ប្ដីប្រពន្ធឥតខាន់ស្លា វ័យក្មេង លក់កូនស្រីបង្កើត ដើម្បី iPhone និងម៉ូតូមួយគ្រឿង

ចិន៖ គូស្នេហ៍វ័យក្មេងមួយគូ បានលក់កូនស្រីអាយុ ១៨ថ្ងៃរបស់ពួកគេ ដើម្បីដោះដូរនឹង ទូរស័ព្ទ  iPhone និងម៉ូតូមួយគ្រឿង តើនេះជាអំពើ ដ៏ឆោតមែនទេ?

តាមប្រភពព័ត៌មានសៀងហៃបានឲ្យដឹងថា ប្ដីប្រពន្ធឥតខាន់ស្លាខាងលើ វ័យ ១៩ឆ្នាំ បានកាត់ទោស កាលពីថ្ងៃសុក្រមុន ពីបទលក់កូនស្រីរបស់ខ្លួន អាយុ ១៨ថ្ងៃ ដើម្បីទទួលបានប្រាក់ ២៣,០០០ យ័ន ឬ ជាង ៣ពាន់ដុល្លារអាមេរិក។ នៅក្នុងនោះ បានឲ្យដឹងថា អ្នកទាំងពីរបានស្គាល់គ្នា និងចាប់ផ្ដើមស្រឡាញ់គ្នា ក្នុងឆ្នាំ ២០១៣ ប៉ុន្ដែមិនបានចុះបញ្ជីរៀបការអ្វីនោះទេ ដោយសារតែពួកគេមានវ័យក្មេងពេក នេះបើតាមច្បាប់ប្រទេសចិន។ ជាមួយគ្នានោះ នាង Xiaomei ក៏មានផ្ទៃពោះ និងបង្កើតបានកូនស្រីម្នាក់ កាលពីខែសីហា ឆ្នាំ ២០១៤។ ដោយគ្មានការងារធ្វើ យុវជនជាប្ដី ឈ្មោះ Duan  មានគំនិតលក់កូនស្រីនេះចោល តែត្រូវបាននាងជាប្រពន្ធ មិនយល់ព្រម ទើបរឿងមួយនេះ ត្រូវបានបញ្ជូនទៅកាន់ ឪពុកក្មេកនាង ជាអ្នកដោះស្រាយ។ យ៉ាងណាមិញ បុរសជាឪពុកក្មេកនាង បានប្រាប់នាងថា គាត់ចង់បានចៅប្រុសជាជាង ចៅស្រី ទើបបណ្ដាលឲ្យនាង ឈប់ប្រកែកនិងតវ៉ាអ្វីទាំងអស់។ បន្ទាប់មក  Duan បានស្វែងរកអ្នកទិញតាម QQ និងបានលក់កូនស្រីបង្កើតរបស់ខ្លួន ដោយទទួលបានប្រាក់ជាង ៣ពាន់ដុល្លារអាមេរិក និងយកប្រាក់ទៅទិញ ទូរស័ព្ទ iPhone និងម៉ូតូមួយគ្រឿង។ ជាចុងក្រោយ នាង Xiaomei ក៏បានចាកចេញពី Duan។ 

យ៉ាងណាមិញឃើញប្រពន្ធរត់ចោលបែបនេះ Duan បានគំរាមនាងឲ្យត្រលប់មកវិញ បើមិនបែបនេះទេ នោះរូបគេនឹងចូល ខ្លួនទៅកាន់ស្ថានីយ៍ប៉ូលីស តែនាងបែរជាបដិសេធ។ ជាលទ្ធផល Duan ពិតជា ទៅស្ថានីយ៍ប៉ូលីសក្នុងតំបន់ កាលពីខែ មិថុនា ឆ្នាំមុន។ នៅពេលដែលប៉ូលីសធ្វើការចាប់ខ្លួននាង Xiaomei នាងបែរជានិយាយថា មានប្ដីប្រពន្ធជាច្រើននៅស្រុកកំណើតនាង លក់កូនខ្លួនឯង នាងមិនដឹងថា វាជារឿងខុសនឹងច្បាប់នោះទេ។ 

ទោះជាយ៉ាងណា អ្នកទាំងពីរត្រូវបានជាប់ទោស ពីបទជួញដូរកុមារ ខណៈបុរសជាប្ដី ជាប់គុក ៣ឆ្នាំ និង  Xiaomei ត្រូវបានព្យួរទោស ២ឆ្នាំ៕

ប្ដីប្រពន្ធឥតខាន់ស្លា វ័យក្មេង លក់កូនស្រីបង្កើត ដើម្បី iPhone និងម៉ូតូមួយគ្រឿង

រូបភាព ប្ដីប្រពន្ធវ័យក្មេងដែលលក់កូនស្រី អាយុ ១៨ថ្ងៃ

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត