៌ ព្រមទាំង​លើកកម្ពស់​សេវា​អប់រំ​កែប្រែ។

លោក​បានសរសេរ​ តាមរយៈ​លិខិត​ក្រសួង​ចុះ​ថ្ងៃទី៩ មីនា​នេះ​ថា៖«ក្រសួងសុខាភិបាល​មាន​នាយកដ្ឋាន​ជំនាញ ដែល​​មាន​​​បទ​​​ពិសោធន៍ មាន​​​មន្ត្រី​ជំនាញ ក៏ដូចជា​សម្ភារ​បច្ចេក​ទេស​សម្រាប់​កិច្ចការ​ព្យាបាល និង​បន្សា​សារជាតិ​ញៀន ខ្ញុំ​សូម​ឯកឧត្តម (លោក ម៉ម ប៊ុនហេង) ពិនិត្យ​លទ្ធភាព​ចាត់តាំង ក្រុមការងារ​ជំនាញ ដើម្បី​សហការ​អនុវត្ត​បទបញ្ជា​លេខ ០១ របស់​​​រាជរដ្ឋាភិបាល និង​ច្បាប់ស្តីពី ពន្ធនាគារ​ឲ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​ផ្តោតលើ​ការ​បន្សាប​អ្នកញៀន​គ្រឿងញៀន ក៏ដូចជា​ការ​ស្តារនីតិសម្បទា​ចិត្ត​សង្គម និង​ការផ្តល់សេវា​ប្រឹក្សា»៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​