ក្រុម​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​ផ្តល់​ថវិកា​១០​លាន​រៀល ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

ក្រុម​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​ផ្តល់​ថវិកា​១០​លាន​រៀល ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​



ភ្នំពេញ ៖ ក្រុម​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ បាន​ផ្តល់​ថវិកា​ចំនួន​១០​លាន​រៀល តាម​ការ​ផ្តួចផ្តើម​គំនិត​រៃអង្គាស​ថវិកា ជួយឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុងតែ​ខ្វះខាត ដើម្បី​ជួយសង្គ្រោះ​ទៅដល់​អាយុជីវិត​កុមារ​កម្ពុជា។

លោក ឡុង សុផាត ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ បាន​ថ្លែង​នៅក្នុង​ពិធី ប្រគល់​ថវិកា ទៅដល់​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នេះ​ថា តាមរយៈ​ការ បង្កើត​សកម្មភាព​មនុស្សធម៌ ការ​ផ្តួចផ្តើម​គំនិត​រៃ​អង្គាស​ពី​សប្បុរសជន ក្រុម​និយោជក នឹង​បងប្អូន កម្មករ​-​កម្មការិនី នៅ​តាម​បណ្តា​រោងចក្រ​នានា​នោះ គឺ​ក្រុម​សហព័ន្ធ​សហជីព​ទទួល​បាន​នូវ​ថវិកា ចំនួន​១០​លាន​រៀល ដែល​ជា​ថវិកា​កើតឡើង​ពី​ចិត្តសប្បុរស​ធម៌​ពិតៗ​របស់​បងប្អូន​យើង ក្នុង​ការ​ចូលរួម ចំណែក ជួយសង្គ្រោះ​ទៅ​កុមារ​កម្ពុជា ដែល​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​នេះ។

លោក ប្រធាន​សហព័ន្ធ​បាន​លើកឡើង​ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​សហព័ន្ធ​សហជីព​សម្លេង យុវជន​ខ្មែរ បាន​ផ្តូ​ច​ផ្តើម​គំនិត នៅក្នុង​ឆន្ទៈ​ខ្មែរ​ស្រឡាញ់​ខ្មែរ និង​ក្រោម​ទឹកចិត្ត​សណ្ដោស​ប្រណី ដើម្បី ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុជា លោក​បាន​ប្តេជ្ញា​នឹង​ស្វែងរក​ថវិកា តាមរយៈ​នៃ​ការ​រៃអង្គាស​ជា​បន្ត​ទៀត ទោះបីជា​ថវិកា​នោះ បាន​តិច​ឬ​ច្រើន​ក្តី​ក៏​ជាការ​ចូល​រួម​ចំណែក ក្នុង​ទិសដៅ​ជួយ​ទ្រទ្រង់​ដល់​ចលនា មនុស្សធម៌​ក្នុង​សង្គម​កម្ពុជា លើ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងមូល​ផង​ដែរ។

សូម​រំលឹក​ថា គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលដៅ​មនុស្សធម៌ សម្រាប់ ព្យាបាល និង​ផ្ដល់​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ជំនួយ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ស្វី​ស ព្រមទាំង​សប្បុរសជន​ក្នុង និង​ក្រៅ ប្រទេស មន្ទីរពេទ្យ​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ និង​ជា​កន្លែង​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​កុមារ នៅក្នុង​ប្រទេស កម្ពុជា​ជាពិសេស កុមារ​ក្រីក្រ រាប់​សែន​នាក់ ដែល​ឪពុក​ម្តាយ ពួកគេ​ទាំងនោះ​គ្មាន​លទ្ធភាព ក្នុង​ការ ព្យាបាល ជំងឺ៕

ក្រុម​សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ​ផ្តល់​ថវិកា​១០​លាន​រៀល ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​