ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និង​កុមារ​កំព្រា​៦៨៨​នាក់​

ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និង​កុមារ​កំព្រា​៦៨៨​នាក់​



កណ្តាល ​៖​ ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​រៀបចំ​ពិធី​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​កំព្រា​ចំនួន​៦៨៨​នាក់ នៅ​សាលាបឋមសិក្សា​រកា ស្ថិតនៅ​ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ​ដោយមាន​អ្នកចូលរួម​ប្រមាណ​១.០០០​នាក់។ ការ​ចែក​សម្ភារៈ​សិក្សា​ដល់​កុមារ​នេះ​ គឺជា​កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល​ដែល​បាន​ជួយ​កុមារ​កំព្រា និង​កុមារ​ក្រីក្រ​ឲ្យ​វិលត្រឡប់​ចូល​សាលារៀន​របស់​ពួកគេ​វិញ​។​

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណាហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា “​ការអប់រំ មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ផ្លាស់ប្ដូរ​ជោគវាសនា​របស់​កុមារ​នៅ​តាម​តំបន់​ដាច់ស្រយាល។ ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​អប់រំ ក្នុង​គោល​បំណង​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​តាម​តំបន់​ដាច់ស្រយាល ជាពិសេស​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​សិក្សា និង​កម្មវិធី​អប់រំ​ផ្សេងៗ។ ទោះបីជា​យ៉ាងណាក៏ដោយ ការងារ​នេះ​មិន​អាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការ​លះបង់ និង​ការ​គាំទ្រ​ពី​លោកគ្រូ​អ្នកគ្រូ ពី​ក្រុមហ៊ុន និង​បុគ្គលិក​របស់​យើង។

ពួកគេ​បាន​ចំណាយ​ទាំង​ពេលវេលា និង​ធនធាន​របស់​ពួកគេ​ ដើម្បី​បង្កើត​នូវ​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​មួយ​សម្រាប់​កុមារ​កម្ពុជា​។ បុគ្គលិក ណាហ្គា​វើ​ល នឹង​បន្ត​នាំ​យក​នូវ​សម្ភារៈ​សិក្សា​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន និង​អង្គការក្រៅរដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់​ថា កាលណា​កុមារ​កាន់​តែ​មាន​សមត្ថភាព ពួកគេ​ក៏​អាច​ជួយ​ឲ្យ​អនាគត​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​”។

លោក ស៊ុត ចន្ថា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បាន​ថ្លែងអំណរគុណ ហើយ​មាន​ប្រសាសន៍​ថា ណាហ្គា​វើ​ល​បេះដូង​សប្បុរស បាននិងកំពុង​ផ្តល់​ការ​ជ្រោមជ្រែង​ជាច្រើន​ដល់​សាលារៀន ហើយ​ក្រុមហ៊ុន​នេះ​ក្លាយ​ជា​ក្រុមហ៊ុន​គំរូ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គាត់​បាន​បន្ថែម​ទៀត​ថា “​យើង​កំពុង​បោះ​ជំហាន​ទៅមុខ​បន្តិច​ម្តងៗ​ក្នុង​ការ​អភិវឌ្ឍ​អនាគត​កុមារ​របស់​យើង​តាមរយៈ​កម្មវិធី​អប់រំ​ជាច្រើន​ដែល​បាន​ផ្តល់​ដោយ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​។ ការ​ចូល​រួម​ចំណែក​របស់​ណាហ្គា​វើ​ល នឹង​ជួយ​បណ្ដុះ​អ្នកដឹកនាំ​នា​ពេល​អនាគត​ក្នុងសង្គម​កម្ពុជា​។ ការចូលរួមចំណែក​របស់​ពួកគេ បាន​ជួយ​កុមារ​ក្រីក្រ​ឲ្យ​វិលត្រឡប់​ទៅ​សាលារៀន​វិញ។ ជា​មួយ​ការអប់រំ​កុមារ​ក្រីក្រ​ទាំងនោះ នឹងមាន​ជីវិត​ល្អ​ប្រសើរ​នាពេល​អនាគត។ សកម្មភាព​របស់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស គឺ​ពិតជា​ប្រយោជន៍​ធំធេង​ណាស់​។ យើង​សង្ឃឹមថា ណាហ្គា​វើ​ល​នៅតែ​បន្ត​គាំទ្រ និង​ជួយ​សាលារៀន​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល។ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​”។

លោក ង៉ុ​យ ផាត នាយក​សាលាបឋមសិក្សា​រកា​បាន​មានប្រសាសន៍ថា “​គោលដៅ​របស់​យើង គឺ​ទទួល​សិស្ស​ឲ្យ​ចូលរៀន​កាន់តែច្រើន”។ សិស្ស​មួយ​ចំនួន​មិន​អាច​ចូលរៀន​បាន​ទៀងទាត់ ​ដោយ​សារ​តែ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ ហើយ​សិស្ស​ខ្លះ​បាន​បោះបង់​ការសិក្សា​ ដោយសារតែ​ពួកគេ​ខ្វះ​សម្ភារៈ​សិក្សា​ដើម្បី​រៀន​បន្តទៀត។ យើង​សប្បាយរីករាយ​ណាស់ ពីព្រោះ​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​ជួយ​កុមារ​ឲ្យ​វិលត្រឡប់​ចូល​ថ្នាក់រៀន​របស់​ពួកគេ​វិញ​តាមរយៈ​ការផ្តល់​សម្ភារៈ​សិក្សា​។ ដោយមាន​ការឧបត្ថម្ភ​សម្ភារៈ​សិក្សា​ពី​ណាហ្គា​វើ​ល ចំនួន​សិស្សានុសិស្ស​ចូលរៀន​មានការ​កើន​ឡើង​។ តាំង​នាម​ឲ្យ​សិស្សានុសិស្ស មាតាបិតា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់​ណាហ្គា​វើ​ល​សម្រាប់​ការឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ដែល​កំពុង​ត្រូវការ​សម្ភារៈ​ទាំងនេះ​។ សិស្សានុសិស្ស នឹងមាន​ទឹកចិត្ត ហើយ​ខ្ញុំ​សង្ឃឹមថា ណាហ្គា​វើ​ល​នឹង​បន្ត​ការចូលរួម​ចំណែក​រប​ស់​ពួកគេ​ក្នុង​សហគមន៍​របស់​យើង​ទៀត​”។

រឺ​ម យូ​រ៉េត ជា​សិស្ស​ថ្នាក់​ទី​៦ ដែលមាន​អាយុ​១១​ឆ្នាំ បាន​និយាយថា គ្រួសារ​របស់​នាង​ក្រីក្រ​ណាស់ ហើយ​ម្តាយ​របស់​នាង​បាន​ស្លាប់​ទៀត។ គ្រួសារ​របស់​នាង មិន​អាច​ផ្គត់ផ្គង់​សម្ភារៈ​សិក្សា​សម្រាប់​រូបនាង​បាន​។ នាង​សប្បាយចិត្ត​ណាស់​ដែល​បាន​ទទួល​សៀវភៅ និង​ប៊ិច​ជាច្រើន ខណៈ​ពេលដែល​នាង​កំពុង​ត្រូវការ​វា​ជា​ចាំបាច់។ នាង​បាន​អរគុណ​ណាហ្គា​វើ​ល​សម្រាប់​ការឧបត្ថម្ភ​សម្ភារៈ​សិក្សា​ទាំងនេះ​។ ដោយសារ​តែមាន​ការលើក​ទឹកចិត្ត​ពី​ណាហ្គា​វើ​ល​បេះដូង​សប្បុរស នាង​បាន​ខិតខំ​រៀន​សូត្រ​រហូត​នាង​ទទួល​បាន​ជាប់​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​នៅ​ឆ្នាំនេះ​”​៕

ណាហ្គា​វើ​ល​បេះដូង​សប្បុរស​ ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ និង​កុមារ​កំព្រា​៦៨៨​នាក់​