ថាក់ស៊ីន បន្ត​យុទ្ធនាការ​ប្រឆាំង​របប​សឹក ខណៈ យី​ង​ឡាក់ មិនអាច​ពាក់ព័ន្ធ​នយោបាយ​

​តាម​ការប្រកាស​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ អូ​ចា (Prayuth Chan  O  Cha) ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ថៃ នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៧​ខាងមុខនេះ​។ ទន្ទឹមនឹង​ការមកដល់​នៃ​ពេល​កំណត់​នេះ បញ្ហា​ចម្រូងចម្រាស​មួយ​បាននិងកំពុង​តែ​កើតឡើង​។ នោះ គឺ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ដែលជា​យន្ត​មួយ​នៃ​ការកែទម្រង់​ក្រោម​ការគ្រប់គ្រង​ដោយ​របប​សឹក​។ ភាពចម្រូងចម្រាស​នេះ បាន ជំរុញ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់​ត្រា (Thaksin Sinawattra) ដែល​កំពុង​រស់ នៅ​និរទេស​តាំងពី​ឆ្នាំ​២០០៦ ចេញមុខ​ប្រឆាំង ដ្បិត​លោក ព្រួយបារម្ភ​របប​សឹក​នឹង​បន្ត​កាន់អំណាច​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១០ ខែមីនា នា​វេទិកា​មួយ ក្នុង​ក្រុង​New York លោក ថាក់ស៊ីន បាន​អះអាងថា​លោក​ចង់​វិល​ត្រលប់​ទៅកាន់​ប្រទេស​ថៃ​វិញ ប្រសិន​វត្តមាន របស់លោក​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេស​ថៃ​។  លោក ក៏បាន​បន្ថែម​ដែរ​ថា លោក មិន​ជឿ​ការសន្យា​របស់​របប​សឹក​ដែលថា នឹងមាន​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​យន្តការ​នៃ​ការធ្វើ​រដ្ឋ ធម្មនុញ្ញ​របស់​របប​សឹក​នោះទេ​។ ជាពិសេស​នោះ លោក​ថាក់ស៊ីន ក៏បាន​ចោទ​របប​សឹក​ដែល​កំពុងតែ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ច័ន្ទ ថា​នឹង​បន្ត​កាន់អំណាច​តាម​លទ្ធភាព​ដែល​ពួកគេ​អាចធ្វើ​ទៅបាន ហើយ​របប​សឹក​នឹង​នៅតែ​កាន់អំណាច​បន្តទៅទៀត​។

​កាលពី​ខែកុម្ភៈ​កន្លងទៅ លោក ថាក់ស៊ីន ក៏បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត​បរទេស​មួយចំនួន​ផ្សេងទៀត​ផងដែរ​ដើម្បី​រិះគន់​ការគ្រប់គ្រង​របស់រប​ប​សឹក​។ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ លោក ថាក់ ស៊ីន បានផ្តល់​សម្ភាសន៍​ជាមួយនឹង​កាសែត Al Jazeera ដោយ​លោក​ថា ថៃ​កំពុងតែ​ថយក្រោយ ជាជាង​ទៅមុខ ដូច្នេះហើយ ទើប​លោក មានការ​បារម្ភ​ខ្លាំង ។ ជាមួយគ្នានេះ លោក ក៏បាន​ចំអក​ចំពោះ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​របប​សឹក​ថា ជា​រដ្ឋធម្មនុញ្ញ​ដែល អាក្រក់​បំផុត ហើយ រដ្ឋធម្មនុញ្ញ​នោះ​គួរតែ​ត្រូវបាន​សរសេរ​ក្នុងប្រទេស​កូរ៉េខាងជើង​។​

