ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប

ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប



សៀមរាប ៖ នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​ខេត្តសៀមរាប មាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៨ នៃ​ទិវា​វប្បធម៌​ជាតិ​០៣ ខែមីនា ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​លោក​សោម​សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង ​វិចិត្រ​ស​ល្បះ​និង​លោក​ពៅ​ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ដែល​ធ្វើឡើង​នៅ​សាល​មហោស្រព​ស្នាមញញឹម​អង្គរ (​អតីត​អង្គរ​កូ​អ៊ិ​ច ) ខេត្តសៀមរាប ក្រោម​ប្រ​ធាន​បទ​(​យុវជន​ដើម្បី​វប្បធម៌​ជាតិ ) ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី ព្រះសង្ឃ ថ្នាក់ដឹកនាំ​មន្ទីរ គរុ​សិស្ស និស្សិត សិស្សសាលា​សិ​ល្បះ និង ក្រុម​របាំ ប្រមាណ​ជាង ៤០០​នាក់​ដែល​បាន​ចូលរួម។

តាម​សេចក្តី​រាយការណ៍​របស់​លោកស្រី ស៊ុន សុវណ្ណនី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត បាន​គូសបញ្ជាក់​ថា ខេត្តសៀមរាប ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ដ៏​សម្បូរ​បែប វប្បធម៌​រូបី និង អរូបី​ហើយ​មន្ទីរ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​គោលដៅ​សម្រេច​នូវ​ផែនការ គោលនយោបាយ​វប្បធម៌​សំដៅ​ទៅលើ ការ​អភិរក្ស និង អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ទាំង​រូបី និង អរូបី។ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី មាន​ប្រាង្គ​ប្រាសាទ , ទួល​បុរាណ និង​ផ្ទះ  ព្រះវិហារ​បុរាណ  ស្ពាន​បុរាណ រមណីយដ្ឋាន និង អគារ សំណង់​បុរាណ​ផង​ដែរ។ ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​វិញ ស្ថិត​ក្រោម​ការ ថែរក្សា​នូវ​ប្រពៃណី , ទំនៀមទម្លាប់​, របាំ​, ល្ខោន​, យីកេ​, ភាសា​, អក្សរសិល្ប៍ ភ្លេង​ប្រពៃណី​បុរាណ ដោយមាន​ការផ្ទេរ​ចំណេះដឹង ពី​អ្នកមាន​ជំនាញ សម្រាប់​អ្នក​ស្នង​បន្ត (​មរតក​មនុ​ស្សរស់​)  ដើម្បី​ឲ្យ​មាន​សុដុមភាព វប្បធម៌​ជាតិ និង​អរិយធម៌ របស់​ជាតិ និង មាន​អត្ថិភាព​នៅក្នុង​ពិភពលោក​យើង​នេះ។

មានប្រសាសន៍​នោះ​ដែរ​លោក ពៅ ពិសិដ្ឋ ក៏បាន​លើក​ឡើង​ថា ការ​ប្រារឰ​ទិវា​វប្បធម៌​ជាតិ​នេះ​ឡើង  ក្នុង​គោលបំណង​បំផុស​មនសិការ ស្នេហា​ជាតិ​,​ស្មារតី​ស្រឡាញ់​,​សម្បត្ដិ វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ជាតិ ដល់​ប្រជា​ជាតិខ្មែរ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។

លោក​ក៏បាន​គូស​បញ្ជាក់​ថា ខេត្តសៀមរាប​ជា​ខេត្ត​ប្រវត្តិសាស្ត្រ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​នៃ​យើង។ចំពោះ​យុវវ័យ​ខ្មែរ​យើង​ទាំង​ពីរ​ភេទ ដែល​បាន​កំពុង​ឈ្លក់​វង្វេង​ទៅ​នឹង​វប្បធម៌​បរទេស ដែល​បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វប្បធម៌ និង ប្រពៃណី​ជាតិ។ លោក​ពៅ ពិសិដ្ឋ ក៏បាន​បញ្ជាក់​ពី​ខ្លឹមសារ​ប្រធានបទ នៃ​ទិវា​វប្បធម៌​លើក​ទី​១៨​នេះ ក្នុង​គោលបំណង​រំលឹក​ដល់​គុណូបការៈ​របស់​បុព្វបុរស​យើង ដែល​បាន​បន្សល់​នូវ​មរតក​វប្បធម៌ ដ៏​សម្បូរ​បែប ហើយ ព្រឹត្តិការណ៍​វប្បធម៌​ជាតិ​នេះ បាន​រួម​ចំណែក​បំផុស​នូវ​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​វប្បធម៌ សំដៅ​អភិវឌ្ឍន៍ សេដ្ឋកិច្ច ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​សុខដុមរមនា​នៃ​ពហុ​វប្បធម៌​ជាតិ​តាមរយៈ​ការ​ថែរក្សា ក្នុង​ការ​លើ​កម្ពស់​វប្ប​ធម៌ ជាតិ។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក ដាក់​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍន​ឬ​វប្បធម៌​ជាតិ​និង​ត្រូវ​គោរព​ឲ្យ​បាន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ផ្សព្វផ្សាយ តាមរយៈ​មិត្ត​អប់រំ​មិត្ត​ក្នុង​ការ​កាត់បន្ថយ​ការ​គ្រោះថ្នាក់​ចរាចរណ៍​និង ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ជាមួយ​អាជ្ញាធរ​ខេត្ត ក្នុង​ការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​នៃ​យើង​ផងដែរ។

មានប្រសាសន៍​នោះ​ដែរ​លោក សោម សុគន្ធ ក៏បាន​រំលឹក​ឡើង​ផង​ដែរ ពី​ស្មារតី​នៃ​ទិវា​វប្បធម៌​ជាតិ​នេះ នឹង​មាន​អត្ថិភាព​គ្របដណ្ដប់​ទៅលើ​ចិ​ត្ដ គំនិត ឥរិយាបថ និង​សកម្មភាព​អនុវត្ដ​របស់​ប្រជាជន​យើង ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​វិស័យ វប្បធម៌​ជាតិ​នៅក្នុង​គ្រប់ពេលវេលា ទាំង​ក្នុង​បច្ចុប្បន្ន និង​តទៅ​អនាគត​”។ ម្យ៉ាងទៀត​ខេត្តសៀមរាប  គឺជា​ទឹកដី​ដែល​សម្បូរ​ទៅ​ដោយ​សម្បត្ដិ បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង អរូបី ដូចជា​ប្រាង្គ​ប្រាសាទ​,​រមណីយដ្ឋាន និង ទីក្រុង​បុរាណ ,​របាំ​,​ល្ខោន​,​តន្ដ្រី​,​សិល្បៈ សូន​រូប ,​សិប្បកម្ម ,​ម្ហូបអាហារ​,​ប្រពៃណី ទំនៀមទម្លាប់​ជាដើម  ដែល​បុព្វបុរស​ដូនតា​យើង​បាន​បន្សល់ទុក​មក។ បច្ចុប្បន្ន គឺ​សម្បត្ដិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង នេះ​ហើយ​ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ល្បី​រន្ទឺ​សុសសាយ​នៅ​លើ ពិភពលោក​ស័ក្ដិសម​នឹង​“​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។

លោក​រដ្ឋ​លេខាធិកា​រ ក៏បាន​គូស​បញ្ជាក់​ថា សម្បត្ដិ​វប្បធម៌​របស់​យើង​មួយចំនួន​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់ និង បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក មាន​ជាអាទិ៍​ប្រាសាទ​តំបន់​អង្គរ​,​ប្រាសាទព្រះវិហារ ហើយ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ មនុស្សជាតិ​រួមមាន​របាំ​ក្បាច់​បុរាណ​ខ្មែរ ឬ របាំ​ព្រះរាជ​ទ្រព្យ និង​ល្ខោន​ស្រមោល​ស្បែក​ធំ និង ល្បែង​ទាញព្រ័ត្រ។

