លោកខាងលិច​ចាប់ផ្តើម​បន្ទោស​គ្នា​រឿង​វិបត្តិ​លី​ប៊ី ក្រោយ​ទម្លាក់​កា​ដា​ហ្វី​

​លោកខាងលិច​ចាប់ផ្តើម​រុញ​កំហុស​ដាក់គ្នា រយៈពេល​ប្រាំ​ឆ្នាំក្រោយ​ការដួលរលំ​នៃ​របប​ផ្តាច់កា​រលី​ប៊ី ហើយ​លី​ប៊ី​គ្មាន​ស្គាល់​អ្វី​ថា​ប្រជាធិបតេយ្យ​និង​សុខសន្តិភាព​ឡើយ​។  ក្នុង​បទសម្ភាសន៍​ថ្មី​ជាមួយ​ទស្សនា​វ​ដ្តី​អា​ត្ល​ង់​ទិ​ក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បន្ទោស​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​អតីត​ប្រធានាធិបតី​បារាំង រឿង​អន្តរាគមន៍​នៅ​លី​ប៊ី និង​ធ្វើ​ឲ្យ​លី​ប៊ី​ធ្លាក់​ក្នុងស្ថានភាព​ដូច​បច្ចុប្បន្ន​។ តែ​រដ្ឋាភិបាល​បារាំង​បច្ចុប្បន្ន បាន​ដ​ង្ហើ​យ​ឲ្យ​បណ្តា​សមាជិក​អឺរ៉ុប​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នានា​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី ព្រោះ​មាន​ពេល​តិច​ណាស់​ដើម្បី​ជួយ​រដ្ឋ​មួយ​នេះ​ឲ្យ​រួច​ផុតពី​គ្រោះមហន្តរាយ​។

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​រយៈពេល​ប្រាំ​ឆ្នាំ​ហើយ ក្រោយ​ពេលដែល​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី​ត្រូវបាន​លោកខាងលិច​ទម្លាក់​ពី​តំណែង តែ​ក្តី​សង្ឃឹមថា​សន្តិសុខ សន្តិភាព និង​ប្រជាធិបតេយ្យ​ផុស​រូបរាង​ឡើង​នោះ​នៅ​ជា​សុបិន​នៅឡើយ​។ ប្រទេស​សម្បូរហូរហៀរ​ដោយ​ប្រេង​និង​ធនធាន​ថាមពល​បែក​ខ្ចាត់ខ្ចាយ​ធ្លាក់​ក្នុង​ភាពចលាចល​ក្រោយ​បាត់បង់​បុរស​ខ្លាំង ហើយ​រដ្ឋាភិបាល​ថ្មី​លើក​បន្ទុប​ដោយ​លោកខាងលិច​បែរជា​ធ្វើការ​មិនកើត​ព្រោះ​ជម្លោះ​នយោបាយ និង​បែកខ្ញែក​គ្នា​រហូត​បង្កើត​ចេញ​ជា​រដ្ឋាភិបាល​ពីរ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹកដី​ដែល​ធ្លាប់​សុខសាន្ត​បាន​ក្លាយជា​ឋានសួគ៌​សម្រាប់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ថែមទៀត​។​

​បញ្ហា​ទាំងនេះ​បង្ខំ​ឲ្យ​ប្រជាជន​លី​ប៊ី​រាប់ពាន់នាក់​រត់​ភៀសខ្លួន​ផ្សងព្រេង លែង​ខ្លាច​សេចក្តី​ក្តី​ស្លាប់​ដើម្បី​រក​ជម្រក​ថ្មី​និង​កសាង​ជីវិត​ថ្មី​នៅ​អឺរ៉ុប​។ វត្តមាន​ជនភៀសខ្លួន​ច្រើនសន្ធឹក​សន្ធាប់​ពី​លី​ប៊ី និង​ស៊ី​រី បាន​ក្លាយជា​បន្ទុក​ធ្ងន់​និង​បញ្ហា​ប្រឈម​ធំ​សម្រាប់​ប្រទេស​អឺរ៉ុប​។ តែ​វា​ជា​ទំនួល​ខុសត្រូវ​ក្នុង​ជា​ប្រទេស​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​ដូច​អឺរ៉ុប ហើយ​បើ​និយាយ​ម្យ៉ាងទៀត​វា​ជា​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​ប្រទេស​អឺរ៉ុប​បានធ្វើ​នៅ​លី​ប៊ី ដែល​ប្រៀបដូចជា​ក្មេង​លេង​ឆ្អែតឆ្អន់​ជាមួយ​តុក្កតា​ហើយក៏​ដោះដៃ​ចោល ងាក​ទៅលេង​របស់​ផ្សេងទៀត​ដូច្នេះ​ដែរ​។​

