សម្ដេចតេជោ ផ្ដល់ផ្ទះធ្វើអំពីថ្ម ១ខ្នង និងដីសម្រាប់ដាំបន្លែ ដល់បុរសពិការម្នាក់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦នេះ បានសម្រេចចិត្ត ប្រគល់ផ្ទះ១ខ្នង ធ្វើអំពីថ្ម និងផ្ទៃដីដាំបន្លែ ដើម្បីមានឱកាសបាន កសាងជីវភាពរស់នៅ និងដើម្បីអនាគតល្អ ជាមួយកូនប្រពន្ឋ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ "បានឲ្យដឹងថា កាលពីយប់កន្លងទៅ ខ្ញុំបានអានសារ ដែលក្មួយពិការម្នាក់ តែងតែសរសេរមកខ្ញុំ រៀងរាល់ពេលតាម  Facebook។ សារដែលក្មួយពិការសរសេរមក គឺជាការចូលរួម ក្នុងន័យលើកតម្កើង និងចែករំលែក ក្តីស្រឡាញ់។ ខ្ញុំបានអោយក្រុមការងារ ចុះទៅពិនិត្យស្ថានភាព រស់នៅជាក់ស្តែង គឺឃើញថាក្មួយ ពិការតាំងពីកំណើត រស់នៅជាមួយប្រពន្ឋ និងកូន២នាក់ កូនស្រីអាយុ ១៤ ឆ្នាំ និងកូនប្រុសអាយុ ៤ឆ្នាំ។ ក្មួយប្រុសនៅផ្ទះ មើលកូនតូច១ និងពេលខ្លះឆ្លៀត ទៅសុំទាន និងគូសគំនូរលក់អោយ ភ្ញៀវទេសចរណ៌មុខវាំង រីឯប្រពន្ឋគឺដើរ រើសអេតចាយរកលុយ មកបង់បន្ទប់ជួល១ខែ ២៥ដុល្លារ និងផ្គត់ផ្គង់អាហារ និងការរស់នៅប្រចាំថ្ងៃ។ ក្មួយប្រុស ទោះបីពិការតែរាងកាយ ពិតមែន តែក្មួយខិតខំគ្រប់អស់លទ្ឋភាព ដើម្បីចិញ្ចឹមថែទាំអាយុ ជីវិតខ្លួនឯងផង និងដើម្បីកូន ជាទីស្រឡាញ់ បានចូលរៀនផង "។

សម្ដេចតេជោ បានសរសេរបន្ថែមថា "ដោយសារការព្យាយាម និងតាំងចិត្តរបស់ក្មួយ ខ្ញុំបានសម្រេចផ្តល់ផ្ទះ ធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លា ខេត្តកំពត ដើម្បីក្មួយមានឱកាស បានកសាងជីវភាពរស់នៅ និងដើម្បីអនាគតល្អជាមួយ កូនប្រពន្ឋនៅទីនោះ "។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ជាពិសេសអ្នកដែលមាន ធនធានធូរធារ សូមចូលរួមចែករំលែក ជួយដល់អ្នក ទន់ខ្សោយ ដូចជាជនពិការជាដើម៕

សម្ដេចតេជោ ផ្ដល់ផ្ទះធ្វើអំពីថ្ម ១ខ្នង និងដីសម្រាប់ដាំបន្លែ ដល់បុរសពិការម្នាក់