ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​រួម​ទាំង​វត្ថុ​តាង​មួយចំនួន

ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​រួម​ទាំង​វត្ថុ​តាង​មួយចំនួន



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម  ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​តាមប្រមាញ់​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង នៅក្នុង​ស្រុក​ជាប់​តាម​បណ្តោយ​ព្រំដែន​​កម្ពុជា-ថៃ។

កិច្ចប្រតិបត្តិការ​នេះ​គឺ  សមត្ថកិច្ច​ជំនាញ  នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ បង្ក្រាប  រួម​ទាំង​កម្លាំង​អធិការដ្ឋាន បាន​ចុះទៅ​ចំណុច​ភូមិ​ស្រះ​ទឹក  ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែមីនា  ឆ្នាំ២០១៦  ដោយ​កម្លាំង​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​ពីរ​នាក់  ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង បន្ទាប់ពី​ប្រភព​សម្ងាត់​បាន​ផ្តល់​ឲ្យ។

លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់  នាយការិយាល័យ  បាន​បញ្ជាក់​ថា  ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដែរ  សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​ពីរ​នាក់  ដែល​មាន​ឈ្មោះ ឌិន វាសនា​​ហៅ​៩១  ភេទ​ប្រុស  អាយុ​៥៤​ឆ្នាំ ជា​ម្ចាស់​ថ្នាំញៀន និង​ឈ្មោះ ហ៊ូ ហ៊ី​ន  ហៅ​ឪ​ស្រឯម  ភេទ​ប្រុស  អាយុ​៤៥​ឆ្នាំ  ជា​អ្នករត់ម៉ូតូឌុប អ្នក​ទាំងពីរ​រស់នៅ​ភូមិ​អូរ​ដា​លើ  ឃុំ​បឹងរាំង  ស្រុក​កំរៀង  ដោយបាន​ដកហូត​នូវ​សារធាតុ​ញៀន​មួយចំនួន​ដូចជា​ គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣ កូន​ថង់  ស្មើនឹង​ទម្ងន់​២៧,២៨​ក្រាម​ គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​ពីរ​គ្រាប់​ ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ ជញ្ជីង​សម្រាប់​ថ្លឹង​មួយ​ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​ទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួម​ទាំង​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​កម្លាំង​ជំនាញរៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ហើយ និង​ចាត់វិធានការ​តាមច្បាប់៕

ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​រួម​ទាំង​វត្ថុ​តាង​មួយចំនួន ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​រួម​ទាំង​វត្ថុ​តាង​មួយចំនួន