តើ​មហាសេដ្ឋី​លេខ ១៧៤ ពិភពលោក Peter Woo មាន​ដំណើរ​ជីវិត​ធ្វើ​អាជីវកម្ម​ដូចម្ដេច​ខ្លះ?

លោក Peter Woo គឺ​ជា​មហាសេដ្ឋី​អចលនទ្រព្យ​សញ្ជាតិ​ហុង​កុង​ដ៏​ល្បី​ល្បាញ​មួយ​រូប លោក គឺ​ជា​ប្រធាន​នៃ​ក្រុមហ៊ុន Wheelock and Company Limited ជា​ក្រុមហ៊ុន​វិនិយោគ​វិស័យ​អចលនទ្រព្យ និង ជា​ម្ចាស់​ក្រុមហ៊ុន The Waharf Holding Limited។ នៅ​ដើម​ឆ្នាំ​ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​លោក​ជា​បុគ្គល​មាន​ជាង​គេ​លើ​ពិភពលោក​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៧៤ ពិភពលោក ជាមួយ​ទ្រព្យ​សម្បត្តិ ៧,៦ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ១៧៤ ពិភពលោក Peter Woo មាន​ដំណើរ​ជីវិត​ធ្វើ​អាជីវកម្ម​ដូចម្ដេច​ខ្លះ?

 

លោក Peter Woo មាន​ឈ្មោះ​ពេញ​ថា Peter Woo Kwong-Ching កើត​នៅ​ឆ្នាំ ១៩៤៦ ក្នុង​ទីក្រុង សៀងហៃ ប្រទេស ចិន។ ក្រោយ​មក​ទៀត​លោក​បាន​ប្តូរ​ទៅ​រស់​នៅ​ក្នុង​ទីក្រុង ហុង​កុង នា​ឆ្នាំ ១៩៤៩ លោក​បាន​ចូល​រៀន​នៅ​សាលា St Stephen College ដែល​ជា​វិទ្យាល័យ​ធំ​ជាង​គេ​លំដាប់​លេខ ២ នៅ​ទីក្រុង​ហុងកុង បន្ទាប់​មក​ទៀត​លោក​បាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក ដោយ​បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ University of Cincinnati ថ្នាក់​បរិញ្ញាបត្រ ផ្នែក រូបវិទ្យា និង គណិតវិទ្យា ក្រោយ​មក​ទៀត​លោក​ទទួល​បាន​សញ្ញាប័ត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម ពី​សាលា Columbia Business School ក្នុង​ទីក្រុង ញូវយ៉ក សហរដ្ឋ​អាមេរិក។

 

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក Peter Woo បាន​ចូល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន Chase Manhattan Bank នៅ​ក្នុង​ទីក្រុង ញូវយ៉ក និង សាខា​នៅ​ក្នុង​ទីក្រុង ហុងកុង។ នៅ​ឆ្នាំ ១៩៧៥ លោក​បាន​ទៅ​ចូល​រួម​ការងារ​ជាមួយ​ឪពុក​ក្មេក​លោក Yue Kong Pao ក្នុង​ក្រុមហ៊ុន Worldwide Shipping Group ហើយ​ត្រូវ​បាន​គេ​តែង​តាំង​ជា​ អនុប្រធាន​របស់​ក្រុមហ៊ុន។ នៅ​ឆ្នាំ ១៩៨៦ ឪពុក​ក្មេក​របស់​លោក Peter Woo បាន​ចូល​និវត្តន៍​ ហើយ​បាន​លើក​លោក​ឲ្យ​ធ្វើ​ជា​ប្រធាន​ជំនួស​ក្នុង​ក្រុមហ៊ុន Wheelock និង Wharf។

 

ក្រោយ​ពី​ឡើង​ធ្វើ​ជា​ប្រធាន​លោក​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ហើយ​លោក Peter Woo បាន​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅ​ក្នុង​ទីក្រុង ហុងកុង និង នៅ​ប្រទេស សិង្ហបុរី។ លោក Peter Woo បាន​ពង្រីក​អាជីវកម្ម​ខ្លួន​ជាមួយ​ដៃ​គូ​វិនិយោគ​ជា​ច្រើន​ដូចជា Harbour City និង Time Square នៅ​ហុងកុង ក៏​ដូច​ជា​ការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន i-Cable Communications, Wharf New T&T, Modern Terminals Limited និង Marco Polo Hotels ជា​ដើម។ រហូត​មក​ទល់​នឹង​ពេល​នេះ Peter Woo បាន​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សា​យោបល់​ជាមួយ​បណ្តា​ក្រុមហ៊ុន​ដៃ​គូ​របស់​ខ្លួន​មិន​ក្រោម ៥០០ ក្រុមហ៊ុន​ឡើយ។

http://www.forbes.com/profile/peter-woo/?list=billionaires

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com