តើ​សាច់ដុំ​ក្នុង​ខ្លួន​មនុស្ស​យើង​ធ្វើការ​ដូច​ម្តេច​ខ្លះ​ទៅ​?

តើ​សាច់ដុំ​ក្នុង​ខ្លួន​មនុស្ស​យើង​ធ្វើការ​ដូច​ម្តេច​ខ្លះ​ទៅ​?

​សាច់ដុំ​ក្នុង​រាងកាយ​របស់​អ្នក​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ នោះ​គឺ​សាច់ដុំ​បេះដូង (Cardiac Muscle) សម្រាប់​អោយ​បេះដូង​ច្របាច់​លាៗ​ជាប់​រហូត​, សាច់ដុំ​រលោង (Smooth Muscle) សម្រាប់​ធ្វើការ​ដោយ​អ​ឆន្ទៈ​លើ​សរីរាង្គ​ផ្លូវ​រំលាយ​អាហារ ជាពិសេស​បំពេញ​មុខងារ​រុញ​អាហារ​តែម្តង​, សាច់ដុំ​ជាប់​ឆ្អឹង (Skeletal Muscle) ដែល​ជា​សាច់ដុំ​គ្របដណ្តប់​លើ​ឆ្អឹង​គ្រប់កន្លែង​, បង្កើត​ទម្ងន់​រាងកាយ និង​មាន​តួនាទី​ធ្វើ​ចលនា​រាងកាយ​។

​សាច់ដុំ​ជាប់​ឆ្អឹង ត្រូវបាន​បង្កើត​ឡើង​មាន​លក្ខណៈ​វែង​, រឹងមាំ​, ជា​សរសៃ​សាច់ដុំ​ដែល​ស្របៗ​គ្នា​ភ្ជាប់​ជាមួយនឹង​ឆ្ងឹង​ចំនួន​ពី ឆ្លង​សន្លាក់ និង​អោយ​រាងកាយ​មាន​ចលនា ឬ​កន្ត្រាក់​បាន​យ៉ាងខ្លាំង​។ ចលនា​មួយ​នេះ​កើតឡើង​ដោយ​ការបញ្ជា​ពី​ខួរក្បាល​ថា​ត្រូវធ្វើ​ចលនា​ខ្លាំង ឬ​ខ្សោយ​តាមរយៈ​ការបញ្ជូន​សញ្ញា​ចរន្តអគ្គិសនី​តាម​សរសៃប្រសាទ​ទៅ​សាច់ដុំ​ដែល​ពាក់ព័ន្ធ​។ បន្ទាប់​មក​វា​នឹង​ធ្វើអោយ​សាច់ដុំ​កន្ត្រាក់​ដោយ​ទាញ់​ឆ្អឹង​ដែល​វា​បាន​ភ្ជាប់​នោះ​។ វា​គឺជា​ដំណើការ​មួយ​ដែល​អាច​ធ្វើ​រាប់ពាន់​ដង​ឯណោះ​ក្នុង​មួយ​នាទី​ដើម្បី​បញ្ជូន​សញ្ញា​ចរន្តអគ្គិសនី​រាប់ពាន់​ចរន្ត​ទៅ​សាច់ដុំ​ផ្សេងៗ​គ្នា​។ ក្រោយ​ពី​ការធ្វើ​ចលនា​ទទួលបាន​ជោគជ័យ​ហើយ ការបញ្ជូន​ចរន្ត​ក៏​បញ្ឈប់ ហើយ​សាច់ដុំ​នោះ​ក៏​ធូរ​ទៅវិញ​។ សាច់ដុំ​គ្រាន់តែ​ចេះ​កន្ត្រាក់ ដូច្នេះ​វា​គ្រាន់តែ​អាច​ផលិត​ជា​ចលនា​លើ​ទិសដៅ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​សាច់ដុំ​តម្រូវអោយ​ភ្ជាប់​ពី​ឆ្អឹង​មួយ​ទៅ​ឆ្អឹង​មួយទៀត ដូច្នេះ​វា​នឹង​អាចជួយ​អោយ​រាងកាយ​ធ្វើ​ចលនា​ទៅ​ទិស​ដៅ​ផ្ទុយ​គ្នា​បាន ដោយ​ម្ខាង​កន្ត្រាក់ និង​ម្ខាង​ទៀត​រលា​។ កាលណា​សាច់ដុំ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា ការធ្វើ​លាន​កន្ត្រាក់​ក៏​កាន់តែ​លឿន និង​ខ្លាំង​ដែឬ ដូច្នេះ​រាល់​ការ​ធ្វើ​ចលនា​គឺ​ប្រកបដោយ​ថាមពល​តែម្តង​។

វិទ្យាសាស្ត្រ​នៅតែ​មិន​ទាន់​ច្បាស់​ថា ហេតុអ្វី​បានជា​ក្រោយ​ហាត់ប្រាណ​ជាប់​រហូត​ធ្វើអោយ​សាច់ដុំ​លូតលាស់​កាន់តែ​ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន​ដែរ ប៉ុន្តែ​តាម​ទ្រឹស្តី​ពីរ​ដែល​ពេញនិយម​បំផុត​នោះ​បាន​អោយដឹងថា ទី​១៖ ដោយសារ​តែ​សាច់ដុំ​គឺជា​សរីរាង្គ​ត្រូវ​ធ្វើការ​ច្រើន​ហួស ហើយ​ទៀងទាត់​នៅពេល​ហាត់ប្រាន ទើប​បណ្តាលអោយ​សរសៃ​សាច់ដុំ​ខាងក្នុង​តូចៗ​រាប់រយ​សរសៃ​ត្រូវបាន​ខូច បន្ទាប់​ខួរក្បាល​បែរ​មិន​ត្រឹម​តែ​បញ្ជា​អោយ​ជួសជុល​វិញ​ទេ តែ​បែរជា​បង្កើត​សរសៃ​សាច់ដុំ​បន្ថែម​ទៅ​វិញ​នៅពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ហាត់ប្រាណ​ជាប់លាប់ ដូច្នេះ​ជា​លទ្ធផល​វា​នឹង​ធ្វើអោយ​សាច់ដុំ​ទៅ​ជា​ហាប់​ណែន និង​រឹងមាំ​។ ទ្រឹស្តី​ទី​២៖ ការ​ដែល​ប្រើ​សាច់ដុំ​ធ្វើការ​ខ្លាំង​កាន់តែ​លឿន វា​នឹង​ធ្វើអោយ​ជាលិកា​រ​ខាងក្នុង​របស់​សាច់ដុំ​បង្កើត​ថ្មី​កាន់តែច្រើន ដូច្នេះ​សាច់ដុំ​នឹង​បង្កើត​ថ្មី​រហូត​យ៉ាង​ពេញលេញ​ដោយ​ខ្លួនឯង​ជា​រៀងរាល់ ២០ ទៅ​៣០​ថ្ងៃ​។ នេះ​មានន័យ​ថា​តម្រូវការ​នៃ​ជីវជាតិ​ដើម្បី​បំប៉នកម្លាំង​កាន់តែច្រើន​ក៏​ត្រូវតែ​អោយមាន​ក្នុង​ដំណើរការ​នេះដែរ ដូច្នេះ​ទើប​អាច​អោយ​សាច់ដុំ​រីក​ធំ​ទៅតាម​ទំហំ​មួយ​ដែល​សមស្រប​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។