បុរសគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច នឹងត្រូវដោះលែងចេញពី ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១១ មីនា

ភ្នំពេញ៖ លោក ផង់ សីហា ដែលត្រូវបានតុលាការសម្រេច ឃុំខ្លួនកន្លងមក បន្ទាប់ពីបានសរសេរ និងបង្ហោះរូបភាព តាមបណ្តាញសង្គមហ្វេសប៊ុក  មានខ្លឹមសារប្រមាថអាយុជីវិត លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភា កម្ពុជា បានត្រូវដោះលែងចេញពី ពន្ធនាគារព្រៃស ហើយ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។

លោក ផង់ សីហា អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិព្រៃកន្ទ្រង់ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានចៅក្រម ជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល ១៨ខែ តែអនុវត្តទោសត្រឹម ៦ខែប៉ុណ្ណោះ និង ពិន័យប្រាក់ ១លានរៀល ពីបទគំរាមកំហែងថា នឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។

លោក ផង់ សីហា  ត្រូវបាននគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុរសរូបនេះ បានឆ្លងដែនពីប្រទេសថៃ ចូលក្នុងទឹកដីកម្ពុជាវិញ។ នៅដំណាក់កាល សមត្ថកិច្ច ផង់ សីហា បានសារភាពថា ខ្លួនពិតជាបានបង្ហោះ សារមានរូបភាព គំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច ដោយប្រើតាមទូរស័ព្ទដៃ ប្រាកដមែន។ សមត្ថកិច្ច បានឲ្យដឹងថា ដោយមាន កិច្ចសហប្រតិបត្តិការ ជាមួយនគរបាលថៃ ជនសង្ស័យឈ្មោះ ផង់ សីហា ត្រូវបានបណ្ដេញចេញ ពីប្រទេសថៃ ដោយសារជននេះ បានរស់នៅ និងធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវនគរបាលកម្ពុជា ឃាត់ខ្លួននៅចំណុចព្រំដែន ប៉ោយប៉ែត តែម្ដង៕

បុរសគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច នឹងត្រូវដោះលែងចេញពី ពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១១ មីនា