១.​លោក អូ​បា​ម៉ា បន្ទោស ដេវីដ ខេ​មេ​រ៉ូ​ន និង នី​កូ​ឡា ហ្សា​កូ​ស៊ី ចំពោះ​ការទម្លាក់​លី​ប៊ី​
​នា​ខែកញ្ញា​ឆ្នាំ ២០១១ ព្រឹ​ត្ត​ការណ៍​មួយ​កើតឡើង​នៅក្នុង​ទីក្រុង បេន​កា​ហ្ស៊ី ប្រទេស​លី​ប៊ី នៅពេលដែល​មេដឹកនាំ​លោក​អឺរ៉ុប​មួយចំនួន​ឈរលើ​វេទិកា​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​លី​ប៊ី​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ជុំវិញ​នោះ​។​ក្នុងចំនោម​មេដឹកនាំ​ទាំងនោះ​មាន​លោក ដេវីដ ខេ​មេ​រ៉ូ​ន នាយករដ្ឋមន្ត្រី​អង់គ្លេស និង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ផង​។ គេ​ដឹង​ច្បាស់​ថា ពីរ​នាក់​នេះ​មាន​តួនាទី​សំខាន់​ក្នុងការ​បញ្ឆេះ​អន្តរាគមន៍​នៅ​លី​ប៊ី​ដើម្បី​ផ្តួលរំលំ​របប​ដឹកនាំ កា​ដា​ហ្វី​។

​សូមបញ្ជាក់​បន្តិច នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ពោល​ពាក្យ​មួយ​ឃ្លា​ដែល​ប្រជាជន​លី​ប៊ី​ចាំ​មិន​ភ្លេច និង​ផ្តល់​ក្តី​សង្ឃឹមថា​មេដឹកនាំ​លោកខាងលិច​មក​ស្រោចស្រង់​ប្រទេសជាតិ​ខ្លួន​នោះ​គឺ « មិត្ត​របស់​អ្នក​នៅ​បារាំង​និង​អង់គ្លេស​នឹង​ឈរជើង​នៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​ដើម្បី​កសាង​ប្រជាធិបតេយ្យ​»​។ ឃ្លា​មួយ​នេះ​ផ្តល់​ភាពកក់ក្តៅ​ខ្លាំង​មែន ផ្តល់​ក្តីសង្ឃឹម​សម្បើម​ណាស់ សម្រាប់​ប្រជាជន​លី​ប៊ី​ដែល​ទោរទន់​ចង់បាន​សេរីភាព ប្រជាធិបតេយ្យ និង​សន្តិភាព​។ ប៉ុន្តែ​ចុងក្រោយ​លី​ប៊ី​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ ឯណា​ទៅ​អង់គ្លេស​និង​បារាំង​?
​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ ក្រៅ​ថា​ពី​គ្មាន​អ្នកទទួលខុសត្រូវ ពេលនេះ​លោកខាងលិច​ចាប់ផ្តើម​ចង្អុល​ដាក់គ្នា​រឿង​វិបត្តិ​និង​ចលាចល​នៅ​លី​ប៊ី ដោយ​យក​ត្រូវ​រៀងខ្លួន​ទៀត​។ 

​ក្នុង​បទសម្ភាសន៍​ថ្មី​មួយ​ជា​ទស្សនា​វ​ដ្តី អា​ត្ល​ង់​ទិ​ក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ដែលមាន​ចំណែក​ក្នុង​អន្តរាគមន៍​ផ្លូវអាកាស​កម្ទេច​កងទ័ព​កា​ដា​ហ្វី​ឆ្នាំ ២០១១ នោះ​ចាប់ផ្តើម​រិះគន់​សម្ព័ន្ធមិត្ត​លោក​មានបារាំង​និង​អង់គ្លេស​រឿង​វិបត្តិ​លី​ប៊ី​។ នេះ​ក៏ដោយ​សារ​លោក អូ​បា​ម៉ា តាំងពី​ដើមឡើយ ពិតជា​ចង់​ឲ្យ​អឺរ៉ុប​ជាពិសេស​អង់គ្លេស​និង​បារាំង​ចេញមុខ​ដឹកនាំ​អន្តរាគមន៍​និង​ដោះស្រាយ​បញ្ហា​លី​ប៊ី​នេះ មិនមែន​ពឹង​លើ​សកម្មភាព​យោធា​ឯកតោភាគី​របស់​អាមេរិក​ឡើយ​។

​លោក អូ​បា​ម៉ា ថា លោក​ទុកចិត្ត​លើ​មិត្ត​អឺរ៉ុប  និង​រំពឹងថា​អន្តរាគមន៍​ដែល​ដឹកនាំ​ដោយ​មិត្ត​បារាំង​និង​អង់គ្លេស​ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ល្អ ទប់ស្កាត់​ការស្លាប់​របស់​ជន​ស៊ីវិល និង​ទប់ស្កាត់​សង្គ្រាមស៊ីវិល​បង្ហូរឈាម​គ្នា​។ តែ​ចុងក្រោយ​ក្លាយជា​រឿង​ខុសពី​ការសង្ឃឹម​របស់លោក​ទាំ​ង​ស្រុង ដោយសារ​លី​ប៊ី​ធ្លាក់​ក្នុងស្ថានភាព​ចលាចល​។

​ក្រៅពី​ទទួលស្គាល់​កំហុស​ក្នុង​អន្តរាគមន៍​នៅ​លី​ប៊ី លោក អូ​បា​ម៉ា បាន​រិះគន់ នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ ខេ​មេ​រ៉ូ​ន​ថា ក្រោយ​អន្តរាគមន៍​លោក ខេ​មេ​រ៉ូ​ន ស្រាប់តែ​ងាក​ទៅ​ផ្តោតអារម្មណ៍​លើ​រឿង​ផ្សេងទៀត​ទៅវិញ​។ វា​មិន​ខុសពី​ការ​ដោះដៃ​ចោលការ​ទទួលខុសត្រូវ​ឡើយ​។  ក្រៅពីនេះ​លោក​ក៏​រិះគន់​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី និង សម្ព័ន្ធមិត្ត​អាមេរិក​ផ្សេងទៀត​ទាំង​អឺរ៉ុប​និង រដ្ឋ​ឈូង​សមុទ្រ​ផង​ថា​ជា​ក្រុម «​ជិះសេះ​លែងដៃ​» ដែល​ចាំ​បញ្ឆេះ​ឲ្យ​មានការ​អន្តរាគមន៍​ក្រោម​ស្លាក​សង្គ្រោះ​ប្រជាជន​លី​ប៊ី​និង​បញ្ចប់​គ្រោះមហន្តរាយ​មនុស្សជាតិ​។ ដល់​តែ​ចុងក្រោយ គ្មាន​អ្នកណាម្នាក់​អើពើ​មាន​ឆន្ទៈ​ជួយ​ឲ្យ​ចប់​ចុង​ចប់​ដើមឡើយ ពួកគេ​ដោះដៃ​ចោល​ហើយ​ឈរ​មើល​។​

