សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព រដ្ឋសភា​នឹង​លើក​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ខាង​មុខ​នេះ

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព រដ្ឋសភា​នឹង​លើក​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ខាង​មុខ​នេះ



ភ្នំពេញ ​៖ ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​ រដ្ឋសភា​នឹង​លើក​យក​មក​ពិនិត្យ ពិភាក្សា​ និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៥ នា​ថ្ងៃ​ទី​៤ ខែ​មេសា​ខាងមុខនេះ។ នេះ​បើ​តាម​ប្រសាសន៍​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ ​និង​ព័ត៌មាន នៃ​រដ្ឋសភា ​​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ដឹង បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹក​ថ្ងៃទី​១១ ខែ​មីនា​នេះ នៅ​វិមាន​រដ្ឋសភា។

លោក​ឈាង វុន បាន​មានប្រសាសន៍​លើក​ឡើង​ថា ទាក់ទង​នឹង​ច្បាប់​សហជីព​នេះ កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ចក្រី​ប្រធានរដ្ឋសភា​ព្រឹក​មិញ​នេះ បានសម្រេច​អនុម័ត​ដាក់បញ្ចូល ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​របស់​រដ្ឋសភា នៅ​ថ្ងៃទី​៤ ខែមេសា​ខាងមុខ​។ លោក ឈាង វុន បញ្ជាក់ថា តែ​ទោះបីជា​យ៉ាងណា​តាម​គំនិត​របស់​លោក​ច្បាប់​នេះ នៅ​មិនទាន់​ល្អ​មួយ​រយ​ភាគរយ​ឥត​ខ្ចោះ​នោះ​ទេ ព្រោះថា​ច្បាប់​នេះ​នៅ​ស្រុក​បារាំង​គេ​ធ្វើ​ពី​៣០០-៤០០​ឆ្នាំ​មក​ហើយ ក៏​នៅ​មិនទាន់​ល្អឥតខ្ចោះ​ដែរ​ ច្បាប់​សហជីព​នៅ​ស្រុក​បារាំង​គេ​យក​កែ​នៅ​ចុងក្រោយ​នៅ​ឆ្នាំ​២០០៨ ហើយ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​សភា​តែង​មាន​ការកែទម្រង់​ច្បាប់​មួយចំនួន ក្នុងនោះ​ច្បាប់​ពាក់ព័ន្ធ​នឹង​សង្គម មាន​ដូចជា​ច្បាប់​សហជីព ច្បាប់ NGO ជាដើម គឺ​គេ​មិនដែល​ធ្វើ​តែម្តង​ចប់​នោះ​ទេ គឺ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គេ​តែង​កែសម្រួល​ទៅតាម​ការវិវត្តន៍​នៃ​ប្រទេសជាតិ​។ ដូច្នេះហើយ​បានជា​លោក​ថា ច្បាប់​នេះ​នៅ​មិនទាន់​ល្អ​មួយរយ​ភាគរយ​ទេ តែ​វា​ជាការ​ចាំបាច់​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រទេសជាតិ​យើង យើង​ធ្វើឲ្យ​មានច្បាប់​នេះ​សិន វា​ប្រសើរ​ជាង​កន្លងមក ដែល​យើង​មិនទាន់មាន​ច្បាប់​នេះ ហើយ​ទៅ​ដំណាក់កាល​ក្រោយៗ​ចាំ​យើង​កែទម្រង់​ជា​បន្តបន្ទាប់​ទៀត​។ ម្យ៉ាងទៀត​ច្បាប់​នេះ ក្រុមប្រឹក្សា​ចំពោះ​កិច្ចដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ និង​តំណាង​រាជរដ្ឋាភិបាល បាន​ជជែក​គ្នា​រួចមក​ហើយ​ដែរ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ល្ងាច​ម្សិលមិញ​នៅ​វិមាន​រដ្ឋសភា ដែល​កិច្ចប្រជុំ​នេះ​បានការ​ឯកភាព​ចេញពី​ឆន្ទៈ​គណបក្ស​នយោបាយ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ព្រមទាំង​បានការ​ឯកភាព ជាមួយ​សង្គម​ស៊ីវិល និង​ជាមួយ​តំណាង​សហជីព​ផង​ដែរ ក្រោយពី​បាន​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ​រួច។

ទាក់ទង​នឹង​ការ​ពិនិត្យ​លើ​ការ​ជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ថ្មី​មួយ​រូប​ជំនួស ​លោក ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ខាងមុខ លោក ឈាង វុន បាន​បញ្ជាក់​ថា យើង​មិនទាន់​ដឹង​ថា​បេក្ខភាព​រូប​ណាម​ក​ជំនួស​នៅឡើយ​ទេ​ព្រោះ​កំពុង​ចាប់ផ្ដើម។ លោក​បន្តថា ការងារ​នេះ​យើង​បោះឆ្នោត​នៅ​រដ្ឋសភា​ដោយ​ចំពោះ មិនមែន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​តែម្តង​នោះទេ គឺ​គេ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជំនួស​សិន ក្រោយពី​ជ្រើសរើស​បាន​សមាជិក​ក្រុមប្រឹក្សា​ជំនួស​បាន​ហើយ ទើប​គេ​បោះឆ្នោត​ផ្ទៃក្នុង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​គេ ដើម្បី​ជ្រើសរើស​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោយ​ផ្ទាល់​ខ្លួន​គេ។

លោក ញ៉ែម បុញ្ញ​ឬ​ទ្ធិ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ បាន​មានប្រសាសន៍​ដែរ​ថា ពាក់ព័ន្ធ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​យើង​ស្នើសុំ​ថា កុំឲ្យ​ប្រញាប់ប្រញាល់​ដាក់បញ្ចូល​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​ពេក គឺ​រង់ចាំ​ដល់ពេល​ប្រជុំ​ពេញអង្គ​សិន​ដើម្បី​ធ្វើ​កិច្ចប្រជុំ​នោះ​។ លោក​បន្តថា​យើង​មិន​គាំទ្រ​ឲ្យ​បញ្ចូល​ច្បាប់​នេះ​ក្នុង​របៀបវារៈ​សម័យប្រជុំ​ជា​វិសាមញ្ញ​របស់​រដ្ឋសភា​ទេ​។ តែ​ខាង​សភា​មតិ​ភាគច្រើន​បានអនុម័ត​យល់ព្រម​បញ្ចូល​សេចក្តីព្រាងច្បាប់ ស្តីពី​សហជីព​នេះ ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​រដ្ឋសភា​នៅ​ថ្ងៃទី​៤ ខែមេសា ខាង​មុននេះ​។

ទាក់ទង​នឹង​សមាសភាព​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថ្មី​មួយរូប យើង​បាន​ឯកភាព​ឲ្យ​មាន​ការរៀបចំ ហើយ​ឲ្យ​បញ្ជូន​កិច្ចការ​នេះ​ជូន​លោក​អគ្គលេខាធិការ ដើម្បី​រៀបចំ​រក​បេក្ខភាព​ជំនួស​លោក ឯក សំអុល៕

​ ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព រដ្ឋសភា​នឹង​លើក​យក​មក​ពិនិត្យ ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា​ខាង​មុខ​នេះ