សម្បត្ដិ បេតិកភណ្ឌ​វប្បធម៌ ទាំងអស់​នេះ បាននឹងកំពុង​ក្លាយទៅជា​ចលករ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​និង បាន​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្សាន្ត ដែលជា​ទិដ្ឋភាព​ដែល​អាច​មើលឃើញ​អំពី ភាព​ប្រទាក់ក្រឡា​គ្នា​រវាង​វិស័យ​វប្បធម៌​,​ទេសចរណ៍​និង​សេដ្ឋកិច្ច​។

លោក​សោម​សុគន្ធ ក៏បាន​លើក​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ដែល​បាន​លើក​ឡើង ក្នុង​ឱ​កាល​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​ខួប​លើក​ទី​១៨​ដោយ​យកចិត្តទុកដាក់​លើ​យុវជន​ដែល​ជា​កម្លាំង​សកម្ម​របស់​សង្គម ដែល​យុវជន​ជា​អ្នក​បន្តវេន និង ធ្វើ​ព្រឹត្តិការណ៍​នានា ក្នុង ការ​ដាស់​រំលឹក ស្មារតី​ស្នេហា​ជាតិ​, ស្នេហា​វប្បធម៌​ជាតិ ឲ្យ​កាន់តែ​មោះមុត ក្នុង​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ បើ​ពុំ​ដូច្នេះ​ទេ កុមារ និង យុវជន​នឹង​ទទួលយក​នូវ​អីៗ​ដែល​ថ្មី ហូរ​ចូល​ពី​ក្រៅ​មកហើយ។ ទោះបី​ធ្វើ​សិល្បៈ​ក្ដី ក៏​ចាំបាច់​ត្រូវ​មាន​ចំណេះដឹង​ទូលំទូលាយ និង​ទាន់សម័យ​ដែរ ទើប​អាច​បម្រើ​ដល់​ប្រយោជន៍​សង្គម និង​ប្រទេសជាតិ​បាន។ ព្រមទាំង​បំផុស ស្មារតី​ប្រជាជន មហាជន និង​យុវជន​ឲ្យ​បង្កើន​ការ​ដឹងគុណ​ចំពោះ បុព្វការី​ជន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សម្បត្ដិ​វប្បធម៌​ដ៏​សម្បូណ៌​បែប​ប្រកបដោយ សក្ដានុពល​ក្នុង​ការ​រួម ចំណែក​អភិវឌ្ឍ​សង្គម និង​បម្រើ​ឲ្យ​ភាព​សុខសាន្ដ​របស់​ប្រជាជន​និង​ប្រជាជាតិ​នៃ​យើង​និង ត្រូវ​ចេះ​ធ្វើការ​ផ្ទេរ​នូវ​ចំណេះដឹង​នៃ​វប្បធម៌​ប្រពៃណី​តាមរយៈ​ក្រុម​គ្រួសារ​និង​សាលារៀន ដែល​ជា​វប្បធម៌​មួយ​មិន​ចេះ​រីងស្ងួត។

ក្នុង​នោះដែរ​គណៈ​អធិបតី​និង​អង្គពិធី​ទាំងមូល​ក៏បាន​ធ្វើការ​ទស្សនា​កម្សាន្ត នូវ​ការ​សម្តែង​របស់​ក្រុម​សិល្បៈ ស្នាមញញឹម​អង្គរ អំពី​ការស្ថាបនា​កសាង​ប្រាសាទអង្គរវត្ត​នៃ​យើង​ផង​ដែរ៕

ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប ទិវា​វប្បធម៌​ជាតិ ៣ ខែមីនា លើក​ទី​១៨​នៅ​ខេត្តសៀមរាប