ម្នាក់ថា Messi ល្អដាច់គេ ម្នាក់ថា Ronaldo ល្អដាច់គេ និយាយ១ថ្ងៃ មិនត្រូវគ្នា ចាក់សម្លាប់គ្នា យកតែម្តង!

ឥណ្ឌា៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ បន្ទាប់ពីបុរសម្នាក់ ត្រូវបានស្លាប់ដោយសារតែ ជម្លោះមួយដែលថា តើរវាងកំពូលកីឡាករបាល់ទាត់ ទាំង២រូប គឺ Messi និង Cristiano Ronaldo មួយណាល្អដាច់គេ ក្នុងពិភពបាល់ទាត់។

យោងតាមប្រភពព័ត៌មាន BBC ចុះផ្សាយឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Michael Chukwuma អាយុ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា បានចាក់សម្លាប់ជនរួមជាតិ របស់ខ្លួនម្នាក់ ឈ្មោះថា Obina Durumchukwu អាយុ៣៤ឆ្នាំ បន្ទាប់ពីពួកគេទាំង២នាក់នេះ និយាយមិនចុះសម្រុងគ្នា ព្រោះថាមួយជាអ្នកគាំទ្រ កីឡាករ Lionel Messi របស់ក្លឹប FC Barcelona និងមួយទៀតជាអ្នកគាំទ្រ កីឡាករ Cristiano Ronaldo របស់ក្លឹប Real Madrid។

បើតាមការបញ្ជាក់ ពីមន្ត្រីប៉ូលីសបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅក្នុងពិធីជប់លៀងមួយ កាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុននេះ នៅឯតំបន់ជាយក្រុង Mumbai នៃប្រទេសឥណ្ឌា។

ជាមួយគ្នានេះដែរ នាយប៉ូលីសប្រចាំតំបន់ បាននិយាយថា “មុនពេលកើតហេតុ Obina ដែលជាជនរងគ្រោះនិង Michael ជាជនដៃដល់បាន ពិភាក្សាគ្នាអំពី កីឡាករបាល់ទាត់ ដោយម្នាក់លើកឡើងថា Messi គឺល្អជាងគេបំផុត ហើយម្នាក់ទៀតប្រកែក ដោយថា Ronaldo គឺល្អជាងគេបំផុត ក្នុងពិភពបាល់ទាត់។ ក្រោយមកមិនយូរប៉ុន្មាន ជម្លោះហឹង្សា ក៏ផ្ទុះឡើងរវាងពួកគេទាំង២ ដោយ Obina បានយកកែវគប់ចំមុខ ជនដៃដល់បណ្តាល ឲ្យដាច់រលាត់ និងមានស្នាមមុតបន្តិច ហើយភ្លាមៗនោះដែរ Michael ក៏ស្ទុះយក អំបែងកែវដែលបែក នោះទៅវាយប្រហារ ជនរងគ្រោះ ដើម្បីតបតវិញ ជាលទ្ធផលធ្វើឲ្យ Obina ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ ស្លាប់ព្រោះតែ ហូរឈាមច្រើនពេក”។

យ៉ាងណាមិញ ពេលនេះប៉ូលីសក៏បាន ធ្វើការចាប់ខ្លួនជនដៃដល់ រួចរាល់ទៅហើយផងដែរ។ នេះគឺជា ឧទាហរណ៍ថ្មីមួយ សម្រាប់ជម្លោះរវាង អ្នកគាំទ្រ និងអ្នកគាំទ្រ នៅក្នុងពិភពបាល់ទាត់ ហើយវាក៏អាចជា ករណីមួយដែលអាច ឲ្យយើងយកទៅពិចារណា៕

ម្នាក់ថា Messi ល្អដាច់គេ ម្នាក់ថា Ronaldo ល្អដាច់គេ និយាយ១ថ្ងៃ មិនត្រូវគ្នា ចាក់សម្លាប់គ្នា យកតែម្តង!
តារាបាល់ទាត់ដ៏ល្បី Ronaldo និង Messi ដែលមានសន្ទុះអ្នកគាំទ្រ ច្រើនមិនចាញ់ឈ្នះគ្នា នោះឡើយ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត