ប៉ូលិស​នៃ​អធិការ​ស្រុក​បុទុមសាគរ​រង​ការ​ចោទ​ថា​ ដោះលែង​ជនល្មើស​ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់

ប៉ូលិស​នៃ​អធិការ​ស្រុក​បុទុមសាគរ​រង​ការ​ចោទ​ថា​ ដោះលែង​ជនល្មើស​ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់



កោះកុង ​៖ ​ក្រុម​មន្ត្រី​ប៉ូលិស​ នៃ​អធិការ​នគរបាល​ស្រុក​បុទុមសាគរ​ ត្រូវ​បាន​ចោទ​ប្រកាន់​ធ្ងន់​ៗ​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុម​គ្រួសារ​ជនរងគ្រោះ​ថា​ បាន​ឃុបឃិត​ដោះលែង​ជនល្មើស ​ដែល​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់​ជា​ថ្នូរ​នឹង​លុយ​កាក់។

ការ​ចោទ​ប្រកាន់​នេះ​​ ធ្វើ​ឡើង​បន្ទាប់ពី​មានការ ​បណ្ដោយ​ឲ្យ​បុរស​ជា​តៃកុង​ឡាន​ម្នាក់ រត់​គេច​ខ្លួន​បាត់ ក្រោយពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​រថយន្ត​ប្រភេទ​ស៊ាំយ៉ុង​កែច្នៃ​ទៅ​បុក​បុរស​ចំណាស់​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា កន្លងទៅ។

បុរស​ឈ្មោះ យ៉​ន ​នៅ​ ដែល​ត្រូវជា​ក្មួយប្រុស​របស់​ជនរងគ្រោះ​បាន​ថ្លែង​ថា រថយន្ត​ម៉ាក​សាំយ៉ុង​កែច្នៃ​១​គ្រឿង ពណ៌​ខៀវ ឆ្នូត​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2c.6924 ដែល​ដឹក​ត្រី​ប្រឡាក់ និង​ខ្យង​ហូល ទិសដៅ​ពី​ស្រុកស្រែ​អំបិល ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង ហើយ​បាន​បុក​ជនរងគ្រោះ​ឈ្មោះ យ៉ិ​ន ឃិន ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ។

លោក​យ៉​ន បន្ត​ថា ​ក្រោយ​រថយន្ត​បង្ក​បាន​បុក​ជនរងគ្រោះ​រួច​ហើយ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​​​រថយន្ត​សាំយ៉ុង​១​គ្រឿង​ផ្សេងទៀត​ ដែល​ជា​រថយន្ត​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ទៅ​កោះ​ស្តេច ហើយក៏​បាន​រេ​ចង្កូត​ធ្លាក់​គ្រលុក​ជាប់​ទៅ​ណា​មិន​រួច។ ពេលនោះ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ក៏បាន​នាំគ្នា​ស្ទាក់​ចាប់​បាន​តៃកុង​រថយន្ត ហើយក៏​បាន​ប្រគល់​ជនសង្ស័យ​ជូន​ទៅ​ខាង​សមត្ថកិច្ច​ចរាចរណ៍។

បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ជនសង្ស័យ​(​តៃកុង​រថយន្ត​)​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ​ដើម្បី​ធ្វើ កំណត់ហេតុ។ ចំណែក​ជនរងគ្រោះ​ត្រូវ​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ តែ​ជនរងគ្រោះ​បាន​ស្លាប់​ ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រឡប់​មកកាន់​អធិការដ្ឋាន​នគរបាល​ដើម្បី ដាក់ពាក្យ​បណ្តឹង ស្រាប់តែ​សមត្ថកិច្ច​ប្រាប់ ថា ជនសង្ស័យ (​អ្នកបើកបរ​រថយន្ត​) បាន​រត់​បាត់​ហើយ​។​

ករណីនេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​ស្រុក​បុ​ទុម​សាគរ រិះគន់​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​សមត្ថកិច្ច ដែល​ពួកគាត់​បាន​នាំគ្នា​និយាយ​តៗ​គ្នា​ថា សមត្ថកិច្ច​ស៊ីលុយ​ពី​ជនសង្ស័យ​ទើប​ជនសង្ស័យ​អាច​រត់​រួច​ព្រោះថា កន្លែង ​សមត្ថកិច្ច​មិន​មែន​ចង់​ចូល​ ចង់​ចេញ​បានសម្រេច​ចិត្ត​នោះ​ទេ ម្យ៉ាងវិញទៀត​អ្នក​ចូល​នោះ​គឺ​ជន​បង្ក​ផង។

ម្យ៉ាង​ក្រោយ​កើតហេតុ​លោក មេឃុំ​កណ្ដាល​បាន​មក​ជួប ​នឹង​គ្រួសារ​លោក​ ហើយ​និយាយ​ជនសង្ស័យ​បាន​ឲ្យ​មក​៤០០ដុល្លារ​ដើម្បី​បញ្ចប់រឿង តែ​លោក​មិន​ព្រម​ទទួល​លុយ​នោះ​ឡើយ​។​

ជុំវិញ​ករណី​ខាងលើ លោក កែវ ស៊ីណា​រ៉ា នាយផ្នែក​ចរាចរណ៍​ជើងគោក​ស្រុក​បុ​ទុម​សាគរ​បាន​ថ្លែង​ថា លោក​មិនអាច​ផ្តល់​បទ​សម្ភាស​អ្វី​បាន​នោះទេ បើ​ចង់ដឹង​រឿង​អី​ទៅ​សួរ​ខាង​អធិការ​ទៅ​។ ចំណែក​ឯ​លោក សុខ ផន អធិការ​ស្រុក​បុទុមសាគរ​បាន​ថ្លែង​ថា ជនសង្ស័យ ឈ្មោះ យិន ណាត ហើយ​សមត្ថកិច្ច​ពិតជា​បាន​នាំខ្លួន ជនសង្ស័យ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បុ​ទុម​សាគរ​ដើម្បី​ធ្វើការ​សាកសួរ​មែន តែ​ពេលនោះ​មិនទាន់​ដឹងថា​ជនរងគ្រោះ​របួសធ្ងន់ ឬ​ស្រាល​កម្រិត​ណា ទើប​ខាង​លោក​មិនទាន់​ហ៊ាន​ឃាត់ខ្លួន​ជនសង្ស័យ។ ម្យ៉ាងវិញទៀត​ដោយសារ​ប្រញាប់​ធ្វើ​របាយការណ៍​ជូន​ទៅខាង​ស្នងការ​ផង ទើប​បណ្តាល​ឲ្យ​ជនរងគ្រោះ​គេច​រួច​បែបនេះ​៕

ប៉ូលិស​នៃ​អធិការ​ស្រុក​បុទុមសាគរ​រង​ការ​ចោទ​ថា​ ដោះលែង​ជនល្មើស​ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់

ប៉ូលិស​នៃ​អធិការ​ស្រុក​បុទុមសាគរ​រង​ការ​ចោទ​ថា​ ដោះលែង​ជនល្មើស​ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់

ប៉ូលិស​នៃ​អធិការ​ស្រុក​បុទុមសាគរ​រង​ការ​ចោទ​ថា​ ដោះលែង​ជនល្មើស​ ដែល​បើក​ឡាន​បុក​មនុស្ស​ស្លាប់