២.​បារាំង​អំពាវនាវ​ឲ្យ​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បុគ្គ​ល​ដែល​រារាំង​សន្តិភាព​នៅ​លី​ប៊ី​ព្រោះ​ជិត​អស់​ពេល​ហើយ​
​ខណៈដែល​លោក អូ​បា​ម៉ា បន្ទោស​អតីត​ប្រធានាធិបតី​បារាំង​ចំពោះ​កំហុសឆ្គង​ក្នុង​វិបត្តិ​នៅ​លី​ប៊ី រដ្ឋាភិបាល​ក្រុងប៉ារីស​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ចាប់​ចេញមុខ​អំពាវនាវ​ឲ្យ​រដ្ឋ​អឺរ៉ុប​ធ្វើ​សកម្មភាព​បន្ទាន់​ដើម្បី​សង្គ្រោះ​លី​ប៊ី​ពី​កណ្តាប់ដៃ​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​។ រដ្ឋមន្ត្រីការបរទេស​បារាំង​ទើប​ឡើងកាន់តំណែង​លោក Jean-Marc Ayrault អះអាង​ការគាំទ្រ​ការបង្កើត​រដ្ឋធម្មនុញ្ញ​លី​ប៊ី និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​បុគ្គល ដែល​ព្យាយាម​រារាំង​ការផ្សះផ្សា​ជាតិ និង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅ​លី​ប៊ី​ជា​មធ្យោបាយ​តែមួយគត់​ដើម្បី​សង្គ្រោះ​រដ្ឋ​បរាជ័យ​នេះ​។​

​តាំងពី​របប​កា​ដា​ហ្វី​រលំរលាយ​ទៅ រដ្ឋាភិបាល​ពីរ​លេចចេញ​រូបរាង​ឡើង​ប្រជែង​គ្នា​កាន់កាប់​លី​ប៊ី​។  លោកខាងលិច​និង​អង្គការសហប្រជាជាតិ​ប្រឹងប្រែង​ធ្វើយ៉ាងណា​បង្រួប​ង្រួ​ម​ជាតិ​លី​ប៊ី​ដោយ​បញ្ចប់​ការដណ្តើម​អំណាច​គ្នា​រវាង​ក្រុម​នយោបាយ​និង​ក្រុម​ប្រដាប់អាវុធ​លី​ប៊ី ប៉ុន្តែ​ក្តីសង្ឃឹម​តិចតួច​កើតឡើង​ព្រោះ​ដំណើរ​ការកសាង​សន្តិភាព​ជាប់គាំង​។

​រដ្ឋមន្ត្រីការបរទេស​ខាងលើ​ពន្យល់ថា អឺរ៉ុប​ត្រូវ​វាយកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​នៅ​លី​ប៊ី ប៉ុន្តែ​អ្វីដែល​ត្រូវធ្វើ​មុនគេ​ជំរុញ​ការបង្កើត​រដ្ឋធម្មនុញ្ញ​សម្រាប់​រដ្ឋាភិបាល​រួម​ជាតិ​លី​ប៊ី​ថ្មី​សិន​។ លោក​ព្រមាន​ថា វា​គ្មាន​ពេល​បង្អែបង្អង់​ឡើយ ហើយ​វា​នឹង​ក្លាយជា​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បើសិនជា​មិន​ប្រញាប់​ធ្វើ​សកម្មភាព​ទេ​។

​គេ​រំពឹងថា កិច្ចប្រជុំ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ប្រ៊ុ​យ​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក បារាំង​នឹង​លើកយក​សំណុំ​រឿងនេះ​ទៅ​ជជែក​គ្នា​។ ហើយ​លោក Jean-Marc Ayrault ប្តេជ្ញា​ថា នឹង​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ស​ហ​ភាព​អឺរ៉ុប​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ណា​ដែលជា​ឆ្អឹង​ទទឹង​ក​នៃ​ការកសាង​សន្តិភាព​នៅ​លី​ប៊ី​។ អ្នកខ្លះ​បានទទួល​ប្រយោជន៍​ពី​ស្ថានភាព​បច្ចុប្បន្ន តែបើ​បណ្តែតបណ្តោយ លី​ប៊ី​នឹង​ក្លាយជា​សំបុក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ជាក់​ជាមិនខាន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​