​កូន​អាយុ ៩ ខែ គួរ​ឲ្យ​ញ៉ាំ​អ្វីខ្លះ​?

​កូន​អាយុ ៩ ខែ គួរ​ឲ្យ​ញ៉ាំ​អ្វីខ្លះ​?

​តើ​កូន​របស់​អ្នក មាន​អាយុ ៩ ខែ​ហើយ​មែន​ទេ​? អញ្ចឹង អ្នក​គួរតែ​យកចិត្តទុកដាក់ ទៅលើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​គេ​ហើយ​។ ធ្មេញ​របស់​គេ​ចាប់ផ្តើម​ដុស ដូច្នេះ គេ​អាច​ញ៉ាំ អាហារ​រឹងៗ​បាន​ហើយ​។ របប​អាហារ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងដំណាក់កាល​នេះ ប៉ុន្តែ អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ផងដែរ ពីព្រោះ​ទារក​អាច​នឹង​មាន​បញ្ហា ដូចជា ឈឺ​ពោះ ហើម​ពោះ លែង​ចង់​ញ៉ាំ​អាហារ និង​មាន​អារម្មណ៍​មិន​ស្រួល នៅលើ​អញ្ចាញធ្មេញ និង​ក្នុង​ពោះ​។ វា​ពិត​ជា​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហា​រឹង​។  អាហា​រឹងៗ​នៅទីនេះ សំដៅ​ទៅលើ របប​អាហារ​បន្ថែម ក្រៅពី​ទឹកដោះ​ម្តាយ និង​ទឹកដោះគោ​។ ទារក​ត្រូវការ​អាហារ​បែបនេះ ដើម្បី​ការលូតលាស់​រាងកាយ និង​ប្រាជ្ញា​ស្មារតី​។​

​មាន​អាហារ​ច្រើនណាស់ ដែល​អ្នក​អាច​ចម្អិន​ឲ្យ​កូន​ញ៉ាំ​បាន ជាពិសេស គឺ​បបរ​ខាប់​គ្រប់គ្រឿង និង​ផ្លែឈើ​ស្រស់ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា អ្នក​បាន​សម្អាត ឬ​ចម្អិន​វា​បាន​យ៉ាង​ល្អ ដើម្បី​ចៀសវាង​បញ្ហា​ផ្សេងៗ​។ ម្យ៉ាងវិញទៀត អ្នក​មិន​ត្រូវ​ផ្តល់​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ពេក ទៅ​ឲ្យ​កូន​របស់​អ្នក​ឡើយ​។ ខាងក្រោម​នេះ ជា​របប​អាហារ ដែល​អ្នក​គួរតែ​ផ្តល់ ឲ្យ​កូនតូច​របស់​អ្នក នៅពេល​គេ​មាន​អាយុ ៩ ខែ ឡើងទៅ ៖

​អាហារ​ធ្វើ​ពី​ស្រូវ​អូ​ក (Oats)
​វា​ជា​អាហារ​ចាំបាច់ សម្រាប់​ទារក​អាយុ ៩ ខែ​ឡើង​ទៅ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​យើង មិនសូវ​ស្គាល់​វា​នោះទេ (​បើ​ចង់បាន ទៅ​ហាង​ទំនើប​ទើប​មាន​លក់​)​។ អាហារ​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​រ៉ែ និង​ជាតិ​សរសៃ​ច្រើន ហើយ​ថែមទាំង​មាន​ជាតិ​ខ្លាញ់​ទាប​។ ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក មាន​សុខភាព​ល្អ​ជាង​មុន​។​

​ផ្លែឈើ​ស្រស់​
​អាយុ ៩ ខែ កូនក្មេង​គួរតែ​អាច​ទំពារ ផ្លែឈើ​ស្រស់ៗ​មួយចំនួន​បាន​ហើយ ដូចជា ផ្លែ​ក្រូច ចេក ប៉ោ​ម និង​ល្ហុង​ជាដើម​។ កុំ​ភ្លេច​ឲ្យគេ​ញ៉ាំ ផ្លែឈើ​តាម​រដូវ​ផង ដើម្បី​ឲ្យបាន​ច្រើន​មុខ​។​

​ស៊ុត​
​ស៊ុត ជា​របប​អាហារ​ល្អ​បំផុត សម្រាប់​ទារក កុមារ និង​មនុស្ស​ធំ​។ ស៊ុត ត្រឹមតែ​មួយ​គ្រាប់ អាច​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ច្រើន​ល្មម ដែល​ទារក​ត្រូវការ​។​

​សាច់​
​សាច់មាន់ សាច់គោ និង​ត្រី ជា​ប្រភព​ដ៏​ល្អ នៃ​ប្រូតេអ៊ីន និង​វីតាមីន​។ ទោះបីជា​យ៉ាងណា អ្នក​គួរ​ចៀសវាង ឲ្យ​កូន​ញ៉ាំ​សាច់ជ្រូក និង​សាច់​ចៀម ពីព្រោះ វា​មិនសូវ​ល្អ ចំពោះ​សុខភាព​ឡើយ​។​

​គ្រាប់​ធញ្ញជាតិ​
​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ក៏​ប្រហែលជា​មិនសូវ​ស្គាល់ អាហារ​ប្រភេទ​នេះដែរ ប៉ុន្តែ សម្រាប់​ប្រទេស​លោកខាងលិច​វិញ មិន​ថា​ក្មេង ឬ​ចាស់​នោះទេ គឺ​គេ​ចូលចិត្ត​វា​ណាស់ ហើយ​វារឹតតែ​ឆ្ងាញ់ និង​ផ្តល់​នូវ​សុខភាព​ល្អ​បន្ថែមទៀត ពេល​លាយ​ជាមួយ​នឹង​ទឹកដោះគោ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។