លោក អា​បេ បញ្ជា​ឲ្យ​ចារកម្ម​ប្រមូល​ព័ត៌មាន ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​

​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​បញ្ជា​ឲ្យ​គ្រប់ផ្នែក​ទាំងអស់ ត្រូវ​ប្រមូល​ព័ត៌មាន​ដែល​ចាំបាច់​ឲ្យ​បាន​លឿន ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន​ពីរ​គ្រាប់​ទៅក្នុង​សមុទ្រ​ជប៉ុន​នៅ​ថ្ងៃទី​៩ ខែមីនា​។ ជប៉ុន​បាន​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​នេះ​ដោយ​ចាត់ទុកថា ល្មើស​នឹង​បម្រាម​អង្គការសហប្រជាជាតិ ក៏ដូចជា​គំរាម​ដល់​សន្តិសុខ​ផ្លូវ​សមុទ្រ​និង​ផ្លូវអាកាស​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​លោក ស៊ីន​ហ្សូ អា​បេ បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ថ្នាក់​ប្រធាន​នាយកដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ក្រោយ​ពេលដែល​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៅក្នុង​សមុទ្រ​ជប៉ុន​។ លោក អា​បេ បាន​បញ្ជា​គ្រប់​ស្ថាប័ន​ប្រមូល​ព័ត៌មាន​ចារកម្ម​ឲ្យ​បាន​ឆាប់ ហើយ​ត្រូវ​វិភាគ​ស្ថានការណ៍​ទាំងនោះ​។

​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅក្រោយ​កិច្ចប្រជុំ​បន្ទាន់​នោះ លោកនាយក​រដ្ឋមន្ត្រី អា​បេ និយាយថា ជប៉ុន​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​របស់​របប​ផ្ដាច់ការ​កូរ៉េខាងជើង​។ លោក អា​បេ ក៏​បញ្ជាក់​ពី​ជំហរ​របស់​ជប៉ុន​ក្នុង​ការបន្ត​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ចែករំលែក និង​វាយតម្លៃ​ព័ត៌មាន​ចារកម្ម​សំខាន់ៗ​។

​ជាមួយគ្នា​នោះដែរ នាយករដ្ឋមន្ត្រី​ជប៉ុន​ចាត់ទុក​សកម្មភាព​បាញ់​របស់​កូរ៉េខាងជើង​ថា បំពាន​បម្រាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ មួយវិញទៀត បើទោះជា​គ្មាន​របាយការណ៍​ពី​ការប៉ះពាល់​លើ​ចរាចរណ៍​ផ្លូវអាកាស និង​ផ្លូវ​សមុទ្រ​ក៏ដោយ លោក អា​បេ និយាយថា ការបាញ់​នេះ គឺ​បាន​គំរាមកំហែង​ដល់​សុវត្ថិភាព​ពាណិជ្ជកម្ម​នៅ​សមុទ្រ និង​ប្រតិបត្តិ​ការដឹកជញ្ជូន​តា​ម​ផ្លូវអាកាស​នៅ​ពីលើ​ដែនសមុទ្រ​ជប៉ុន​។​

​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ប្រទេស​នេះ​គំរាម​វាយប្រហារ​សងសឹក​លើស​ម​យុទ្ធ​រួមគ្នា​ដ៏​ធំ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​នៅ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង​រិះគន់​ខ្លាំងៗ​ដល់​សមយុទ្ធ​ដែលមាន​ការចូលរួម​ពី​កងទ័ព​ច្រើនជាង​បី​សែន​នាក់ និង​បានចាត់ទុក​លំ​ហាត់​យោធា​នេះ​ថា ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់ខ្លួន​។

​សូម​រម្លឹក​ដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ហាម​កូរ៉េខាងជើង សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដែល​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​។ ប៉ុន្តែ ជា​ញឹកញយ​នោះ របប​ក្រុង​ព្យុងយ៉ាង​មិនបាន​អនុវត្តតាម​សេចក្ដីសម្រេច​នេះ​ទេ ថែមទាំង​បានធ្វើ​តេស្ត​និង​បាញ់​មី​ស៊ី​ល​ជាច្រើន​ច្រើនសារ​ទៀតផង​។ នៅ​ថ្ងៃទី​៦ ខែមករា កូរ៉េខាងជើង​ប្រកាសថា ខ្លួន​បានទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ដែល​នោះ​ជាការ​សាកល្បង​លើក​ទី​បួន ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ មិនបាន​ប៉ុន្មាន​ផង ពោលគឺ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ កូរ៉េខាងជើង​ក៏បាន​បាញ់​រ៉ុក្កែត​ទៅ​លំហ​អាកាស​ម្ដងទៀត ដែល​គេ​ជឿថា បាន​ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​ដែល​ត្រូវបាន​ហាមឃាត់​។

​ជាការ​ឆ្លើយតប​នឹង​សកម្មភាព​ផ្គើន​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់​មួយ​លើ​ក្រុង​ព្យុងយ៉ាង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ នៅ​ថ្ងៃ​ពុធ​ទី​២ ខែមីនា សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សា​នេះ​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​សេចក្ដីសម្រេច ដែល​ត្រូវបាន​ព្រាង​ដោយ​អាមេរិក ក្រោយពេល​ចរចា​ជិត​ពីរ​ខែ​ជាមួយ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​៕ 

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​