​មិន​ខុសពី​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត Al Jazeera ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ លោក ថាក់ស៊ីន បាន​ចំអក​តាមរយៈ​កាសែត Financial Times ដោយ​លោក ថា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​បែប​នោះ មិនគួរ​ធ្វើឡើង​ក្នុងសម័យ​បច្ចុប្បន្ន​ទសវត្សរ៍​ទី​២១​នោះទេ ។ លោក ថា​វា​គួរតែ​ធ្វើឡើង​ក្នុងពេល​សតវត្សរ៍​ទី​១៨​វិញ​ទើប​សម​។ ក្នុង​កាសែត​ដដែល លោក ក៏បាន​បន្ថែមទៀត ថា «​ជំនួស​ដោយ​ការសរសេរ​រដ្ឋធម្មនុញ្ញ​បែប​ឆ្កួត​លីលា វា​គួរតែមាន​ការពិភាក្សា​ដើម្បី​យល់ដឹង​ថា​អ្វី ដែល​ប្រជាជន​ចង់បាន​ពិតប្រាកដ​»​។

​ក្នុង​កិច្ចសម្ភាសន៍​ដដែល​លោក សង្កត់ធ្ងន់ថា « ខ្ញុំ មិន​និយាយថា​របប​សឹក នឹងមិន​នៅ​បន្ត​រយៈពេល​យូរ នោះទេ​។ ក៏ប៉ុន្តែ រាល់​របប​ដឹកនាំ​ទាំងឡាយណា ដែល​មិន​គោរព​ប្រជាជន នឹងមិន​អាច​បន្ត​ដឹកនាំ​បានយូរ​នោះ​។ ជាក់ស្តែង គ្មាន​នរណាម្នាក់ គោរព​កូរ៉េ​ជើង​ខាងជើង​នោះទេ​»​។

​ស្រដៀង​នឹង​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត Financial Times លោក ថាក់ស៊ីន ក៏បាន​វាយប្រហារ​របប​សឹក​តាម​កាសែត The Wall Street Journal ផងដែរ​។ លោក បាន​ចោទ​របប​ដឹកនាំ​យោធា​បាននិងកំពុង​ឲ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ហានិភ័យ និង​ភាពផុយស្រួយ​កាន់តែខ្លាំង​ដោយសារ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​បាន​រឹតត្បិត​អំណាច​របស់​រដ្ឋាភិបាល​ចេញពី​ការបោះឆ្នោត និង​ផ្តល់​អំណាច​ដល់​ក្រុម​យោធា​ដែល បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូបលោក និង​ប្អូនស្រី​របស់លោក​។​

​ការផ្តល់​កិច្ចសម្ភាសន៍​ជាមួយនឹង​កាសែត​បរទេស​ជា​បន្តបន្ទាប់​ទាំងនេះ គឺជា​យុទ្ធនាការ​មួយ​ដ៏​មាន​ឥទ្ធិពល​របស់លោក​ថាក់​ស៊ីន​ដើម្បី​ផ្ញើ​សារ​ទៅកាន់​សហគមន៍​អន្តរជាតិ ជាពិសេស​អ្នកគាំទ្រ​របស់លោក នៅក្នុង​ប្រទេស​ថៃ​ដើម្បី​ប្រឆាំង​ទៅនឹង​ចេតនា​នៃ​ការព្យាយាម​តោង​អំណាច​របស់​ក្រុម​យោធា​។ ហើយ​ការ​ងើបឡើង​នេះ ក៏​អាចទាក់ទង​ទៅនឹង​ការហាមឃាត់​កិច្ចការ​នយោបាយ​ក្នុងស្រុក​របស់​ប្អូនស្រី​លោក គឺ​លោកស្រី​យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត​ត្រា​ដែល​រង​នូវ​រដ្ឋប្រហារ​ដោយ​យោធា​កាលពី​ឆ្នាំ​២០១៤​។ លោកស្រី យី​ង​ឡាក់ ត្រូវ​សភា​ថៃ​អនុម័ត​សម្រេច​ហាមឃាត់​មិន​ឲ្យ​ចូលរួម​កិច្ច​នយោបាយ​រយៈ ពេល​៥​ឆ្នាំ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​