តុលាការ​បើក​សវនាការ​​ករណី​បងប្អូនស្រី​​ដែល​លក់​​ក្មួយ​ស្រី​​ជា​ទាសករ​ភេទ​

កាលពី​ម្សិលមិញ តុលាការ​ក្រុង​ភ្នំពេញ​​​បាន​បើក​សវនាការ​​ករណី​បង​ប្អូនស្រី​ពីរ​នាក់​​ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​អនុញ្ញាត​ជា​ច្រើន​លើក​​ឲ្យ​បុរស​ម្នាក់​រំលោភ​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់១.០០០​ដុល្លារ​។

ជា ស្រស់ ​និង​ ជា ទីណា នៅ​ពេល​នោះ​មានអាយុ​៣២​ឆ្នាំ និង​២៧​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី៣ ខែ​សីហា បន្ទាប់ពី​ក្មួយស្រី​របស់​អ្នក​ទាំង​ពីរ​​បាន​ប្រាប់​នគរ​បាល​ថា អ្នក​ទាំង​ពីរ​បាន​ដាក់​ច្រវាក់​នាង​​ជាប់​នឹង​ក្ដារ​រនាប​ផ្ទះ​​របស់​អ្នក​ទាំង​ពីរ​ក្នុង​សង្កាត់​ច្រាំងចម្រេះ​១ ខណ្ឌ​ឫស្សីកែវ ហើយ​បាន​​​​ឲ្យ​លោក ឆៃ លី ដែល​នៅ​ពេល​នោះ​មាន​អាយុ​៣៦​ឆ្នាំ រំលោភ​នាង​ជាច្រើន​លើក​​រយៈ​ពេល​ជាង​១ឆ្នាំ។

ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​​ដដែល​នោះ។ ជន​ជាប់​ចោទ​ទាំង​បី​នាក់​បាន​អះអាង​ថា ក្មេងស្រី​នោះ​ “​បាន​ភ្ជាប់​ពាក្យ​” ជាមួយ​លោក​ ឆៃ លី ហើយ​ថា ការ​ដាក់​ច្រវាក់​នាង​គឺ​ចាំបាច់​ ពីព្រោះ​​នាង​ប្រុង​តែ​រត់ចេញពី​ផ្ទះ​។

មុន​ពេល​សវនាការ​​អសាធារណៈ​ លោក កែវ ធា នាយ​ការិយាល័យ​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស និង​​ការ​ពារ​អនីតិជនក្រុង​​ បាន​ប្រាប់​ចៅក្រម​ថា ក្មេងស្រី​នេះ​​ដំបូង​ត្រូវ​បាន​គេ​ចាប់​ទៅ​កន្លែង​មិន​ស្គាល់​មួយ ដើម្បី​រួមរ័ក​តាម​សំណើ​របស់​លោក ឆៃ លី។

លោក​បាន​មាន​ប្រសាសន៍​ថា “​បន្ទាប់​មក លោក ឆៃ លី បាន​ទៅ​​ផ្ទះ​របស់​ ជា ស្រស់ ប៉ុន្តែ​ជន​រងគ្រោះ​រូប​នេះ​មិន​ចង់​រួមរ័ក​ជាមួយ​គាត់​ទេ ហើយ​គាត់​បាន​ស្នើ​ឲ្យ​ ជា ស្រស់ ជួយ​បញ្ចុះ​បញ្ចូល​នាង​”។

សវនាការ​នឹង​បន្ត​នៅ​​ថ្ងៃទី​៤ ខែ​មេសាខាង​មុខ​៕ និត​​

The post តុលាការ​បើក​សវនាការ​​ករណី​បងប្អូនស្រី​​ដែល​លក់​​ក្មួយ​ស្រី​​ជា​ទាសករ​ភេទ​ appeared first on ខេមបូឌា ដេលី.