និស្សិត​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ ជីបម៉ុង​

និស្សិត​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ ជីបម៉ុង​



​ភ្នំពេញ​ ៖ និស្សិត​៤៥​នាក់​ទៀត ​នៃ​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទាំង​ទ្រឹស្ដី ​និង​ការអនុវត្ត​ជាក់ស្ដែង​ជា​លើក​ទី​៣ ​នៅ​រោងចក្រ​បេតុង​លាយ​ស្រេច​ទី​៥​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​២ ក្នុង​គោល​បំណង​ស្វែងយល់​អំពី​សង្វាក់​ផលិតកម្ម​ និង​រៀន​សូត្រ​ដក​ស្រង់​បទពិសោធន៍ នៃ​បេតុង​លាយ​ស្រេច​កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៦។

តំណាង​ក្រុមហ៊ុន​ជីបម៉ុង​បាន​ធ្វើ​បទ​បង្ហាញ​ដល់​ក្រុម​និស្សិត​ឲ្យ​បាន​ដឹង​ថា ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧​ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប​ដែល​មាន​ឈ្មោះ​ល្បី​ខាង​នាំចូល​ និង​ចែកចាយ​សម្ភារៈ​សំណង់​ និង​ផលិតផល​ឧបភោគបរិភោគ។ គោលបំណង​ នៃ​ការ​បង្កើត​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​នេះ​ឡើង​ គឺ​ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ ​និង​ការ​រីកចម្រើន ​នៃ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។ សព្វថ្ងៃ​នេះ​ ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត ​មាន​រោងចក្រ​បេតុង​លាយ​ស្រេច​ចំនួន​៨ បាន​ជួយ​សម្រួល​អតិថិជន​ក្នុង​ការ​ស្ថាបនា​សំណង់​គ្រប់​ប្រភេទ។

ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ ផ្តោត​លើ​គុណភាព ​និង​សេវាកម្ម ហើយ​ប្រើ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ឈានមុខ​គេ​មកពី​ប្រទេស​អ៊ីតាលី ​រួមផ្សំ​នឹង​វត្ថុធាតុដើម​ល្អ​បំផុត​ដូចជា​ ស៊ីម៉ងត៍​អូដ្ឋ​Admixture W R Grace (​មកពី​សហរដ្ឋអាមេរិក​) ដែល​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​វិស្វករ​ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​រាប់សិប​ឆ្នាំ។​

លើស​ពី​នេះ​យើង​បាន​កំណត់​យ៉ាង​ច្បាស់​ថា តម្រូវការ​របស់​អតិថិជន ​និង​បរិមាត្រ​ពិត​ប្រាកដ​នៃ​ផលិតផល គឺជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត។ ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​លើ​គុណភាព សេវាកម្ម​ បរិមាណ​ និង​សុវត្ថិភាព​ការងារ​នៅ​ឆ្នាំ​២០១០​ ជីបម៉ុង​ខន​គ្រី​ត គឺជា​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​ទី​១​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ISO 9001: 2008 ផ្នែក​គ្រប់គ្រង​គុណ​ភាព​កម្រិត​អន្តរជាតិ​មកពី​ប្រទេស​អង់គ្លេស។ ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត ក៏​មាន​សកម្មភាព​ជាច្រើន​ជួយ​សង្គម​ដូចជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​គ្មាន​លទ្ធភាព​ ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​សកលវិទ្យាល័យ​ជាដើម៕