កម្ពុជានឹងរៀបចំ សិក្ខាសាលាស្តីពី ការប្រែប្រួល អាកាសធាតុរយៈពេល ២ថ្ងៃ នៅសៀមរាប

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន ប្រែប្រួលអាកាសធាតុ នឹងរៀបចំសិក្ខាសាលា ពិគ្រោះយល់ស្តីពី ការអនុវត្តការចូលរួម ចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញា ក្របខ័ណ្ឌសហប្រជា ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារ Angkor Paradise នាខេត្តសៀមរាប។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍នានា ពីគ្រប់បណ្ដាក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ បង្កើតជាផែនទីបង្ហាញ ផ្លូវក្នុងការអនុវត្តការ ចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញា ក្របខ័ណ្ឌសហ ប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ UNFCCC ។

សូមបញ្ជាក់ថា របាយការណ៍របស់ INDC របស់កម្ពុជា បានឲ្យដឹងអំពីការរួមចំណែក របស់ភាគីកម្ពុជា ក្នុងការឆ្លើយតបទៅ នឹងសេចក្តីអំពាវនាវ របស់អនុសញ្ញា UNFCCC ក្នុងគោលបំណងជំរុញ ឲ្យពិភពលោកធ្វើ សកម្មភាពដោះស្រាយ ការប្រែប្រួលអាកាសធាតុ ដែលបានដាក់ជូន លេខាធិការដ្ឋាន UNFCCC នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥៕