បន្ទាប់​​​ពី​​​​​​សាក​​​សួរ​​​ស្ត្រី​​​​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​​​​ស្រី​​​កំណាន់​​​​​​លោក សុខា នគរបាល​​​​​​ថា​​​នឹង​​​ពង្រីក​​​ការ​​​ស៊ើប​​​អង្កេត

បន្ទាប់​​​ពី​​​​​​សាក​​​សួរ​​​ស្ត្រី​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​ស្រី​​​​​​ស្នេហ៍​​​​​​​​​របស់​​​លោក  កឹម  សុខា ​​​អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ អស់​​​រយៈ​​​ពេល​​​៤​​​ម៉ោង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នគរបាល​​​ប្រឆាំង​​​ភេរវកម្ម​​​​​​និយាយ​​​ថា ខ្លួន​​​​​​អាច​​​នឹង​​​​​​កោះ​​​ហៅ​​​លោក  សុខា ក្នុង​​​ពេល​​​ដែល​​​នគរ​​​បាល​​​ជំរុញ​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​​​​សំឡេង​​​ខ្សែ​​​អាត់​​​​​​ជា​​​ចំណុច​​​នៃ​​​​​​ពាក្យ​​​បណ្តឹង​​​បរិហារ​​​កេរ្តិ៍។​​​

សំឡេង​​​ខ្សែ​​​អាត់​​​ដែល​​​គេ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ត្រូវ​​​គេ​​​អះ​​​អាង​​​ថា​​​ជា​​​ការ​​​សន្ទនា​​​រវាង​​​លោក សុខា និង​​​ ខឹម ចាន់​​​ដារា​​​ទី​​​ ដែល​​​គេ​​​ស្គាល់​​​ជា​​​ទូទៅ​​​តាម​​​ហ្វេស​​​ប៊ុក​​​ថា ម៉ុន​​​ស្រី ដែល​​​នៅ​​​ក្នុង​​​​​សំឡេង​​​​នោះ អ្នក​​​ទាំង​​​ពីរ​​​​​​​​​ពិភាក្សា​​​គ្នា​​​អំពី​​​ការ​​​មាន​​​ផ្ទៃ​​​ពោះ និង​​​និយាយ​​​សំដៅ​​​លើ​​​ការ​​​រួម​​​សង្វាស។​​​

កញ្ញា ខឹម ចាន់ដារាទី ចាកចេញពីបន្ទប់សាកសួរនៅឯនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត: ស៊ីវ ចាន់ណា/ឌឹ​ ខេមបូឌា ដេលី

កញ្ញា ខឹម ចាន់ដារាទី ចាកចេញពីបន្ទប់សាកសួរនៅឯនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត: ស៊ីវ ចាន់ណា/ឌឹ​ ខេមបូឌា ដេលី

និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មានបន្ទាប់​​​ពី​​​សាក​​​សួរ​​​នៅ​​​​​​ឯ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ កញ្ញា ចាន់​​​ដារា​​​ទី​​​ បាន​​​និយាយ​​​ថា នគរ​​​បាល​​​បាន​​​​​​ចាក់​​​សំឡេង​​​ខ្សែ​​​អាត់​​​ដែល​​​មាន​​​មួយ​​​​ចំនួន​​​​​​បាន​​​បង្ហោះ​​​​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​នាង ហើយ​​​បាន​​​សួរ​​​នាង​​​​​​អំពី​​​ទំនាក់​​​ទំនង​​​​​​ជា​​​មួយ​​​​​​លោក សុខា។

កញ្ញា​​​រូប​​​នេះ​​​បាន​​​និយាយ​​​នៅ​​​ឯ​​​ការិយាល័យ​​​​​​គណៈកម្មា​​​ធិការ​​​​​​ប្រព្រឹត្តិ​​​កម្ម​​​នៃ​​​អង្គការ-សមា​​​គម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​ក្នុង​​​ក្រុង​​​ភ្នំពេញថា “ខ្ញុំ​​​បាន​​​ប្រាប់​​​ប៉ូលិស​​​ថា ខ្ញុំ​​​សូម​​​បដិសេធ​​​ថា​​​មិន​​​មាន​​​ទំនាក់​​​ទំនង​​​ស្នេហា​​​ជាមួយ​​​គាត់​​​ទេ ហើយ​​​​​សំឡេង​​​ខ្សែ​​​អាត់​​​​​​ទាំង​​​នោះ​​​មិន​​​មែន​​​ជា​​​សំឡេង​​​ខ្ញុំ​​​ទេ”។

កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​បន្ថែម​​​ថា នាង​​​​​​បាន​​​និយាយ​​​ជាមួយ​​​លោក សុខា ​​​តែ​​​ម្តង​​​ប៉ុណ្ណោះ​​​​​​​​​​​គឺ​​​​​​នៅ​​​ពេល​​​ដែល​​​​​​គាត់​​​បាន​​​ហៅ​​​ទូរ​​​ស័ព្ទ​​​មក​​​ហាង​​​កាត់​​​សក់​​​ ដែល​​​នៅ​​​ទី​​​នោះ​​​នាង​​​បាន​​​​​​ធ្វើការ​​​ ដោយ​​​សួរ​​​ថា​​​​​​ជាង​​​កាត់​​​សក់​​​ទំនេរ​​​ឬ​​​ទេ។​​​​​​​​​​​​​​​

កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា នគរ​​​បាល​​​ក៏​​​បាន​​​សួរ​​​​​​នាង​​​អំពី​​​​​​​​​កញ្ញា​​​ ធី សុវណ្ណថា សកម្ម​​​ជន​​​ប្រឆាំង​​​រដ្ឋា​​​ភិបាល​​​ដ៏​​​លេច​​​ធ្លោ ដែល​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​បរិហារកេរ្តិ៍​​​ ដែល​​​នាំ​​​ឲ្យ​​​នគរ​​​បាល​​​បើក​​​ការ​​​ស៊ើប​​​អង្កេត​​​លើ​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ។​​​ ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង ស្ត្រី​​​នោះ​​​បាន​​​សួរ​​​បុរស​​​​​​ដែល​​​គេ​​​អះអាង​​​ថា​​​ជា​​​លោក សុខា ទាក់​​​ទង​​​នឹង​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា លោក​​​មាន​​​ស្នេហា​​​ជា​​​មួយ​​​កញ្ញា សុវណ្ណ​​​ថា ដែល​​​លោក​​​បដិសេធ​​​ ដោយ​​​​​​អះអាង​​​ថា​​​សកម្មជន​​​រូប​​​នោះ​​​ពី​​​មុន​​​បាន​​​ប្រើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដើម្បី​​​រក​​​ប្រាក់​​​កាស់។​​​​​​។

កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា “​​​ប៉ូលិស​​​ក៏​​​បាន​​​ចាក់​​​សំឡេង​​​​​​ខ្សែ​​​អាត់​​​​​​ទាក់​​​ទង​​​នឹង​​​ការ​​​ចោទ​​​ថា ខ្ញុំ​​​បរិហារ​​​កេរ្តិ៍កញ្ញា ធី សុវណ្ណ​​​ថា។ បន្ទាប់​​​មក​​​ខ្ញុំ​​​ប្រាប់​​​ប៉ូលិស​​​ថា៖ តើ​​​ខ្ញុំ​​​បរិហារ​​​កេរ្តិ៍​​​នាង​​​យ៉ាង​​​ម៉េចកើត​​​​​​ បើ​​​ខ្ញុំ​​​​​​​​​មិន​​​ស្គាល់​​​ថា ​​​​​​ធី សុវណ្ណថា​​​ ជា​​​នរណា​​​ផង​​​នោះ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ដែល​​​ជួប​​​នាង​​​ដែរ?”

កញ្ញា​​​ ចាន់​​​ដារា​​​ទី ដែល​​​និយាយ​​​ថាគណនី​​​ហ្វេស​​​ប៊ុក​​​​​នាង​​​​​​ត្រូវ​​​គេ​​​លួច​​​ចូល​​​មើល​​​ បាន​​​ស្វែង​​​រក​​​ការ​​​ជួយ​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ដោយសារ​​​តែ​​​នាង​​​ព្រួ​​​យ​​​បារម្ភ​​​អំពី​​​​​​ការ​​​កោះ​​​ហៅ​​​ដោយ​​​នគរ​​​បាល។កញ្ញា​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា នាង​​​បាន​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​នគរ​​​បាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះរឿង​​​​​​នេះ។​​​​​​​​​​​​​​​​​​​​​

កញ្ញា​​​ ចាន់​​​ដារា​​​ទី បាន​​​និយាយ​​​ថា “​​​ខ្ញុំ​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​ប៉ូលិស​​​​​​ជួយ​​​ធានា​​​សន្តិសុខ​​​​​​​​​ខ្ញុំ​​​ ហើយ​​​សុំ​​​ជួយ​​​​​​រក​​​យុត្តិធម៌​​​ឲ្យ​​​ខ្ញុំ ហើយ​​​​​សុំ​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​លួច​​​ចូល​​​​​​គណនី​​​ខ្ញុំ​​​ ហើយ​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក”។

លោក អ៊ី សុខ​​​ឃី ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ភេរវកម្ម និង​​​ឧក្រិដ្ឋកម្ម​​​ឆ្លង​​​ដែន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​សហការ​​​របស់​​​កញ្ញា​​​ ចាន់​​​ដារា​​​ទី ក្នុង​​​ពេល​​​សាក​​​សួរនោះ។

លោក សុខ​​​ឃី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប៉ុន្តែ​​​ ខ្ញុំ​​​សូម​​​រក្សា​​​សិទ្ធិ​​​​​​មិន​​​ឆ្លើយ​​​​​​សំណួរ ពីព្រោះ​​​ការ​​​ស៊ើប​​​អង្កេត​​​កំពុង​​​បន្ត”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា វាអាច​​​ថា​​​នគរ​​​បាល​​​នឹង​​​កោះ​​​ហៅ​​​លោក សុខា ទាក់​​​ទង​​​នឹង​​​សំឡេង​​​ខ្សែ​​​អាត់​​​។​​​

លោក សុខ​​​ឃី បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​គិត​​​ថា យើង​​​ត្រូវ​​​ការ​​​ចម្លើយ​​​ ប្រសិន​​​បើ​​​ចាំបាច់។ យើង​​​នឹង​​​ស្រាវ​​​ជ្រាវ​​​ និង​​​ស៊ើប​​​អង្កេត​​​​​​បញ្ហា​​​ទាំង​​​អស់”។​​​

សួរ​​​ថា​​​ហេតុ​​​អ្វី​​​​​​បាន​​​ជា​​​នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​សំឡេង​​​ខ្សែ​​​អាត់​​​នោះ ឧត្តម​​​សេនីយ៍​​​ឯក សុខឃី បាន​​​មាន​​​ប្រសាសន៍​​​ត្រឹម​​​តែ​​​ថា មាន​​​ការ​​​ចាត់​​​ឲ្យ​​​ធ្វើ​​​ដោយ​​​​​​អគ្គ​​​ស្នងការ​​​នគរ​​​បាល​​​ជាតិ​​​ បន្ទាប់​​​ពី​​​មាន​​​បទបញ្ជា​​​ឲ្យ​​​ស៊ើប​​​អង្កេត​​​ដោយ​​​​​​ព្រះ​​​រាជអាជ្ញា​​​​​​រង​​​​​​​​​​​​តុលាការ​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​មួយ​​​រូប​​​៕​​​

The post បន្ទាប់​​​ពី​​​​​​សាក​​​សួរ​​​ស្ត្រី​​​​​​​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​​​​ស្រី​​​កំណាន់​​​​​​លោក សុខា នគរបាល​​​​​​ថា​​​នឹង​​​ពង្រីក​​​ការ​​​ស៊ើប​​​អង្កេត appeared first on ខេមបូឌា ដេលី.