បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦

បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦



សៀមរាប​ ៖ ដើម្បី​ប្រមូល​ចំណូល​ពន្ធ​ឲ្យ​បាន​គ្រប់​តាម​ផែនការ​ច្បាប់ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦ ក៏ដូចជា​សម្រាប់​បណ្តា​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ អគ្គនាយកដ្ឋាន​ពន្ធដារ ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​កែទម្រង់​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល។

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ដែល​បាន​ធ្វើឡើង​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៦ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ បាន​ចំនួន​៣៨៣.៧០៨.៨៧​លាន​រៀល (​គិត​ជា​ដុល្លារ​ប្រមាណ​ជា​៩៥.៩៣​លាន​ដុល្លារ​)។

របាយការណ៍​នោះ​បន្ថែម​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ពីរ​ខែ នៃ​ឆ្នាំ​២០១៦​នេះ ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៨៤៩.៩៣៣.៣៥​លាន​រៀល (​គិត​ជា​ដុល្លារ​ប្រមាណ​២១២.៤៩ លាន​ដុល្លារ​) ស្មើនឹង​១៤.៩៤ % នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦។

លទ្ធផល​ខាងលើនេះ ប្រសិនបើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៥ ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦ កើន​ឡើង​ប្រមាណ​ជា​១៤.៩៤% ហើយ​ក្នុង​រយៈ​ពេល​ដូចគ្នានេះដែរ របាយការណ៍​នោះបាន​កត់សម្គាល់​ឃើញ​ថា មានការ​កើនឡើង​ផងដែរ នូវ​ចំណូល​ពន្ធ​-​អាករ​តាម​ប្រភេទ​ពន្ធ​សំខាន់ៗ​មួយចំនួន​ដូចជា = ពន្ធ​លើប្រាក់ចំណេញ​កើនឡើង​ប្រមាណ​៩.៨% ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ប្រមាណ​១៥.០% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១៤.៩%​ និង​អាករ​ពិសេស​កើន​ឡើង​ប្រមាណ​១៩.៣%។ ចំណែក​ឯ ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏​មាន​ការ​កើនឡើង​ស្ទើរតែ​ទាំងអស់​ផងដែរ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​វាយតម្លៃ​ខ្ពស់​ដល់​គ្រប់​អង្គភាព​ពន្ធដារ ដែល​បាន​ប្រឹងប្រែង​ប្រមូល​ចំណូល​មានការ​កើនឡើង​គួរ​ជាទី​ពេញចិត្ត ព្រម​ជាមួយនឹង​ការផ្តល់​អនុសាសន៍​បន្ថែ​ម ដើម្បី​ជំរុញ​ឲ្យ​ប្រធាន​អង្គភាព​ពន្ធដារ​គ្រប់​លំដាប់​ថ្នាក់ ​និង​មន្ត្រី​ពន្ធដារ​ទាំងអស់ បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ គោរព​វិន័យ​ការងារ។

ជាមួយគ្នានេះ លោក​ក៏បាន​ផ្តល់នូវ​ការណែនាំ​ផងដែរ​ដោយ​សង្កត់ធ្ងន់ថា មន្ត្រី​ពន្ធដារ​មិនត្រូវ​ធ្វើបញ្ជី​គណនេយ្យ និង​កាន់​លិខិត​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នោះឡើយ ហើយ​ត្រូវមាន​ក្រមសីលធម៌​វិជ្ជា​ជីវៈ ជា​មន្ត្រី​ពន្ធដារ​ឲ្យ​បានល្អ​ប្រសើរ ផ្តល់​សេវា​អ្នក​ជាប់​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព គោរព​ច្បាប់ ​និង​បទប្បញ្ញត្តិ​ជា​គោល ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ជាប់ពន្ធ​រីករាយ​ក្នុង​កិច្ចសហការ​បង់ពន្ធ​ជូន​រដ្ឋ និង​ត្រូវ​ពង្រឹង​រដ្ឋបាល​សារពើពន្ធ​ដើម្បី​ឲ្យ​ការ​ប្រមូល​ពន្ធ​ឈាន​ទៅ​សម្រេច​បាន​តាម​ផែនការ​ក្នុង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦៕​

បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦

បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៦