និស្សិត​មួយ​ក្រុម​បង្កើត​បច្ចេកវិទ្យា 3D Scanner សម្រាប់​ផ្គុំ​ថ្ម​បាក់​ចេញ​ពី​តួ​ប្រាសាទ

និស្សិត​មួយ​ក្រុម​សិក្សា​ជំនាញ​ផ្នែក​វិស្វកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត​បច្ចេកវិទ្យា​ស្កេន​ថ្ម​ប្រាសាទ​លក្ខណៈ 3D (3D Scanner) ដែល​អាច​ជួយ​វិភាគ​ពី​ទម្រង់​​ថ្ម​ប្រាសាទ​និង​អាច​ផ្គុំ​ផ្នែក​ផ្សេងៗ​នៃ​តួ​ប្រាសាទ ដែល​បាន​បាក់​រលំ។

 

និស្សិត​មួយ​ក្រុម​បង្កើត​បច្ចេកវិទ្យា 3D Scanner សម្រាប់​ផ្គុំ​ថ្ម​បាក់​ចេញ​ពី​តួ​ប្រាសាទ

ការ​ស្កេន​គំរូ

 

លោក សុខា ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​និង​ជា​អ្នក​​ត្រួត​ពិនិត្យ​គម្រោង 3D Scanner បាន​ឱ្យ​ដឹង​ថា ឧបករណ៍​ស្កេន 3D ដែល​បាន​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​វិទ្យាសាស្ត្រ​នៅ​សាលា​តិចណូ​នេះ ជា​គម្រោង​មួយ​ទើប​ចាប់​ផ្តើម ទាមទារ​ការ​អភិវឌ្ឍ​បន្ថែម​រយៈ​ពេល​វែង ដើម្បី​អាច​ជោគជ័យ​ក្នុង​ការ​សិក្សា​ពី​ទម្រង់​ថ្ម ដែល​បាន​ដួល​រលំ​ចេញ​ពី​តួ​ប្រាសាទ។

 

លោក​ថា 3D Scanner នឹង​ស្កេន​រាល់​ទម្រង់​គ្រប់​ជ្រុង​នៃ​ថ្ម​ប្រាសាទ​នីមួយៗ ហើយ​សិក្សា​ពី​កំណោង (ផ្នែក​ថ្ម​ប្រាសាទ​ដែល​មាន​ចម្លាក់) និង​ភាព​ម៉ត់​នៃ​ផ្ទៃ​របស់​វា បន្ទាប់​មក​វិភាគ​ថា​ថ្ម​ណា​ខ្លះ​ដែល​ស៊ី​គ្នា ដើម្បី​អាច​ផ្គុំ​គ្នា​បំពេញ​កន្លែង​បែកបាក់​របស់​ប្រាសាទ​ឱ្យ​បាន​ត្រឹមត្រូវ។

 

និស្សិត​មួយ​ក្រុម​បង្កើត​បច្ចេកវិទ្យា 3D Scanner សម្រាប់​ផ្គុំ​ថ្ម​បាក់​ចេញ​ពី​តួ​ប្រាសាទ

រូបភាព​ថ្ម​ដែល​ស្កេន​ជា​លក្ខណៈ 3D

 

យ៉ាងណា​សាស្ត្រាចារ្យ​រូប​នេះ​សង្កត់​ធ្ងន់​ថា បច្ចេកវិទ្យា 3D Scanner ជា​ស្ពាន​មួយ​អាច​ឱ្យ​និស្សិត​សិក្សា​ស្វែង​យល់​និង​អាច​ធ្វើ​ការ​នៅ​ផ្នែក​ណា​មួយ​នៃ​គម្រោង​នេះ ទោះ​បី​មិន​បាន​ទទួល​ជោគជ័យ​១០០ភាគរយ​ក៏​ពិត​មែន។ លោក​បន្ថែម​ថា 3D Scanner អាច​នឹង​ជោគជ័យ​លុះ​ត្រា មាន​អ្នក​ជំនាញ​ផ្នែក​គណិតវិទ្យា ​វិភាគ​រក​គំរូ​បែប​គណិតវិទ្យា ហើយ​យក​មក​វិភាគ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​លក្ខណៈ 3D៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត