ឃាត់​ខ្លួន​បុរស​៤​នាក់ ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​​​លើ​យោធា​ម្នាក់

ឃាត់​ខ្លួន​បុរស​៤​នាក់ ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​​​លើ​យោធា​ម្នាក់



ព្រះសីហនុ​ ៖ ​មនុស្ស​ប្រុស​ចំនួន​៤​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ចាប់​ឃាត់​ខ្លួន ​ដោយ​ជាប់​សង្ស័យ​​​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​ ដោយ​ចេតនា​ទៅ​លើ​បុរស​រងគ្រោះ​ម្នាក់​ ជា​យោធា​នៅ​កងពលតូច​ថ្មើរ​ជើង​លេខ​៥១។

ករណី​ឃាតកម្ម​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២២​និង​២០​នាទី​​ ថ្ងៃ​ទី​១០​ ខែ​មីនា ​ឆ្នាំ​២០១៦​ត្រង់​​ចំណុច​លើ​ផ្លូវ​លំ ក្នុង​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ករណី​ឈាន​ដល់​ការ​បង្ក​របួស​ស្នាម​រហូត​ដល់​ស្លាប់​នេះ​ ត្រូវ​គេ​និយាយ​ថា ​ផ្ដើម​ឡើង​ ដោយសារ​កើត​ជម្លោះ​តិចតួច​នៅ​ក្នុង​រោងការ​របស់​កូន​អ្នកស្រុក​នៅ​ក្នុង​ភូមិ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ​ជនរងគ្រោះ​មានឈ្មោះ​មិត្ត វិ​ចិត្ត ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​មុខរបរ យោធា​ កងពលតូច​ថ្មើរ​ជើង​លេខ​៥១​ មុខងារ​ បុគ្គលិក​បញ្ជូន​សារ ឋានន្តរសក្ដិ​ព្រឹន្ទបាលទោ អត្តលេខ​១១១៨៨៨​ មាន​ទីលំនៅ​បច្ចុប្បន្ន ​ក្រុម​ទី​៨ ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ​. ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនរងគ្រោះ​បាន​ស្លាប់​ ក្រោយ​ពេល​​បញ្ជូន​ដល់​មន្ទីរពេទ្យ។ នៅ​លើ​ដង​ខ្លួន​ សព ​សមត្ថកិច្ច​បាន​រក​ឃើញ​ មាន​ស្លាកស្នាម​ពក​លើ​ដើមទ្រូង​ខាងឆ្វេង។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​កន្លែង​កើតហេតុ​ គេ​បាន​រក​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ នឹង​បទល្មើស​ មាន​ដំបង​ជ្រុង ប្រវែង​១៤០​​សង់ទីម៉ែត្រ​ ​ស្បែកជើង​ផ្ទាត់​ពណ៌​ ក្រហម​ចំនួន​​​៣​គូ​​ និង​ស្បែក​ជើង​ម្ខាង​ទៀត​ មាន​មួយ​ចំហៀង​ខាង​ស្ដាំ។ ជន​សង្ស័យ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ទាំង​៤​នាក់​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ឲ្យ​ដឹង​នៅឡើយ​ទេ។ ពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​ ដើម្បី​ស្វែងរក​ជន​ដៃដល់​ និង​ជន​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ៕

ឃាត់​ខ្លួន​បុរស​៤​នាក់ ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​​​លើ​យោធា​ម្នាក់