ឥស្សរជន​ណាខ្លះ​ជា​បេក្ខជន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថ្មី​?

​គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​ទាំងពីរ​ជាន់​របស់​មី​យ៉ាន់​ម៉ា​បានជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​បក្ស​របស់ខ្លួន​រួចរាល់​ហើយ ខណៈពេល​បេក្ខជន​ដែល​តំណាង​ក្រុម​យោធា​នៅក្នុង​សភា នៅ​មិនទាន់​ដឹងថា​ជា​អ្នកណា​នៅឡើយ​ទេ​។ សភា​សហភាព​មី​យ៉ាន់​ម៉ា​នឹង​បោះឆ្នោត​សម្រេច​ជ្រើសរើស​បេក្ខជន​ជា​ប្រធានាធិបតី​តែម្ដង ដែល​គេ​រំពឹងថា អាច​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយនេះ​។​

​ដំណើរការ​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា បាន​ឈាន​មកដល់​ដំណាក់កាល​ថ្មី​មួយទៀត​នៅ​ថ្ងៃទី​១០ ខែមីនា​នេះ ខណៈដែល​សភា​ទាំងពីរ​មី​យ៉ាន់​ម៉ា បានជ្រើសរើស​បេក្ខជន​សម្រាប់​ឈរ​ជា​ប្រធានាធិបតី​រួចហើយ​។ ប៉ុន្តែ​ក្រុម​យោធា​ដែលមាន​សំឡេង​២៥​ភាគរយ​ក្នុង​សភា​ទាំងពីរ​ជាន់​នោះ នៅ​មិនទាន់​បញ្ចេញ​បេក្ខជន​របស់ខ្លួន​នៅឡើយ​ទេ​។ គណបក្ស​ធំៗ​ចំនួន​ពីរ​គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី និង​គណបក្ស​សហភាព​រួបរួម និង​អភិវឌ្ឍន៍ (USDP) សុទ្ធតែ​បានដាក់​បេក្ខភាព​រៀងៗ​ខ្លួន​។​

​លោក Htin Kyaw សមាជិកសភា​មកពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ត្រួវបាន​លោកស្រី ស៊ូ​ជី ជ្រើស​ជា​បេក្ខជន​សម្រាប់​តំណាង​ឲ្យ​សភា​ជាន់​ទាប​។ លោក​គឺជា​មនុស្ស​ជិតស្និទ្ធ​របស់លោក​ស្រី ស៊ូ​ជី និង​ជា​អតីត​អ្នក​បើកឡាន​ឲ្យ​លោកស្រី​ផងដែរ​។ បុរស​វ័យ​៦៩​ឆ្នាំ​រូបនេះ​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ជាប់​ជា​ប្រធានាធិបតី​ជំនួស​លោកស្រី ស៊ូ​ជី ដ្បិត​បក្សសម្ព័ន្ធ ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មាន​សំឡេង​លើសលប់​ក្នុង​សភា​សម្រាប់​បោះឆ្នោត​ជ្រើសរើស​រូបលោក  ។ មួយវិញទៀត​គណបក្ស​លោកស្រី ស៊ូ​ជី ក៏បាន​ជ្រើសរើស​លោក Henry Van Hti Yu ដែលជា​ជនជាតិ​ឈិន ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​កូតា​មកពី​សភា​ជាន់ខ្ពស់​ផងដែរ​។​

​ជាមួយគ្នានេះដែរ គណបក្ស​សហភាព​រួបរួម​និង​អភិវឌ្ឍន៍​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ថេ​ន សេន ក៏បាន​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ដែរ​។ គណបក្ស​នេះ បានជ្រើសរើស​អនុ​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Sai Mauk Kham ជា​បេក្ខជន​តំណាង​ឲ្យ​សភា​ជាន់​ទាប​បោះឆ្នោត ខណៈ​អតីត​ប្រធានសភា​ជាន់ខ្ពស់​លោក Khin Aung Myint ជា​បេក្ខជន​តំណាង​មកពី​សភា​ជាន់ខ្ពស់​របស់​គណបក្ស​នេះ​។

​បន្ទាប់ពី​ការជ្រើសរើស​នេះ សភា​ទាំងពីរ​ជាន់​នឹង​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់​តំណាង​ឲ្យ​សភា​រៀងៗ​ខ្លួន​។ ហើយ​ដំណាក់កាល​បន្ទាប់ បេក្ខជន​ពីរ​នាក់​ដែល​ជាប់ឆ្នោត រួម​ជាមួយនឹង​បេក្ខជន​របស់​ក្រុម​យោធា នឹងត្រូវ​បញ្ជូន​ឈ្មោះ​ទៅ​សភា​សហភាព​មី​យ៉ាន់​ម៉ា ដើម្បី​បោះឆ្នោត​សម្រេច​ចុងក្រោយ​។ បេក្ខជន​ដែល​ជាប់ឆ្នោត នឹង​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​មី​យ៉ាន់​ម៉ា ហើយ​បេក្ខជន​ពីរ​នាក់​ផ្សេង​ដែល​មិន​ជាប់ នឹង​ក្លាយជា​អនុ​ប្រធានាធិបតី​ទី​១ និង​ទី​២​ដោយ​ស្វ័យប្រវត្តិ​។​

​លើសពីនេះ អ្វីដែល​គេ​ដឹង​ច្បាស់​នោះ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​សំឡេង​គ្រប់គ្រាន់​សម្រាប់​ជ្រើសរើស​បេក្ខជន​ពីរ​នាក់ តំណាង​ឲ្យ​សភា​ទាំងពីរ​ជាន់ តាមរយៈ​ការទទួល​ជោគជ័យ​ភ្លូកទឹកភ្លូកដី​ក្នុងការ​បោះឆ្នោត​ចុងឆ្នាំ​២០១៥​។ នេះ​មានន័យ​ដែរ​ថា ប្រធានាធិបតី​ថ្មី​របស់​មី​យ៉ាន់​ម៉ា គឺជា​បេក្ខជន​មកពី​បក្ស​លោកស្រី ស៊ូ​ជី  ព្រោះ​បក្ស​នេះ​មាន​សំឡេង​គ្រប់គ្រាន់​នៅ​សភា​សហភាព​ហើយ​។ បេក្ខជន​អនុ​ប្រធានាធិបតី​ម្នាក់​ក្នុងចំណោម​ពីរ​នាក់ ក៏​មកពី​បក្ស NLD ដែរ ខណៈ​ម្នាក់ទៀត​គឺ​ច្បាស់​ណាស់​ថា​ទៅ​ក្រុម​យោធា​៕ 

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​