ល្បី​ថា​ តំណែង​មេ​គយ​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​អាច​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ឲ្យ​ដឹង​ថា​ លោក​ គិ​ន​ លី​ ដែល​ជា​មេ​គយ​កំពង់​ផែ​ស្វយ័ត​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ នឹង​ត្រូវ​ចូល​និវត្តន៍​នា​ខែកក្កដា​ ឬ​ខែសីហា​ ឆ្នាំ​២០១៦​ខាង​មុខ​ ខណៈ​មាន​មន្ត្រី​គយ​ជា​ច្រើន​នាក់​កំពុង​ប៉ងប្រាថ្នា​ចង់បាន​មុខ​តំណែង​ជំនួស​លោក​មេ​គយ​ គិ​ន​ លី​ ដែល​ល្បីល្បាញ​ថា​ មាន​តម្លៃ​ចន្លោះ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដល់​ទៅ​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ព័ត៌មាន​បង្ហើប​ប្រាប់​ដោយ​មន្ត្រី​គយ​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​ដឹង​ថា​ បើសិនជា​បាន​កាន់​តំណែង​ជា​មេ​គយ​ប្រចាំ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​មាន​កុងតឺន័រ​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿង​ធ្វើ​ចរាចរណ៍​ឥត​ឈប់​ឈរ​នោះ​ គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹកសន្ធាប់​ណាស់​ ហើយ​ក្នុង​ករណី​មាន​ទំនិញគេចពន្ធ​ ឬ​ទំនិញ​ក្លែងភេទ​ផង​ គឺ​ក្នុង​មួយ​ថ្ងៃៗ​មេ​គយ​កំពង់​ផែ​អាច​រក​ប្រាក់​ចំណូល​បាន​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ តាម​រយៈ​ការ​សមគំនិត​គ្នា​ប្រព្រឹត្ត​ពុក​រលួយ​ជា​ប្រព័ន្ធ​ ដែល​មិន​ងាយ​នឹង​បែកធ្លាយ​រឿងអាស្រូវ​ចេញ​មក​ក្រៅ​ឡើយ​ ។​

​ទោះ​យ៉ាងណា​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ គិ​ន​ លី​ ជា​មេ​គយ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​បាន​នៅឡើយ​ទេ​ ទាក់ទង​នឹង​កាលបរិច្ឆេទ​នៃ​ការ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​លោក​ គិត​ត្រឹម​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ៕​

ល្បី​ថា​ តំណែង​មេ​គយ​នៅ​កំពង់​ផែ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​អាច​មាន​តម្លៃ​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក​

Related