ឈរ​ឲ្យបាន​យ៉ាងហោចណាស់​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​ចំពោះ​សុខភាព​

ឈរ​ឲ្យបាន​យ៉ាងហោចណាស់​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ល្អ​ចំពោះ​សុខភាព​

​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការ​ឈរ​ឲ្យបាន​យ៉ាងតិច​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អំឡុងពេល​នៃ​ម៉ោង​ធ្វើការ គឺ​មាន​ផល​ល្អ​ដល់​យើង​គ្រប់គ្នា ដោយ​វា​ជួយ​ឲ្យ​រូបរាង​អ្នក​សមសួន​និង​មាន​សុខភាព​មាំមួន​ល្អ​។ ការ​ឈរ​អាចជួយ​បង្ការ​ខ្លួន​អ្នក ពី​ការ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូចជា​៖ ជំងឺ​ទឹកនោម​ផ្អែម​, ភាពធាត់​ជ្រុល និង ជំងឺ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​ទម្លាប់​មិន​ល្អ​នៃ​ការរស់នៅ​ប្រចាំ ថ្ង ក៏ដូចជា​ជំងឺលើសឈាម​ជាដើម​។​

​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា យើង​គួរ​ក្រោកឈរ​ជា​រៀងរាល់​ថ្ងៃ​ឲ្យបាន​យ៉ាង​ហោច​ណាស់​ពី ៣ ទៅ​៤​ម៉ោង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៃ​ពេលវេលា​ធ្វើការ​។​ដើម្បី​ឲ្យ​ការងារ​នៅ​តែ​មាន​ប្រសិទ្ធភាព នៅក្នុង​ការិយាល័យ គួរ​មាន​ប្រភេទ​តុ​ដែល​អាច​ឲ្យ​បុគ្គលិក​ឈរ ឬ​អង្គុយ​ធ្វើការ​បាន​តាម​ជម្រើស និង​ពេលវេលា​ដែល​គេ​ចង់បាន​ផ្លាស់ប្តូរ​ចលនា នោះ​ការ​ធ្វើ​ដូចនេះ​នឹងមិន​ប៉ះពាល់​ដល់​គុណភាព​នៃ​ការងារ​ឡើយ​។​

ជា​ធម្មតា​សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​ការិយាល័យ​ភាគច្រើន តែង​ចំណាយ​ពេល​ពី ៧០​ទៅ​៨០​ភាគរយ​នៃ​ម៉ោង​ការងារ​អង្គុយ​នៅ​តុ​ការងារ​តែ​មួយ​កន្លែង​។​ការអូសបន្លាយ​ពេលវេលា​អង្គុយ​យូរ​ដូចនេះ ដោយ​មិនបាន​ធ្វើ​ការផ្លាស់ប្តូ​រចល​នា​នៃ​រាងកាយ​គឺ​អាច​ធ្វើឲ្យ​ពួកគេ ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​, លើស​សម្ពាធ​ឈាម និង​ភាពធាត់​ជ្រុល​។​

ការធ្វើ​សកម្មភាព​ស្រាលៗ​ដូចជា ដើរ​ជុំវិញ​តុ​ការិយាល័យ​,​ក្រោកឈរ​ពត់ពេន​ខ្លួន​បន្តិច បន្ទាប់​ពី​រយៈពេល ៣០ ទៅ​៤០​នាទី​នៃ​ការ​អង្គុយ​ធ្វើការ និង​ការផ្លាស់ប្តូរ​ស្ថានភាព​នៃ​ការ​អង្គុយ​ធ្វើការ គឺ​អាច​ជួយ​កាត់បន្ថយ​ភាពឈឺចាប់ និង​ចុក​រោយ​របស់​សាច់ដុំ​ខ្នង និង​ចង្កេះ​។ វិធី​នេះ​អាច​សម្រេច​ទៅ​បាន ដោយ​បុគ្គលិក​អាច​ឈរ​ធ្វើការ​ជាមួយនឹង​តុ​ធ្វើការ​ប្រភេទ​ឈរ ឲ្យបាន ២​ទៅ ៣​ម៉ោង​ក្នុង​មួយថ្ងៃ​។​

ដើម្បី​សុខភាព និង​គុណភាព​នៃ​ការងារ និយោជក់​គួរ​គិតគូរ​ក្នុង​ការបង្កើត​បរិយាកាស​ការងារ​ដែល​មាន​ផា​សុកភាព​ដល់​បុគ្គលិក​ក្នុង​ការ​ធ្វើការ​ដើម្បី​ឲ្យ​ពួកគេ​មាន​សុខភាព​ផ្លួវចិត្ត និង​ផ្លូវកាយ​ល្អ ដែល​អាចឲ្យ​ក្រុមហ៊ុន​ទទួលបាន​នូវ​គុណភា​ពការ​ងារ​ពី​បុគ្គលិក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​មិន​ខាតបង់​ពី​ការបាត់បង់​ធនធានមនុស្ស និង​ពេលវេលា​ដោយសារ​បុគ្គលិក​មាន​បញ្ហា​សុខភាព​ឡើយ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។